ប្រធានលេខាធិការដ្ឋាននៃប្រព័ន្ធស្បៀងបម្រុងកម្ពុជា ៖ រាជរដ្ឋាភិបាលបានទិញស្រូវពូជបន្ថែម ចំនួន ៥ពាន់តោន សម្រាប់ផ្ដល់ជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ឆ្នាំ២០២២នេះ
ខេត្តបាត់ដំបង ៖ ថ្លែងក្នុងឱកាសចែក និងផ្តល់ពូជស្រូវ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់កន្លងមកក្នុងស្រុកចំនួន០២ របស់ខេត្តបាត់ដំបង កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាននៃប្រព័ន្ធស្បៀងបម្រុងកម្ពុជា(ប.ស.ប.ក)បានអះអាងថា នៅក្នុងឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជាបានទិញស្រូវពូជបន្ថែមចំនួន៥ពាន់តោនបន្ថែមពីលើស្រូវពូជដែលរាជរដ្ឋាភិបានត្រៀមបម្រុងទុកចំនួន២ពាន់តោន និងដើម្បីជាការបង្ការទុកឱ្យបានគ្រប់ចំនួនសម្រាប់ត្រៀមចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់កន្លងមកនេះ ។
ការថ្លែងលើកឡើងបែបនេះក្នុងឱកាសដែលឯកឧត្តមបាននាំយកស្រូវពូជ និងស្បៀងអាហារផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងស្រុកសង្កែ និងស្រុករុក្ខគិរី សរុបប្រមាណជិត ១ពាន់គ្រួសារ ដោយមានវត្តមានរបស់ឯកឧត្តមសុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងតំណាងក្រសួងកសិកម្ម ។
ឯកឧត្តម សុខ លូ អភិបាល បានថ្លែងឱ្យដឹងផងដែរថា៖រហូតមកដល់ពេលនេះផ្ទៃដីដាំដុះដំណាំស្រូវ ដែលទទួលរងផលប៉ះពាល់ និងមានការខូចខាតដោយសារជំនន់ទឹកភ្លៀងកន្លងមកនៅទូទាំងខេត្ត ប្រមាណជាង២ពាន់៤៥១ហិកតា ត្រូវបានធ្វើការស្ដារឡើងវិញ ក្នុងចំណោមផ្ទៃដីប្រមាណជាង ១ម៉ឺនហិកតា ដែលមានលទ្ធភាពនូវក្នុងការស្តារឡើងវិញបាន ។
គួររំលឹកឲ្យដឹងផងដែរថា៖ ជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង កន្លងមកនេះបានបណ្ដាលឱ្យប៉ះពាល់ផ្ទៃដីដាំដុះដំណាំស្រូវនៅទូទាំងខេត្តប្រមាណ ៥ម៉ឺន ៣ពាន់ ហិកតា។ក្នុងនោះផ្ទៃដីដែលខូចខាត ២ម៉ឺន៨ពាន់៥០២ហិកតា ខណៈដែលរហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋប្រមាណ ១ម៉ឺន២ពាន់៤៥៥គ្រួសារហើយ ដែលទទួលបាននូវស្រូវពូជពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការដាំដុះដំណាំស្រូវ ក្នុងការស្ដារឡើងវិញ នៅអំឡុងពេលដែលទឹកថមថយ ស្រកចុះទៅវិញជាបណ្តើរៗ ។
ដោយយោងតាមរបាយការណ៍គណៈកម្មាធិការគ្រោះមហន្តរាយខេត្តបាត់ដំបង គិតត្រឹមខែតុលាឆ្នាំ២០២២នេះ អាជ្ញាធរ នៃ រដ្ឋបាលខេត្តបាត់ដំបង និងជា ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បាននាំយកនិងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋ ទាំង១៤ ក្រុង-ស្រុក កំពុងជួបការលំបាក និងមានជីវភាពខ្វះខាតក្នុងគ្រួសារ និងបញ្ហាប្រឈមដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ និងឧបទ្ទវហេតុផ្សេងៗ នៅក្នុងឆ្នាំ២០២២នេះ មានគ្រួសារ សរុបចំនួន ៣៤ ៣៦០គ្រួសារ៕ .អ៊ុក សំអាន