សម្តេចតេជោ ហ៊ុន សែន ចែករំលែកនូវការគិតគូរមួយចំនួន ដល់កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ ដើម្បីជាមូលដ្ឋាននៃការអភិវឌ្ឍវិស័យទេសចរណ៍អេកម៉ិក និង CLMV ទាំងពេលបច្ចុប្បន្ន និងអនាគត
ភ្នំពេញ៖ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចែករំលែកនូវការគិតគូរមួយចំនួន ដល់កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ ដើម្បីជាមូលដ្ឋាននៃការអភិវឌ្ឍវិស័យទេសចរណ៍អេកម៉ិក និង CLMV ទាំងពេលបច្ចុប្បន្ន និងអនាគត ។ នេះបើតាមសារលិខិតសម្ដេចតេជោ ហ៊ុន សែន សម្រាប់បើកកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អេកម៉ិក (ACMECS) លើកទី៥ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ CLMV លើកទី៦ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជា ពិតជាមានមោទនភាព ដែលបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអន្តរជាតិធំៗ ជាច្រើន បន្ទាប់ពីការប្រកាសបើកប្រទេសឡើងវិញ ចាប់ពីចុងឆ្នាំ២០២១ មក។ ម្យ៉ាងទៀត ដោយកម្ពុជាមានភាពស៊ាំសហគមន៍ ក្រោមនយោបាយកំណត់យកការចាក់វ៉ាក់សាំងជាគន្លឹះ និងដោយប្រសិទ្ធភាពនៃការអនុវត្តផែនទីចង្អុលផ្លូវស្តីពីការស្ដារនិងលើកស្ទួយទេសចរណ៍កម្ពុជាអំឡុង និងក្រោយវិបត្តិកូវីដ-១៩ ២០២០-២០២៥ ផងនោះ ភ្ញៀវទេសចរអន្តរជាតិកានីតែច្រើនឡើងបានមកទស្សនាកម្ពុជា ស្របពេលដែលភ្ញៀវទេសចរផ្ទៃក្នុងក៏មានចំនួនកើនឡើង គួរឲ្យកត់សម្គាល់ផងដែរ ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអរគុណចំពោះបណ្តាប្រទេសជាមិត្តទាំងអស់ ដែលតែងតែគាំទ្រដល់តួនាទីដ៏ សំខាន់របស់កម្ពុជាក្នុងកិច្ចការងារតំបន់ និងអន្តរជាតិ ជាពិសេស ឆ្នាំ២០២២នេះ ក្នុងភាពជាប្រធានប្តូរវេនអាស៊ាន កម្ពុជាត្រូវសម្របស់ម្រួលរកដំណោះស្រាយចំពោះបញ្ហាប្រឈមទាំងឡាយបង្កឡើងដោយវិបត្តិកូវីដ-១៩, បញ្ហាតំបន់, វិបត្តិនយោបាយនិងសេដ្ឋកិច្ចសកលលោកជាដើម ស្របតាមមូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គា្ន ។
សម្ដេចបន្តថា កិច្ចប្រជុំខាងលើ ពិតជាបានបង្ហាញនូវសាមគ្គីភាពក្នុងតំបន់ ជាពិសេស ជាឱកាសដែលថ្នាក់ដឹកនាំ ទេសចរណ៍អេកម៉ិក និង CLMV ធ្វើការវាយតម្លៃផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ មកលើវិស័យទេសចរណ៍ ដាក់ចុះយុទ្ធសាស្ត្រសមស្របក្នុងការស្ដារឡើងវិញ និងបង្កើនកិច្ចសហប្រតិបត្តិការថែមទៀត។ សម្ដេច សូមវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំកន្លងមករបស់ថ្នាក់ដឹកនាំទេសចរណ៍អេកម៉ិក និង CLMV ដែលតាមរយៈកិច្ចប្រជុំ២ឆ្នាំម្ដង បានជំរុញឲ្យមានកំណើននៃលំហូរទេសចររវាងប្រទេសជាសមាជិក ក៏ដូចជាកិច្ចសហការផ្សព្វផ្សាយទាក់ ទាញទេសចរពីប្រទេសទីបី បានយ៉ាងមានប្រសិទ្ធភាព ក្រោមយុទ្ធនាការ “ប្រទេស ៥ គោលដៅទេសចរណ៍ត មួយ” និង” ប្រទេស ៤ គោលដៅទេសចរណ៍តែមួយ”។
សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ឆ្លងកាត់វិបត្តិកូវីដ-១៩ រយៈពេល ២ឆ្នាំ កន្លងមកនេះ តួនាទីនៃវិស័យទេសចរណ៍ត្រូវបានមើលឃើញកាន់តែចំបាច់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច និងភាពរីកចម្រើនរបស់សង្គមជាតិ ហើយជាពិសេសតួនាទីដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជាតិនិងប្រជាជាតិ សាមគ្គីភាព និងមិត្តភាពន ប្រទេសក្នុងតំបន់។ ក្នុងន័យនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានចែករំលែកនូវការគិតគូរមួយចំនួន ដល់កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ ដើម្បីជាមូលដ្ឋាននៃការអភិវឌ្ឍវិស័យទេសចរណ៍អេកម៉ិក និង CLMV ទាំងពេល បច្ចុប្បន្ន និងអនាគត ដែលមានដូចជា៖
ទី១- អេកម៉ិក និង CLMV គួរបង្កើនកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍផលិតផលថ្មីៗ បំពេញឲ្យគ្នាទៅវិញទៅមក និងផ្ដល់នូវភាពសំបូរបែបដល់ទេសចរ ស្របតាមការប្រែប្រួលនិន្នាកាទេសចរណ៍ ក្រោយវិបត្តិកូវីដ-១៩៣ ក្នុងន័យនេះ ប្រទេសសមាជិក គួរបង្កើនកិច្ចសហការលើការអភិវឌ្ឍទេសចរណ៍ជនបទ ដែលរួមមាន៖ ទេសចរណ៍សហគមន៍, អេកូទេសចរណ៍, ទេសចរណ៍ផ្សងព្រេង, កសិទេសចរណ៍, ទេសចរណ៍សុខុមាលភាព, ទេសចរណ៍ម្ហូបអាហារជាដើម ដែលទាំងនេះ ជាតម្រូវការទេសចរណ៍កំពុងកើនឡើង ហើយចូលរួមដោយផ្ទាល់ដល់ការរីកចម្រើននៅមូលដ្ឋាន។ ទន្ទឹមនឹងនេះ អេកម៉ិក និង CLMV គួរដាក់ចេញនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការជួយ គាំទ្រសហគ្រាសធនតូចបំផុត, តូច និង មធ្យម (MSMEs) ឲ្យក្លាយជាឆ្អឹងខ្នងនៃការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយភាពធន់ និងចីរភាព។
ទី២- ក្នុងបរិបទឌីជីថលូបនីយកម្ម ប្រទេសអេកម៉ិក និង CLMV គួរជំរុញការផ្លាស់ប្ដូរបទពិសោធន៍លើដំណើរការបរិវត្តកម្មឌីជីថលក្នុងវិស័យទេសចរណ៍ ក្នុងនោះគួរដកពិសោធន៍គ្នាទៅវិញទៅមក លើការអនុវត្តកម្មវិធីអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍ ការអភិវឌ្ឍជំនាញឌីជីថល ក៏ដូចជា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការបង្កើនផលិតភាព និងឧត្តមភាពប្រកួតប្រជែង។
ទី៣- អេកម៉ិក និងCLMV គួរគិតគូរជំរុញលំហូរទេសចរផ្ទៃក្នុងតំបន់អាម៉ិក (ACMECS-Intra Traveler) និង លំហូរទេសចរផ្ទៃក្នុងតំបន់ CLMV (CLMV-Intra Traveler) ដោយត្រូវគិតគូរផងដែរ លើការបង្កើនការតភ្ជាប់ផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក បន្ថែមទៀត ព្រមទាំងជំរុញ ទេសចរណ៍បើកបរដោយខ្លួនឯង (Self-Driving Tour)/ សម្រាប់ការទាក់ទាញទេសចរពី ប្រទេសទី៣ ខ្ញុំសូមគាំទ្រឲ្យបន្តផ្សព្វផ្សាយក្រោមយុទ្ធនាការ “ប្រទេសប្រាំ គោលដៅទេសចរណ៍ តែមួយ” និង “ប្រទេសបួន គោលដៅទេសចរណ៍តែមួយ”។
ទី៤- ដើម្បីសម្របសម្រួលការអនុវត្តផែនការសកម្មភាពទេសចរណ៍អេកម៉ិក និង CLMV ដែលបាន ដាក់ចុះ ខ្ញុំសូមគាំទ្រនូវការគិតគូរបង្កើតឲ្យមានយន្តការស្ថាប័នទេសចរណ៍អេកម៉ិក និង CLMV ដែលអាចជាលេខាធិការដ្ឋាន ឬរចនាសម្ព័ន្ធណាមួយ ហើយកម្ពុជាមានសេចក្តីរីករាយក្នុងការ ទទួលធ្វើជាម្ចាស់ផ្ទះ ៕ ដោយ ៖ ស៊ូ វណ្ណលុក


