រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្នើឱ្យភាគីពាក់ព័ន្ធសិក្សាអំពីប្រភេទអង្ករដែលជាតម្រូវការនៅលើទីផ្សារអន្ដរជាតិ ហើយជំរុញការផលិតស្របទៅតាមតម្រូវការទីផ្សារ
ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបប្រជុំពិគ្រោះយោបល់ស្ដីពីការងារផលិតកម្មពូជស្រូវ និងការនាំចេញអង្ករ ជាមួយតំណាងមកពីសហព័ន្ធស្រូវអង្ករកម្ពុជា។
កិច្ចប្រជុំនេះ រៀបចំធ្វើឡើងនៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីមន្ដ្រីជំនាញនៃក្រសួងកសិកម្មពាក់ព័ន្ធនឹងការផលិតពូជស្រូវ ព្រមទាំងប្រធានមន្ទីរកសិកម្មនៅខេត្តពាក់ព័ន្ធ និងសមាជិក សមាជិកា នៃសហព័ន្ធស្រូវអង្ករកម្ពុជា ដឹកនាំដោយលោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអគ្គនាយកនៃក្រុមហ៊ុន Mekong Oryza Trading Co., Ltd កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ។
ក្នុងអង្គប្រជុំក៏បានពិភាក្សាផងដែរអំពីការនាំចេញអង្ករទៅកាន់ទីផ្សារបរទេស ដោយឯកឧត្តម ឌិត ទីណា ស្នើឱ្យភាគីពាក់ព័ន្ធសិក្សាអំពីប្រភេទអង្ករដែលជាតម្រូវការនៅលើទីផ្សារអន្ដរជាតិ ហើយជំរុញការផលិតស្របទៅតាមតម្រូវការទីផ្សារ។ ចំពោះការងារនេះ លោកឧកញ៉ា ហ៊ុន ឡាក់ បានស្នើដល់ឯកឧត្តមរដ្ឋមន្ដ្រី ជួយសម្រួលខ្សែច្រវាក់ផលិតកម្ម ដើម្បីកាត់បន្ថយចំណាយ និងបង្កើនប្រាក់ចំណេញកសិករ ក៏ដូចជាជំរុញការនាំចេញទៅកាន់ទីផ្សារដែលមានសក្ដានុពលថ្មីៗបន្ថែមទៀត។
ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងពីរបៀបវារៈដែលជាអាទិភាពចំពោះមុខ គឺផែនការសកម្មភាពស្ដីពីការជំរុញផលិតកម្ម និងការប្រើប្រាស់ពូជស្រូវដែលមានគុណភាពល្អក្នុងបរិមាណទាប តែផ្ដល់ទិន្និផលស្រូវខ្ពស់ មានអត្រាដំណុះគ្រាប់ក្នុងស្រែខ្ពស់ លឿន មានកម្លាំងខ្លាំង ធន់នឹងជំងឺនិងសត្វល្អិត ដំណាំស្រូវទុំស្រុះគ្នាល្អ និងមានអត្រាលាយគ្រាប់ពូជផ្សេងនិងគ្រាប់ខ្មៅចង្រៃទាប ដែលនឹងរួមចំណែកឱ្យស្រូវអង្ករមានតម្លៃខ្ពស់នៅលើទីផ្សារ។
លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជា បានសម្ដែងការគាំទ្រចំពោះគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមរដ្ឋមន្ដ្រី ក្នុងការផលិតពូជស្រូវសុទ្ធដើម្បីផ្គត់ផ្គង់នៅលើទីផ្សារសម្រាប់កសិករ។ បើតាមលោកឧកញ៉ា ហ៊ុន ឡាក់ ការប្រើប្រាស់ពូជស្រូវសុទ្ធ នឹងអាចធានាបាននូវភាពសុទ្ធនៃគ្រាប់អង្ករសម្រាប់ការដាក់លក់លើទីផ្សារ ទាំងទីផ្សារក្នុងស្រុក និងទីផ្សារបរទេស។
នៅក្នុងផែនការផលិតពូជស្រូវសុទ្ធនេះដែរ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានថ្លែងលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសវិស័យឯកជន ដើម្បីធានាថា ពូជស្រូវសុទ្ធដែលប្រជាកសិករផលិតបាន នឹងមានទីផ្សារទទួលទិញយកទៅដាំដុះបន្ត៕សេឌី