នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖ មនុស្ស ៤៥នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី០២ ម្សិលមិញ
ភ្នំពេញ ៖ ជនសង្ស័យចំនួន ៤៥នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញនេះ។ នេះបើយោងតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មានឱ្យដឹង នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ថា ក្នុងចំណោម ជនសង្ស័យទាំង ៤៥នាក់នោះ មាន ២០នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ ចំនួន ១៥ករណី និងជនសង្ស័យ ២៥នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន ចំនួន ១៨ករណី។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ រូបនេះ ក៏បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើដល់បងប្អូនប្រជាពលរដ្ឋ។
ជាចុងក្រោយនោះ លោក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕ ដោយ៖ ឆៃហួត និងប៊ុនធី




