តាលីបង់ចេញ​បម្រាម ​ឃាត់​​ស្ត្រី​មិន​ឱ្យ​​​ចូល​​សួន​​កម្សាន្ត​​ក្នុង​​ក្រុង​កាប៊ុល​

អាហ្វហ្គានីស្ថាន៖តាលីបង់​ចេញ​ការ​ហាម​ឃាត់​លើ​ស្រ្តី​អាហ្វហ្គានីស្ថាន​​​ មិន​ឱ្យ​​​ចូលរាល់​​សួន​កម្សាន្ត​​​​ក្នុង​ទីក្រុង​កាប៊ុល​កាល​ពី​ថ្ងៃ​ពុធ​០៩ខែ​វិច្ឆិកា​ បន្ទាប់​​ពី​​​ក្រសួង​​ផ្សព្វ​ផ្សាយ​​គុណធម៌​និង​​ការពារ​សីលធម៌​ (MPPVV)​​​របស់​តាលីបង់​​​បាន​អះ​អាង​ដោយ​មិន​លម្អិត​ថា​នឹង​មាន​ការ​រឹត​បន្តឹង​លើ​ស្ត្រី​ចំពោះ​ការ​ចូល​ដើរ​លេង​នៅ​​ក្នុង​សួន​សាធារណៈ​​។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់​ងារ​សារព័ត៌មាន​រ៉យទ័រ​។

រ៉យទ័របាន​​រាយការណ៍​ថា​ គេ​មិន​ច្បាស់​ទេ​ថា​តើ​ការ​រឹត​បន្តឹង​ត្រូវ​បាន​អនុវត្ត​យ៉ាង​ទូលំ​ទូលាយ​ប៉ុណ្ណា​ ​ឬ​ថា​តើ​វា​នឹង​ដូច​យ៉ាង​ណា​ ទៅ​នឹង​ច្បាប់​ពី​មុន​​របស់​ MPVPV ​ដែល​ចែង​​ថា​ ឧទ្យាន​ រួម​ទាំង​កន្លែងទីសាធារណៈ​ផ្សេង​ៗ​​ ត្រូវ​តែ​បែង​ចែក​ដោយ​ភេទ​ ហើយ​ថ្ងៃ​ខ្លះ​នឹង​​ត្រូវ​ឱ្យ​តែ​​ស្ត្រី​​ចូល​។​

​​មន្រ្តី​របស់​តាលីបង់​ មិន​បាន​ចេញ​ការ​ពន្យល់​យ៉ាង​ណា​ទេ​ជុំវិញ​បញ្ហា​នេះ​។ ប៉ុន្តែអ្នក​ព័ត៌មាន​របស់​រ៉យទ័រ​ដែល​ចុះ​ទៅ​ដល់​​កន្លែង​កម្សាន្ត​ផ្សេង​ៗ​ បាន​សង្កេត​ឃើញ​ថា​ ស្រ្តី​​ជា​ច្រើន​ត្រូវ​បាន​​​អ្នក​គ្រប់​គ្រង​កន្លែង​មិន​ឱ្យ​ចូល​ ដោយ​មាន​​ភ្នាក់ងារ​តាលីបង់​​ជា​អ្នក​តាម​ដាន​ស្ថានភាព​។​​

​ចាប់​តាំង​ពី​ចូល​កាន់​កាប់​ប្រទេស​អាហ្វហ្គានីស្ថាន​កាល​ពី​ឆ្នាំ​មុន​ ក្រុម​តាលីបង់​អ៊ីស្លាម​បាន​​ដាក់​ការ​ហាម​ឃាត់​ផ្សេង​ៗ​ទៅ​លើ​ស្រ្តី​ថា​ ពួក​គេ​មិន​គួរ​ចាក​ចេញ​ពី​ផ្ទះ​​ដោយ​គ្មាន​សាច់​ញាតិ​ជា​​បុរស​នៅ​ជាមួយ​ ឬ​ដោយ​​គ្មាន​ពាក្យ​ស្បៃ​រុំ​មុខ​នោះ​ទេ​ បើ​ទោះ​បី​ជា​ស្រ្តី​​មួយ​ចំនួន​​មិន​អើ​ពើ​នឹង​ច្បាប់​ទាំង​នេះ​ ឬ​ក៏​មាន​តួនាទី/ការងារ​​​ក្នុង​​​ការិយាល័យ​រដ្ឋាភិបាល​​ក្ដី​។​ ​

ការ​គោរព​សិទ្ធិ​ស្រ្តី​ និង​សិទ្ធមនុស្សទូទៅ​​ ជា​បញ្ហា​ដ៏​ធំ​​របស់​អាហ្វហ្គានីស្ថាន​ ក្រោម​ការ​គ្រប់​គ្រងរបស់​ពួក​តាលីបង់​បច្ចុប្បន្ន​ ដែល​ចង់​ឱ្យ​ពិភព​លោក​ទទួល​ស្គាល់​រដ្ឋាភិបាល​របស់​ខ្លួន​។ យ៉ាង​ណា​មិញ​ រដ្ឋាភិបាល​​បស្ចិម​លោក​ បាន​​លើក​ឡើង​ថា​ ក្រុម​តាលីបង់​ចាំ​បាច់​​​ត្រូវ​ផ្លាស់​ប្តូរ​ទិស​ដៅ​របស់​ខ្លួន​លើ​សិទ្ធិ​ស្ត្រី ​​ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការ​ឆ្ពោះ​ទៅ​រក​ការ​ទទួល​ស្គាល់​ស្រប​តាម​ច្បាប់​របស់​ពិភព​លោក​។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី  ក្រុម​តាលីបង់​ ដែល​កំពុង​ដឹក​នាំ​ប្រទេស​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់​ធ្ងរ​​មួយ​នេះ​ នៅ​តែ​ទទូច​ថា​ ​​​ពួក​​​គេ​​គោរព​​សិទ្ធិ​​ស្ត្រី​​ស្រប​​តាម​​ការ​​បក​ស្រាយ​​ច្បាប់​​អ៊ិស្លាម​របស់​ខ្លួន​៕

ដោយ៖ហួន ឌីណា ប្រភព​៖ Women stopped from entering amusement parks in Afghan capital

ads banner