មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ក្រើនរំលឹកដល់អង្គភាពចំណុះ បង្កើនការយាមល្បាត និងរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ ឲ្យបានម៉ឺងម៉ាត់បំផុត

ខេត្តព្រះវិហារ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានក្រើនរំលឹកដល់គ្រប់ មេបញ្ជាការកងឯកភាពចំណុះសឹករងខេត្តទាំងអស់ ពិសេស អង្គភាពដែលស្ថិតនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងឡាវ ត្រូវបង្កើនការចុះយាមល្បាតឲ្យបានជាប់ជាប្រចាំ ដើម្បីពង្រឹងខឿនក្នុងកិច្ចការងារ ការពារបូរណភាពទឹកដី និងត្រូវរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន ពិសេស បទល្មើសគ្រឿងញៀន ឲ្យបានយ៉ាងសកម្ម និងម៉ឺងម៉ាត់បំផុត ដើម្បីឈានទៅកាត់បន្ថយ និងលុបបំបាត់បទល្មើសឆ្លងដែន ឲ្យមានប្រសិទ្ធភាព ។

ប្រសាសន៍ក្រើនរំលឹក និងការដាក់ចេញ នូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានធ្វើឡើងក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារយោធា ប្រចាំខែកញ្ញា និងដាក់ចេញទិសដៅការងារយោធា ប្រចាំខែតុលាឆ្នាំ២០២២ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានដាក់ចេញ នូវផែនការ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ មេបញ្ជាការគ្រប់កងឯកភាពចំណុះ សឹករងខេត្តព្រះវិហារទាំងអស់ ជាពិសេស អង្គភាពដែលមានមូលដ្ឋាននៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងឡាវ ត្រូវយកចិត្តទុកដាក់បន្តចុះយាមល្បាតនៅតាមព្រំដែន ឲ្យបានជាប់ជាប្រចាំ ដើម្បីពង្រឹងក្នុងកិច្ចការងារការពារបូរណភាពទឹកដី ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ពិសេស បទល្មើសគ្រឿងញៀន ការជួញដូរ ការរត់ពន្ធមនុស្ស និងបទល្មើសនានាជាច្រើនទៀត នៅតាមច្រក ឬ ចំណុចដែលអង្គភាពនីមួយៗ ទទួលខុសត្រូវក្នុងភូមិសាស្ត្ររបស់ខ្លួន។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានដាស់តឿនដល់នាយទាហានទាំងអស់ ឲ្យបង្កើនការទំនាក់ទំនងឲ្យបានល្អ រវាងមិត្តជិតខាង ដែលជាភូមិផងរបងជាមួយគ្នា ហើយគ្រប់បណ្តាកងឯកភាព ត្រូវយកចិត្តទុកដាក់បន្តពង្រឹងលើការងារហ្វឹកហ្វឺន នូវគ្រប់មុខជំនាញ ដូចជា ការងារអប់រំចិត្តសាស្ត្រ អប់រំសតិអារម្មណ៍ ដល់យោធិនក្រោមឱវាទ និងក៏ត្រូវបំផុសចលនាប្រឡងប្រណាំង នៅតាមបណ្តាកងឯកភាព ការងារដាំដុះដំណាំរួមផ្សំ និងការចញ្ចឹមសត្វ សម្រាប់បំពេញបន្ថែម លើគោលរបបប្រចាំថ្ងៃដែលថ្នាក់លើផ្តល់ជូន ការកសាងជុំរុំជំរកស្នាក់នៅឲ្យបានល្អ ត្រូវខិតខំថែទាំសុខភាពខ្លួនឯង បងប្អូន កូន ចៅ នៅក្នុងគ្រួសារ និងត្រូវពង្រឹងស្មារតីសាមគ្គីភាពផ្ទៃក្នុងអង្គភាពឲ្យបានល្អប្រសើរ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានជំរុញដល់បណ្តាអង្គភាពចំណុះសឹករងខេត្តទាំងអស់ ត្រូវពង្រឹងការសហការ ជាមួយអាជ្ញាធរមូលដ្ឋាន ហើយត្រូវក្តាប់ឲ្យជាប់ អំពីបញ្ហាជំនន់ទឹកភ្លៀង នៅតាមបណ្តាស្រុក-ក្រុងនានា ប្រសិនបើមានការលិចលង់ ដើម្បីត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ ក្នុងការចុះជួយសង្គ្រោះ និងជំលៀសប្រជាពលរដ្ឋ មកកាន់ទីទួលសុវត្ថិភាព ឲ្យបានទាន់ពេលវេលា ស្របតាមគោលការណ៍ណែនាំរបស់ កងយោធពលខេមរភូមិន្ទ៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner