សិក្ខាសាលាអាស៊ាន ស្តីពីការចែករំលែកក្នុងការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធនសម្រាប់បុគ្គលស្វ័យនិយោជន៍

សៀមរាប៖ សិក្ខាសាលាអាស៊ាន ស្តីពីការចែករំលែកក្នុងការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធនសម្រាប់បុគ្គលស្វ័យនិយោជន៍ សិក្ខាសាលានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្តល់ឱកាសឱ្យមានការចែករំលែកបទពិសោធន៍រវាងបណ្តារដ្ឋសមាជិកអាស៊ាន ដែលអាចរៀនសូត្របានពីគ្នាទៅវិញទៅមក នូវភាពជោគជ័យ បញ្ហាប្រឈម ដំណោះស្រាយ និងបទពិសោធន៍នានា នៃការអនុវត្តរបបសន្តិសុខសង្គមរៀងៗខ្លួន។ ចំពោះកម្ពុជា ការចែករំលែកនេះ គឺជាធាតុចូលបន្ថែមដ៏មានសារៈសំខាន់បំផុត សម្រាប់ការអនុវត្តន៍របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធនក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសម្រាប់បុគ្គលស្វ័យនិយោជន៍ ដើម្បីធានាថាពលរដ្ឋទាំងនោះទទួលបានការងារសមរម្យ សន្តិសុខប្រាក់ចំណូល សមធម៌សង្គម សេចក្តីថ្លៃថ្នូរ និងវឌ្ឍនភាពសង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលកំណត់ថា នឹងមិនទុកនរណាម្នាក់ឱ្យនៅក្រៅសំណាញ់នៃប្រព័ន្ធសន្តិសុខសង្គមឡើយ។

សិក្ខាសាលានេះ មានរយៈពេលពីរថ្ងៃ នៅសណ្ឋាគារ Empress Angkor ខេត្តសៀមរាប រៀបចំដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីថ្លែងបើកអង្គសិក្ខាសាលា ដោយមានការអញ្ជើញចូលរួមពីតំណាងរដ្ឋសមាជិកអាស៊ាន សហព័ន្ធនិយោជកអាស៊ាន ក្រុមប្រឹក្សាសហជីពអាស៊ាន លេខាធិការដ្ឋានអាស៊ាន អង្គការអន្តរជាតិខាងការងារ សមាគមសន្តិសុខសង្គមអាស៊ាន និងតំណាងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង មានប្រសាសន៍ថា៖ ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធសុទ្ធតែបានរួមចំណែកយ៉ាងសំខាន់ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិ នៃប្រទេសនីមួយៗ។ យោងតាមស្ថិតិរបស់អង្គការអន្តរជាតិខាងការងារ សហគ្រាសធុនតូច និងមធ្យម (SMEs) ដែលភាគច្រើនជាសកម្មភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានអត្រាភាគរយច្រើនបំផុតនៅក្នុងបណ្តាប្រទេសទូទាំងពិភពលោក។ ជាក់ស្តែងនៅក្នុងតំបន់អាស៊ាន សហគ្រាសធុនតូច និងមធ្យម មានចំនួនប្រហែល ៩៧% នៃសហគ្រាសសរុបក្នុងតំបន់ និងបានប្រើប្រាស់ប្រមាណ ៦០% នៃកម្លាំងពលកម្មសរុប ដែលនេះបានឆ្លុះបញ្ចាំងឱ្យឃើញថា សហគ្រាសទាំងនេះ គឺជាសសរស្តម្ភដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងជាប្រភពនៃការផ្តល់ការងារដល់កម្លាំងពលកម្មនៃបណ្តារដ្ឋជាសមាជិកអាស៊ាន។

ឯកឧត្តម អ៊ិត សំហេង ក៍បានសម្តែងនូវការអបអរសាទរ និងជម្រាបជូនអង្គពិធីថា “សេចក្តីថ្លែងការណ៍អាស៊ានស្តីពីចល័តភាពរបបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសក៍ក្នុងតំបន់អាស៊ាន” ដែលជាគំនិតផ្តួចផ្តើមរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងអាណត្តិកម្ពុជាជាប្រធានអាស៊ាន ២០២២ ទើបតែទទួលបានការឯកភាពដោយកិច្ចប្រជុំក្រុមប្រឹក្សាសង្គម-វប្បធម៌អាស៊ាន កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ថ្មីៗនេះ ហើយត្រូវបានដាក់ជូនកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ ដើម្បីអនុម័ត និងប្រកាសនៅក្នុងខែវិច្ឆិកា ខាងមុខនេះ។ នេះជាសមិទ្ធិផលដ៏សំខាន់មួយទៀតរបស់អាស៊ាន និងជាការបោះជំហ៊ានដ៏ធំឆ្ពោះទៅកាន់ការធ្វើចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសក៍អាស៊ាន ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍ និងឯកច្ឆន្ទភាពអាស៊ានស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេស្ត៕ ដោយ ស៊ាន សុផាត

ads banner