គណៈរដ្ឋមន្រ្តី សម្រេចអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣

ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីសនៃព្រេះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ បានសម្រេចអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

បើតាមទំព័រហ្វេសប៊ុកឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា «សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣» មានខ្លឹមសារសង្ខេបមានដូចខាងក្រោម៖

-បរិការណ៍នៃការរៀបចំថវិកាឆ្នាំ២០២៣៖ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលសេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញ ក្រោយពីប្រយុទ្ធនឹងការរីករាលនៃជំងឺកូវីដ-១៩ ដោយបានដាក់ចេញនូវយន្តការ ត្រួតពិនិត្យ និងវាយតម្លៃ ច្បាស់លាស់ ដែលធ្វើឱ្យកម្ពុជាទទួលបាននូវវ៉ាក់សាំងទាន់ពេល និងគ្រប់គ្រាន់ក្នុងដំណើរការចាក់វ៉ាក់សាំង ដោយឥតគិតថ្លៃជូនដល់ ប្រជាជនប្រកបដោយជោគជ័យតាម “អភិក្រមផ្ការីក”។

ឆ្នាំ២០២៣ ជាឆ្នាំចុងក្រោយ នៃការអនុវត្តវិធានការអន្តរាគមន៍ ដែលត្រូវបានដាក់ចេញក្នុង “ក្របខ័ណ្ឌ យុទ្ធសាស្រ្ត និងកម្មវិធីស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ ក្នុងគោលបំណងស្ដារ និងពង្រឹងសក្ដានុពលនៃចន្ទល់កំណើនសេដ្ឋកិច្ចឱ្យរស់រវើក និង
ត្រឡប់ទៅគន្លងនៃកំណើនជាសក្ដានុពលប្រកបដោយចីរភាព និងបរិយាបន្ន ក្នុងការចាប់យកនូវកាលានុវត្តភាពថ្មីៗ ដែលកំពុងលេចឡើងស្របនឹងនិន្នាការតំបន់ និងសកល កសាងភាពធន់នៃសង្គម-សេដ្ឋកិច្ច។

ថវិកាឆ្នាំ២០២៣ គឺជាថវិកាវិត្ថារកម្មចំគោលដៅ ដោយផ្តល់អាទិភាពទី១ ដល់ “មនុស្ស” ពិសេសលើសុខភាព ជីវភាព និងសមធម៌ ព្រមជាមួយនឹងអាទិភាពនៃការបន្តជំរុញការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ច ស្របតាម“ក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លង ប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣” ក៏ដូចជាកិច្ចប្រឹងប្រែងសម្រេចឱ្យបានជាអតិបរមា នូវគោលដៅអភិវឌ្ឍន៍ សំខាន់ៗស្របតាមរបៀបវារៈគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលត្រូវបានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណ-ដំណាក់កាលទី៤ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣”។

-ក្របខ័ណ្ឌនៃការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣៖ ក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ចឆ្នាំ២០២៣, សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២២ ត្រូវបានវាយតម្លៃថានឹងបន្តនិន្នាការកើនឡើងធៀបនឹងកំណើននៅឆ្នាំ២០២១ ដោយសម្រេចកំណើនក្នុងអត្រាប្រមាណ៥,៤% ទោះបីជារងផលប៉ះពាល់ពីវិបត្តសង្រ្គាមរុស្សី និងអ៊ុយក្រែនយ៉ាងណាក្តី ដោយសារតែតម្រូវការខាងក្រៅ និងស្របពេលសេដ្ឋកិច្ចក្នុងស្រុកបានវិលត្រឡប់មកប្រក្រតីភាពវិញ ដោយឡែកសម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦%។

ជារួម កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៣នេះ នឹងត្រូវគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗក្នុងនោះរួមមាន៖

  • វិស័យឧស្សាហកម្ម ត្រូវបានព្យាករថានឹងបន្តកើនឡើងក្នុងអត្រា ៩,២% ក្នុងឆ្នាំ២០២៣ ប្រហាក់ប្រហែល ទៅនឹងកំណើនឆ្នាំ២០២២ ក្នុងត្រា ៩,០% ដោយសារការរំពឹងទុកការបន្តកំណើនរឹងមាំ នៃអនុវិស័យ កាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ខណៈដែលអនុវិស័យសំណង់ត្រូវបានព្យាករថានៅបន្តងើបឡើង
    វិញក្នុងអត្រាកំណើនទាបជាងនិន្នាការធម្មតា(មុនវិបត្តិកូវីដ-១៩)។
  • វិស័យសេវាកកម្ម ត្រូវបានព្យាករថានឹងបន្តកើនឡើងក្នុងអត្រា ៦,៦% ក្នុងឆ្នាំ២០២៣ ពីកំណើន ៤,៣% ក្នុងឆ្នាំ២០២២ ដោយសារការបន្តងើបឡើងនូវសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសអនុវិស័យ
    សណ្ឋាគារ និងភោជនីយដ្ឋាន និងវិស័យគាំទ្រទេសចរណ៍ផ្សេងៗទៀត។
  • វិស័យកសិកម្ម ត្រូវបានរំពឹងថានៅបន្តនិន្នាការកើនឡើង ក្នុងអត្រា ១,១% ក្នុងឆ្នាំ២០២៣ ធៀបនឹង០,៧% ក្នុងឆ្នាំ២០២២ ដោយសារការរំពឹងទុកលើការបន្តរក្សាកំណើនល្អប្រសើរនៃអនុវិស័យដំណាំ និងចិញ្ចឹមសត្វ ស្របពេលដែលអនុវិស័យនេសាទ ត្រូវបានរំពឹងថានឹងងើបឡើងវិញ។
    ទោះបីជាសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ ត្រូវបានរំពឹងនឹងបន្តងើបឡើងវិញ ក្នុងអត្រា កំណើន ៥,៤% និង ៦,៦% រៀង យ៉ាងណាក្តី, កម្ពុជាក៏នៅត្រូវបានហ៊ុមព័ទ្ធដោយភាពមិនប្រាកដប្រជាខ្ពស់ ជាពិសេស បញ្ហាប្រឈម និង/ឬហានិភ័យ ដែលបង្កឡើងដោយភាពមិនអំណោយផលនៃកត្តាខាងក្រៅមួយចំនួន ដែលអាចធ្វើឱ្យ កំណើនខាងលើនេះ មិនសម្រេចបានតាមការគ្រោងទុក ក៏ដូចជាបន្ទច់បង្អាក់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ជារួម ក្នុងរយៈពេលមធ្យមខាងមុខដែលក្នុងនោះរួមមាន៖
  • ការបន្តកើនឡើងនូវសម្ពាធអតិផរណា
  • ការរឹតបន្តឹងកាន់តែលឿន និងខ្លាំងជាងមុននូវគោលនយោបាយរូបិយវត្ថុរបស់ប្រទេសអភិវឌ្ឍន៍ ជាពិសេស ការដំឡើងអត្រាការប្រាក់នៃធនាគារកណ្ដាលសហរដ្ឋអាមេរិក
  • ការថមថយកំណើនសេដ្ឋកិច្ចចិន
  • ភាពតានតឹងនៃភូមិសាស្រ្តនយោបាយ ជាពិសេសការអូសបន្លាយសង្រ្គាមនៅអ៊ុយក្រែន និងបញ្ហា
    កោះតៃវ៉ាន់
  • ការបែងចែកប្លុកសេដ្ឋកិច្ច និងប្លុកពាណិជ្ជកម្មរបស់សកលលោក នៅក្នុងសង្រ្គាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា
  • ការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ
    ក្នុងបរិបទនៃការកើនឡើងនូវភាពមិនប្រាកដប្រជានេះ, នឹងបន្តជំរុញអនុវត្ត “ក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធី ស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣” ក្នុងគោលបំណងស្ដារ និងពង្រឹងសក្តានុពលនៃចន្ទល់កំណើនសេដ្ឋកិច្ចឱ្យរស់រវើក និងត្រឡប់ទៅកំណើនជាសក្ដានុពល ប្រកបដោយចីរភាព និងបរិយាបន្ន ចាប់យកឱ្យបាននូវកាលានុវត្តភាពថ្មីៗ ដែលកំពុងលេចឡើង ស្របនឹងនិន្នាការតំបន់ និងសកល និងកសាងភាពធន់នៃសង្គម-សេដ្ឋកិច្ច។

-ក្របខ័ណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈ និងថវិកាឆ្នាំ២០២៣៖ ក្របខ័ណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈ និងថវិកាឆ្នាំ២០២៣ ដែលត្រូវបានរៀបចំដោយឈរលើមូលដ្ឋាននៃក្របគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចដូចបានគូសបញ្ជាក់ខាងលើ ក៏ដូចជាឈរលើ “យុទ្ធសាស្រ្តចតុកោណ-ដំណាក់កាលទី៤ ,ផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ ២០១៩-២០២៣ និងជាពិសេសក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ មានគោលបំណងសំខាន់ៗដូចតទៅ៖

  • បន្តពង្រឹងសន្ដិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ
  • បន្តធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច ក្នុងរយៈពេល
    មធ្យមប្រកបដោយបរិយាន្ន
  • បន្តស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចឱ្យត្រឡប់ទៅរកកំណើនជាសក្ដានុពល តាមរយៈការជំរុញការអនុវត្ត
    ក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣
  • ជំរុញការអភិវឌ្ឍប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម ដើម្បីលើកកម្ពស់សុខុមាលភាពសង្គម និងកសាងភាពធន់នៃសង្គមកម្ពុជា សម្រាប់ត្រៀមឆ្លើយតបទៅនឹងគ្រោះអាសន្ន ដែលអាចកើតមាន
    ជាយថាហេតុ
  • ដំឡើងប្រាក់បៀវត្សជូនមន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រាក់ឧបត្ថម្ភមន្រ្តីនៅ
    រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងកម្រិតសមស្រប ដោយផ្អែកលើសមិទ្ធកម្ម ឬគុណាធិបតេយ្យ ដើម្បីលើកកម្ពស់
    ជីវភាពរស់នៅ ព្រមទាំងពង្រឹងសមត្ថភាពស្ថាប័ន និងគុណភាពនៃការផ្តល់សេវាសាធារណៈ
  • ដំឡើងប្រាក់សោធន និងកាត់បន្ថយគម្លាតនៃប្រាក់សោធនរវាងអ្នកចូលនិវត្តន៍ចាស់ និងថ្មីជូនដល់អតីត
    មន្រ្តីរាជការស៊ីវិល និងអតីតកងកម្លាំងប្រដាប់អាវុធ
  • បន្តជំរុញការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ
    សាធារណៈ កម្មវិធីកែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងកម្មវិធីកែទម្រង់
    ច្បាប់ និងប្រព័ន្ធតុលាការ

-និយ័តភាវូបនីយកម្មនៃកិច្ចប្រតិបត្តិការចំណាយថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២៖ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ មានតម្រូវការចាំបាច់ក្នុងការធ្វើនិយ័តភាវូបនីយកម្ម នៃកិច្ចប្រតិបត្តិការ។ ចំណាយថវិកាបន្ថែមដល់ថវិកាទូទៅរបស់រដ្ឋ ដើម្បីគោលដៅដូចខាងក្រោម៖

  • ផ្តល់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់គាំទ្រក្នុងការបន្តអនុវត្តកម្មវិធីជំនួយសង្គមជួយជនក្រីក្រ និងងាយរងគ្រោះ និងសម្រាប់ការអនុវត្ដកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ (គ្រួសារ
    ដែលមានជីវភាពកៀកនឹងបន្ទាត់នៃភាពក្រីក្រ) ដែលងាយរងផលប៉ះទង្គិចពីសម្ពាធអតិផរណា
  • ហិរញ្ញប្បទានពីអតិរេករបស់រដ្ឋបាលឃុំ សង្កាត់ ដើម្បីប្រើប្រាស់សម្រាប់ហិរញ្ញប្បទានដល់ចំណាយ
    អភិវឌ្ឍន៍មូលដ្ឋាន។

