ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២នឹងជួយឱ្យយុវជនងាយស្រួលក្នុងការត្រៀមខ្លួនចូលទីផ្សារការងារនិងរកការងារដោយផ្ទាល់

ភ្នំពេញ៖ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិងដៃគូរៀបចំពីធី ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២ បានជួយឱ្យយុវជនអាចត្រៀមខ្លួនក៏ដូចជារកទីផ្សារការងារមានភាពងាយស្រួលឡើង ហើយតាមរយៈ ពិព័រណ៍ការងារនេះដែរគេរំពឹងថាយុវជនអាចដាក់ពាក្យរកការងារ និងសម្ភាសផ្ទាល់នៅនឹងកន្លែងពិព័រណ៍ ប្រមាណ ៣ ម៉ឺននាក់ផងដែរ។

ថ្លែងក្នុងពិធីបើក ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២ នាព្រឹកថ្ងៃទី ២៨ខែ តុលា ឆ្នាំ២០២២នេះនាមជ្ឈមណ្ឌល កោះពេជ្រ ឯកឧត្តម ពេជ សោភណ្ឌ រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ចាជីវៈបានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ដ៏ធំនៃ”ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២” ដែលបាន រៀបចំនៅថ្ងៃទី២៨-២៩ ខែ តុលា ឆ្នាំ ២០២២ នេះបានប្រមូលផ្តុំនិយោជកធំៗគ្រប់វិស័យប្រមាណ ១៥០ហើយដែលនឹងបើកឱកាសការងារថ្មីៗថែមទៀតចំនួនជាង ២ម៉ឺនកន្លែង ដើម្បីប្រកាសជ្រើសរើសបេក្ខជនគ្រប់មុខតំណែង ស្របតាមចំណេះ ជំនាញ និងសមត្ថភាព។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា៖ ក្នុងព្រឹត្តិការណ៍នេះមានការចូលរួមពីវិស័យនាំមុខគេជាច្រើនរួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធានារ៉ាប់រង, សេវាកម្មលក់ដុំ និងរាយ, ទេសចរណ៍ និងបដិសណ្ឋារកិច្ច, ម្ហូបអាហារ និងភេសជ្ជៈ, អចលនទ្រព្យ, សេវាកម្ម ព្រមទាំងវិស័យឧស្សាហកម្ម និងកម្មន្តសាល។

ឯកឧត្តមរដ្ឋលេខាធិការបានបានបញ្ជាក់បន្ថែមថាក្នុងព្រឹត្តិការណ៍នេះក៏ត្រូវបានគេ រំពឹងថានឹងមានអ្នកស្វែងរកការងារដែលមានសក្ដានុពលចូលរួមដាក់ពាក្យរកការងារ និងសម្ភាសផ្ទាល់នៅនឹងកន្លែងពិព័រណ៍តែម្តងចំនួនប្រមាណ ៣ ម៉ឺននាក់ ផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងការងារបានលើកឡើងដោយបញ្ជាក់បន្ថែមថា៖ពិព័រណ៍ការងារថ្នាក់ជាតិ គឺជាអន្តរាគមន៍ទីផ្សារការងារដ៏ធំ និងមានលក្ខណៈប្រមូលផ្តុំដែលត្រូវបានរៀបចំឡើងក្នុងមួយឆ្នាំម្តង បន្ថែមទៅលើការផ្តល់សេវាការងារជាប្រចាំថ្ងៃ សំដៅពង្រីកការផ្សព្វផ្សាយ បង្កើនការយល់ដឹង និងការត្រៀមខ្លួនចូលទីផ្សារការងារឱ្យកាន់តែទូលំទូលាយដល់គ្រប់ភាគីពាក់ព័ន្ធ។ ជាពិសេស ព្រឹត្តិការណ៍ ឆ្នាំ២០២២ នេះត្រូវបានរៀបចំឡើងដោយជុំគ្នាផ្ទាល់ជាថ្មីឡើងវិញ បន្ទាប់ពីស្ថានភាពកូវីដ-១៩ បានធូរស្រាល។

គួរបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានក្តីរំពឹងមុតមាំថាពិព័រណ៍ការងារនិងផលិតភាពជាតិនេះអាចចូលរួមចំណែកដោះស្រាយ ភាពគ្មានការងារធ្វើ និងការជ្រើសរើសកម្លាំងពលកម្មតាមតម្រូវការ តាមរយៈវិធានការដូចជា៖-ប្រមូលផ្តុំ និងផ្សព្វផ្សាយព័ត៌មានជ្រើសរើសកម្លាំងពលកម្មជាសាធារណៈយ៉ាងទូលំទូលាយសំដៅបំពេញកង្វះខាតនៃការបញ្ជ្រាបឱកាសការងារល្អៗ និងព័ត៌មានទីផ្សារការងារ ដល់កម្លាំងពលកម្មដែលមានជំនាញ សមត្ថភាព និងបទពិសោធន៍ដែលនិយោជកត្រូវការជ្រើសរើស ។

-រៀបចំឲ្យអ្នកស្វែងរកការងារជួបផ្ទាល់ជាមួយនិយោជក ដើម្បីផ្តល់ឱកាសដល់យុវជនបានដាក់ពាក្យ, បង្កើនជម្រើសការងារដែលចង់បំពេញ, ស្វែងយល់ពីអនាគតនិយោជក, ព្រមទាំងត្រៀមខ្លួនចូលការងារបានកាន់តែល្អប្រសើរ និងប្រកួតប្រជែងទាន់ពេលវេលា ដោយអាចដាក់ពាក្យភ្លាម សម្ភាសការងារភ្លាមៗ ។

-ផ្ដល់ការប្រឹក្សាយោបល់អាជីព ការងារ និងជំនាញ ដែលទីផ្សារកំពុងត្រូវការ ដោយជួបផ្ទាល់រវាងនិយោជក គ្រឹះស្ថានសិក្សា និងកម្លាំងពលកម្មគ្រប់ប្រភេទ នៅនឹងកន្លែងពិព័រណ៍តែម្ដង។

-បង្កើនការផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹង និងបណ្តុះផ្នត់គំនិតអំពីការបង្កើនផលិតភាព ដល់និយោជក និងកម្មករនិយោជិត តាមរយៈសិក្ខាសាលាស្តីពី «ការលើកកម្ពស់កម្លាំងពលកម្មជំនាញ, ឌីជីថលនីយកម្ម និងផលិតភាព» ដែលចែករំលែកចំណេះដឹង បទពិសោធន៍ល្អៗ និងគន្លឹះសំខាន់ៗ ក្នុងការគ្រប់គ្រងការងារ និងខ្សែច្រវ៉ាក់ផលិតកម្ម ដោយវាគ្មិនជាតិ និងអន្តរជាតិល្បីៗ។

-បង្កើនទំនាក់ទំនង និងភាពជាដៃគូក្នុងចំណោមនិយោជក និងស្ថាប័នពាក់ព័ន្ធសំដៅលើកកម្ពស់ដំណើរការទីផ្សារការងារ និងសកម្មភាពធុរកិច្ចឱ្យមានតុល្យភាព និងនិរន្តរភាពកាន់តែប្រសើរ៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner