អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ៖ កម្លាំងសមត្ថកិច្ចប្រមាណជាង១ម៉ឺននាក់ ត្រៀមការពារប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចប្រមាណជាង១ម៉ឺននាក់ មកពី១៤ ស្ថាប័នពាក់ព័ន្ធ រួមទាំងរថយន្តការពារគ្រាប់ និងមានទាំងការពារផ្លូវអាកាស ផ្លូវទឹក ដើម្បីត្រៀមការពារប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ដែលនឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលននឹង ប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានមានប្រសាសន៍ប្រាប់ AMS ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលននឹង ប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺរាជរដ្ឋាភិបាលបានបង្កើតនៅគណៈកម្មការជាតិមួយកាលពីឆ្នាំ២០២១ សម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដោយលោកនោះ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ជាសមាជិកគណៈកម្មការជាតិផង និងជាប្រធានអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបឋម សម្រាប់់បម្រើឲ្យកិច្ចប្រជុំនេះ។ អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបឋម (អនុគណៈកម្មការទី៤) បានរៀបចំផែនការការពារតាំងពីខែមករា ដោយផែនការនេះ បានរៀបចំបែងចែកលម្អិតអំពីគោលដៅដែលត្រូវការពារ មុខសញ្ញាដែលត្រូវការពារ សុទ្ធតែជាគោលដៅ និងមុខសញ្ញាអាទិភាព។ ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ជាទូទៅ និងសន្តិសុខ សណ្តាប់ធ្នាប់តាមដងផ្លូវ នៃប្រតិភូធ្វើដំណើរ រួមទាំងកន្លែងស្នាក់នៅ កន្លែងប្រជុំ កន្លែងទស្សនកិច្ច និងកន្លែងជប់លាង …។ល។ ហើយបែងចែកឲ្យមានមេបញ្ជាការទទួលភារកិច្ចដឹកនាំទទួលខុសត្រូវតាមគោលដៅនីមួយៗ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា ក្នុងការអនុវត្តផែនការនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ដែលជាប្រធានអនុគណៈការទី៤ បានដាក់ចេញនូវផែនការពីរសំខាន់ ទី១. កិច្ចការក្នុងប្រទេស គឺបានរៀបចំចាត់តាំងឲ្យមានការហ្វឹកហាត់ ឲ្យមានការសាកល្បងកម្លាំងដូចជា ការពារក្បួន ការពារផ្ទាល់សម្រាប់ប្រតិភូ ការរៀបចំក្បួនដឹកនាំគណៈប្រតិភូ ការរៀនភាសាសម្រាប់អង្គរក្សការពារផ្ទាល់ និងវិធីសាស្ត្រមួយចំនួនទៀតពាក់ព័ន្ធដល់កិច្ចការពារសម្រាប់កិច្ចប្រជុំនេះ។ ទី២. កិច្ចការក្រៅប្រទេស គឺបានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូរសហការជាច្រើនដូចជា FBI INTERPOL (អ៊ីនធឺប៉ូល) ប៉ូលិសចិន កូរ៉េ សឹង្ហពួរ និងប្រទេសសមាជិកតំបន់អាស៊ាន ដោយទទួលបានកិច្ចសហការគាំទ្រជាច្រើន ដោយនៅក្នុងនោះមានទាំងការផ្តល់បទពិសោធន៍ និងការចាត់គ្រូមកបំប៉នជំនាញអន្តរាគមន៍សម្រាប់កិច្ចការពារកិច្ចប្រជុំ និងព្រឹត្តិការណ៍ធំៗ។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា មានអ្នកខ្លះត្រៀមលក្ខណៈដូចជា FBI ត្រៀមលក្ខណៈផ្តល់ទៅប្រឹក្សាបើសិនជាចាំបាច់។ កន្លងមកនេះ សិង្ហបុរី ចិន វៀតណាម សុទ្ធតែបានមកផ្លាស់ប្តូរបទពិសោធន៍អំពីការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងបានជួយបំប៉នជំនាញប្រតិបត្តិការត្រៀមអន្តរាគមន៍ដោះស្រាយហេតុនេះផងដែរ។ ហើយក៏បានទទួលជំនួយមួយចំនួនពីប្រទេសជប៉ុន ចិន និងវៀតណាម ជំនួយខាងមធ្យោបាយសម្រាប់ដឹកនាំក្បួនប្រតិភូ ឧបករណ៍សម្ភារៈបច្ចេកទេសសម្រាប់ត្រួតពិនិត្យជាតិផ្ទុះ មានទាំងអិចសារ៉េ …។ល។ ហើយមួយទៀត គឺការផ្លាស់ប្តូរព័ត៌មាន តែងតែមានប្រព័ន្ធផ្លាស់ប្តូរព័ត៌មានជាមួយនឹងបណ្តាប្រទេសជាសមាជិកទាំងអស់នៅក្នុងអាស៊ានក៏ដូចជាប្រទេសជាដៃគូ ដើម្បីផ្លាស់ប្តូរព័ត៌មានក្តាប់ឲ្យបាននូវសភាពការណ៍ពាក់ព័ន្ធនឹងភេវរកម្ម ពាក់ព័ន្ធពួកឧក្រិដ្ឋជនអន្តរជាតិជាដើម ដើម្បីមានវិធានការបង្ការទប់ស្កាត់កុំឲ្យមានបញ្ហាប៉ះពាល់ដល់កិច្ចប្រជុំ។

ប្រភពដដែលបញ្ជាក់ទៀតថា “កម្លាំងយើងប្រើប្រាស់ជាង ១ម៉ឺននាក់ ដែលមកពី ១៤ស្ថាប័នពាក់ព័ន្ធ រួមទាំងប្រើមធ្យោបាយមានទាំងរថយន្តការពារគ្រាប់ មានទាំងត្រៀមដល់ឧទ្ធម្ភាគចក្រ ម៉ារីន អូប័រ ដើម្បីការពារ។ រហូតមកដល់ពេលនេះ គឺយើងបានបន្ស៊ីកម្លាំង បានប្រជុំច្រើនលើកហើយពាក់ព័ន្ធនឹងការធ្វើអនុវត្តផែនការ ជាពិសេសបានត្រួតពិនិត្យគោលដៅជាក់ស្តែងតាមគោលដៅនីមួយៗ ដើម្បីវ៉ៃតម្លៃស្ថានភាពនឹងចាត់ចែងកម្លាំងការពារជាក់ស្តែង។ ក្រៅពីនេះ យើងកំពុងតែបានជួបជាបន្តបន្ទាប់ៗជាមួយនឹងក្រុមប្រតិភូសន្តិសុខនាំមុខ (ប្រតិភូធំ) នៃបណ្តាប្រទេសដែលចូលរួម បានន័យថា ជាប្រតិភូសន្តិសុខសម្រាប់ការពារប្រមុខរដ្ឋតែម្តង។ យើងក៏បានធ្វើបទបង្ហាញជូនអង្គទូត ស្ថានទូត និងស្ថានតំណាងប្រចាំប្រទេសកម្ពុជានៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំនួន៤លើកដែរហើយ ដើម្បីយល់ដឹងអំពីរបៀបរបបនៃផែនការការពាររបស់យើង”៕
ដោយ៖ពលជ័យ

ads banner