-ការពង្រឹង និងកែលម្អគោលនយោបាយ និងការគ្រប់គ្រងចំណាយ៖ ការបន្តពង្រឹង និងកែលម្អគោលនយោបាយ និងការគ្រប់គ្រងចំណាយ នៅក្នុងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ២០២៣-២០២៥ និងក្របខ័ណ្ឌថវិការយៈពេលមធ្យមឆ្នាំ២០២៣-២០២៥ តាមរយៈការបន្តខិតខំកែលម្អការវិភាជថវិកាឱ្យកាន់តែចំទិសដៅ និងចំតម្រូវការចាំបាច់ជាក់ស្ដែង ព្រមទាំងការបង្កើនការឆ្លើយតបនៃថវិកាទៅនឹងគោលនយោបាយអាទិភាពតាមវិស័យ។ ជាមួយនេះ អាទិភាពក៏នឹងត្រូវបានបន្តផ្តោតលើការលើកកម្ពស់ប្រសិទ្ធភាព នៃប្រតិបត្តិការចំណាយ តាមរយៈការបន្តកាត់បន្ថយនីតិវិធីចំណាយឱ្យកាន់តែលឿន និងឆាប់រហ័ស ហើយថវិកាត្រូវបានទម្លាក់ដល់ដៃអ្នកអនុវត្តការងារផ្ទាល់ព្រមទាំងធ្វើវិចារណកម្មចំណាយ សំដៅបង្កើន “តម្លៃនៃលុយ” ទាំងចំណាយចរន្ត និងចំណាយមូលធន ទាំងចំណាយនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាថា រាល់ចំណាយត្រូវបានធ្វើឡើង ដោយមានតម្លាភាព និងគណនេយ្យភាព ក្នុងថ្លៃសមរម្យ និងគុណភាពសមស្រប ក្នុងបរិមាណដែលត្រូវការចាំបាច់ជាក់ ស្តែង និងទាន់ពេលវេលាដែលត្រូវប្រើប្រាស់។

-សេចក្តីសន្និដ្ឋាន៖ ថវិកាឆ្នាំ២០២៣ ត្រូវបានរៀបចំតម្រង់ទៅអនុវត្តបញ្ចប់សកម្មភាពអាទិភាព នៅសេសសល់របស់ក្រសួង-ស្ថាប័ន ក៏ដូចជារបស់រាជរដ្ឋាភិបាល ជាពិសេសកិច្ចការកែទម្រង់លើគ្រប់វិស័យសំដៅកសាងមូលដ្ឋានគ្រឹះបន្ថែម សមា្រប់ដំណើរឈានឆ្ពោះទៅសម្រេចបាននូវបំណងប្រាថ្នារយៈពេលវែងរបស់ប្រជាជនកម្ពុជាដែលចង់ឱ្យកម្ពុជាក្លាយជាប្រទេសមានមោទកភាពជាតិ មានអនាគតដ៏រុងរឿង ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ ថវិកាឆ្នាំ២០២៣ អាចត្រូវបានសន្និដ្ឋានថា ជាឧបករណ៍ដ៏មានប្រសិទ្ធភាព ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈម និងហានិភ័យ ទាំងក្នុង និងក្រៅប្រទេស សំដៅបន្តការពារអាយុជីវិត លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងស្ដារ និងជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ចកម្ពុជា ទន្ទឹមនឹងការរៀនរស់នៅជាមួយកូវីដ-១៩ តាមកន្លងប្រក្រតីភាពថ្មី ហើយអាចប្រសិទ្ធនាមថា “ថវិកាវិត្ថារកម្មចំគោលដៅ ដោយផ្តល់អាទិភាពទី១ ដល់ “មនុស្ស” ជាពិសេសលើសុខភាព ជីវភាព និងសមធម៌ ព្រមជាមួយនឹងអាទិភាពនៃការបន្តជំរុញការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចស្របតាម “ក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣” ៕ ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner