ស.ស.យ.ក.ខេត្តកណ្តាល ប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការខេត្ត

ភ្នំពេញ៖ នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល បានរៀបចំពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការខេត្ត និងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការ ឃុំ សង្កាត់ ក្រុង ស្រុក និងខេត្ត ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត។ មានវត្តមានក្នុងអង្គពិធីផងដែរ រួមមាន ឯកឧត្តមអនុប្រធាន ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកអចិន្រ្តៃយ៍ សមាជិកគណៈកម្មាធិការកណ្តាល ថ្នាក់ដឹកនាំ ស.ស.យ.ក. ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ទូទាំងខេត្តកណ្តាល សរុប ១៣១៧ នាក់។

ក្នុងនាមឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម សាយ សំអាល់ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារសម្រេចបានជាបន្តបន្ទាប់របស់ ស.ស.យ.ក. ខេត្តកណ្តាល ក្រោមការដឹកនាំរបស់ឯកឧត្តម គីម រិទ្ធី ក្នុងរយៈកាលកន្លងទៅ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីឯកឧត្តមប្រធានជូនចំពោះសមាជិកសមាជិកាគ្រប់រូបដែលមានវត្តមានក្នុងអង្គពិធីផងដែរ។

ឯកឧត្តម គង់ សោភ័ណ ប្រធាន ស.ស.យ.ក. ខេត្តកណ្តាលទទួលតំណែងថ្មី បានសម្តែងនូវសេចក្តីអំណរគុណចំពោះថ្នាក់ដឹកនាំ ស.ស.យ.ក. ដែលបានផ្តល់ឱកាសដល់ឯកឧត្តមក្នុងការចូលរួមក្នុងកម្លាំងមហាសាមគ្គីនៃសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបន្តស្មារតី ២ធ្នូ នៃបិតាស្ថាបនិករបស់ ស.ស.យ.ក.។

សូមបញ្ជាក់ថា ឯកឧត្តម គង់ សោភ័ណ្ឌ ត្រូវបានតែងតាំងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល ជំនួស ឯកឧត្តម គីម រិទ្ធី ដោយសេចក្តីសម្រេចរបស់គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២៕
ដោយ៖ស.ស.យ.ក.

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner