សមាគមអ្នកនិពន្ធរៀបចំបោះពុម្ពផ្សាយ សៀវភៅ “រីម គីន ប្រវត្តិនិងស្នាដៃ” ដើម្បីរម្លឹកខួប ១១១ឆ្នាំ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ សមាគមអ្នកនិពន្ធខ្មែររៀបចំបោះពុម្ពសៀវភៅ “រីម គីន ប្រវត្តិនិងស្នាដៃ” ដើម្បីរម្លឹកខួប ១១១ឆ្នាំជូនចំពោះលោក ដែលលោកបានខិតខំបង្កើតស្នាដៃជាច្រើនក្នុងវិស័យនិពន្ធនៅកម្ពុជា។ ទាក់ទិននឹងការបោះពុម្ពផ្សាយស្នាដៃនេះ បណ្ឌិត ឡឹក ជំនោរ អនុប្រធានសមាគមអ្នកនិពន្ធខ្មែរបានប្រាប់ឱ្យដឹងថា “គឺជាការរម្លឹក និងចងក្រងឯកសារទុកក្នុងនាមសមាគមអ្នកនិពន្ធ។ កិច្ចការនេះទទួលខុសត្រូវដោយកណៈកម្មការស្រាវជ្រាវ បិនិត្យស្នាដៃ បកប្រែ និងបោះពុម្ពផ្សាយ”។

ក្រៅពីបោះពុម្ពផ្សាយសៀវភៅនេះ សមាគអ្នកនិពន្ធខ្មែរនឹងបន្តបោះពុម្ពសៀវភៅផ្សេងៗទៀតដែលជាស្នាដៃរបស់អតីតប្រធានសមាគមអ្នកនិពន្ធខ្មែរ ជាសមាជិកអ្នកនិពន្ធ។ ថ្លែងប្រាប់ពីការរៀបចំបោះពុម្ពផ្សាយនេះ បណ្ឌិត អនុប្រធានសមាគមអ្នកនិពន្ធខ្មែរមានប្រសាសន៍ថា “គណៈកម្មការស្រាវជ្រាវ កំពុងស្រាវជ្រាវរៀបរៀងបោះពុម្ពប្រវត្តិនិងស្នាដៃរបស់អតីតប្រធានសមាគមឡើងវិញទាំងអស់ដោយផ្ដើមចេញពីលោក រីម គីន ដែលកន្លងមកសមាគមបានទទួលស្នាដៃរបស់លោករីម គីន ទាំងអស់ពីកូនស្រីរបស់លោកមកបោះឡើងវិញ”។ លោកបានបន្ថែមថា “ការផ្ដួចផ្ដើមបង្កើតនិងបោះពុម្ពសៀវភៅប្រលោមលោកខ្មែរមុនគេ ។ ដូចនេះក្នុងនាមសមាគមអ្នកនិពន្ធមានភារកិច្ចបន្តការផ្ដួចផ្ដើមនេះ ដោយបន្តសកម្មភាពពីអតីតគណៈកម្មការបោះពុម្ពផ្សាយរបស់សមាគមអ្នកនិពន្តបន្តពីអ្នកនិពន្ធចាស់ ដែលនៅរស់រានមានជីវិត ២រូប គឺ លោកគ្រូ ស៊ូ ចំរើន និងវីរសិល្បករ អ៊ុត រឿន” ។

កិច្ចការស្រាវជ្រាវរៀបរៀងបោះពុម្ពប្រវត្តិនិងស្នាដៃរបស់អតីតប្រធានសមាគមឡើងវិញដឹកនាំដោយបណ្ឌិត ឡឹក ជំនោរ ជាប្រធានគណៈកម្មការស្រាវជ្រាវ ពិនិត្យស្នាដៃ បកប្រែនិងបោះពុម្ពផ្សាយ។

យោងតាមទំព័រហ្វេសប៊ុក (Page) ផ្លូវការរបស់សមាគមអ្នកនិពន្ធខ្មែរបានបង្ហាញថា លោក រីម គីន ជាអ្នកនិពន្ធដ៏ល្បីល្បាញមួយរូបក្នុងសម័យអក្សរសាស្ត្រសម័យទំនើបនៃសតវត្សទី២០។ មានស្រុកកំណើតនៅក្រុងភ្នំពេញ ក្នុងសង្កាត់លេខ៤។ លោកកើតនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩១១ បិតានាម គីម មាតានាម រសា ដែលជាគ្រួសារសាមញ្ញមួយ ដោយបិតាលោកធ្វើជាភ្នាក់ងារត្រួតត្រាការក្នុងក្រុមសាធារណការ ដែលមាននាទីដើរត្រួតត្រាមើលការងារកម្មករធ្វើផ្លូវពីស្រុកមួយទៅស្រុកមួយពីកន្លែងមួយទៅកន្លែងមួយ ពុំសូវទៀងទាត់ទីកន្លែងឡើយ។ ដោយសារលោកឪពុកលោកមានភារៈនាំគ្រួសារទៅប្រកបមុខងារនៅតាមស្រុកភូមិជាច្រើនដូច្នេះហើយ បានជាពីកុមារអ្នកនិពន្ធ រីម គីនបានជួបប្រសព្វនឹងជីវភាពអ្នកស្រុកស្រែចំការជាច្រើនកនែ្លង។
ក្នុងវ័យកុមារ លោកបានរៀនអក្សរខ្មែរក្នុងសំណាក់ព្រះភិក្ខុមួយអង្គព្រះនាមអាចារ្យ សាំង ដែលត្រូវជាបងជីដូនមួយញាតិខាងម្តាយ គង់នៅវត្តស្វាយដង្គុំ សង្កាត់លេខ ៣ ក្រុងភ្នំពេញ។ ក្រោយដែលលោកប្រឡងសញ្ញាប័ត្រមធ្យមសិក្សាហើយ ហើយបានចូលបំពេញវិជ្ជាគរុកោសល្យទៀត លោកចេញទៅធ្វើជាគ្រូបង្រៀនដែលកាលនោះ រាជការចាត់តាំងលោកទៅបង្រៀននៅឯខេត្តបាត់ដំបង។ នៅពេលនោះហើយដែលអ្នកនិពន្ធ រីម គីន បានឈានចូលស៊ប់ក្នុងជីវភាព ព្រមជាមួយការដុះដាលឡើងនូវចិត្តស្នេហាដែលជាធាតុដើមនាំឱ្យមានការផ្ដួចផ្ដើមគំនិតរបស់លោកក្នុងកិច្ចនិពន្ធរឿងរ៉ាវ។
មួយឆ្នាំតមក នៅក្នុងគ.ស.១៩៣៥ លោកបានផ្លាស់ត្រឡប់មកធ្វើការនៅក្រុងភ្នំពេញវិញ ដោយទទួលមុខងារជាអនុរក្សនៅអនុវិទ្យាល័យព្រះស៊ីសុវត្ថិ(Collége Preah Sisowath)និងបានរៀបអាពាហ៍ពិពាហ៍ជាមួយកញ្ញា ស្រ៊ិន ស៊ិន ហៅ ស្រ៊ិន ស៊ីមន ដែលជាកូនស្រីរបស់លោកចៅក្រម យិត ស្រ៊ិន។
ដល់មក គ.ស.១៩៣៩ លោកបានទៅបង្រៀននៅសាលាបឋមសិក្សាចាក់អង្រែ(ក្រោយមកប្ដូរជាសាលាចៅពញាហុក) ហើយក្រោយមក លោកបង្រៀននៅសាលាឧបសម្ព័ន្ធគរុវិជ្ជា(Annexe Normale)ដែលក្រោយនោះ លោកបានប្រឡងជាប់ជាគ្រូបង្រៀន(Instituteur)ពេញយស ដោយរាជការបានតម្រូវឱ្យលោកបង្រៀននៅសាលាមធ្យមសិក្សា គឺនៅ«សាលាគរុវិជ្ជា / École Normale» តាំងពីគ.ស.១៩៤៧មក ក្នុងឋានៈជាសាស្ដ្រាចារ្យខាងភាសាជាតិរហូតដល់ពេលសាលានេះ បានប្រែក្លាយជាវិជ្ជាស្ថានជាតិគរុកោសល្យ(INP)។
ក្រៅពីការបង្រៀនសាលារាជការ លោក រីម គីន ឆ្លៀតពេលទៅបង្រៀននៅសាលាឯកជនខ្លះទៀតដើម្បីជួយបំប៉នវិជ្ជាភាសាជាតិឱ្យជ្រួតជ្រាបដល់យុវសិស្សខ្មែរទូទៅ។ ពេលទំនេរបន្តិចបន្តួចក្រៅពីពេលកែវិញ្ញាសារបស់សិស្ស លោកឆ្លៀតសរសេររឿងជាពាក្យរាយ សរសេរកាព្យ សរសេរសៀវភៅសម្រាប់សិស្សរៀននិងប្រែរឿងខ្លះដែលល្អៗពីភាសាបរទេស។ នៅគ.ស.១៩៥៥ ពេលដែលអ្នកនិពន្ធខ្មែរបានរួបរួមគ្នាបង្កើតសមាគមអ្នកនិពន្ធខ្មែរ (Association des Écrivains Khmers, AEK) ឡើង លោក រីម គីន បានទទួលការទុកចិត្តពីអ្នកនិពន្ធទាំងអស់តែងតាំង លោកធ្វើជាប្រធានសមាគមនេះអស់រយៈពីរឆ្នាំ។ លុះមកដល់ខែតុលា គ.ស.១៩៥៨ លោកមានរោគឈឺក្នុងក្បាលមកញាំញីលោក អស់ពេលជាង៣ខែជំងឺនេះពុំព្រមស្រាកស្រាន្តសោះទោះបីគ្រួសារលោកខិតខំថែទាំប្រកបឱសថយ៉ាងណាក៏ដោយ។ ដល់មកថ្ងៃអង្គារទី២៧ ខែមករា គ.ស.១៩៥៩ មច្ចុរាជក៏ប្រហារផ្តាច់ផ្ដិលយកជីវិតលោកទៅក្នុងពេលរៀបអធ្រាត្រម៉ោង១១ បណ្តាលឱ្យមានការសោកស្តាយនៃក្រុមគ្រួសារនិងសហសេវិកជាអ្នកនិពន្ធទាំងអស់ រួមទាំងបណ្ដាជនទូទៅដែលជាអ្នកស្នេហាអក្សរសាស្ត្រផង។

ពិធីបុណ្យឈាបនកិច្ចនសពនេះ បានរៀបចំឡើងយ៉ាងឧឡារិក កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៥៩ នៅឈាបនដ្ឋាន វត្តឧណ្ណាលោម ក្រោមកិច្ចឧបត្ថម្ភនៃក្រសួងសិក្សាធិការជាតិ(Ministère de l’éducation nationale)និងសមាគមអ្នកនិពន្ធខ្មែរ(Association des Écrivains Khmers, AEK)ដែលកាលនោះ មានលោករដ្ឋលេខាធិការក្រសួងសិក្សាធិការជាតិ(Secrétaire d’Etat, Ministère de l’Education Nationale) តំណាងនៃសម្ដេចព្រះឧបយុវរាជ បានអញ្ជើញទៅបំពាក់គ្រឿងឥស្សរិយយសដល់សពអ្នកនិពន្ធនេះ ជាបច្ឆាមរណនាមផង។

ក្រោយពេលអ្នកនិពន្ធ រីន គីន ទទួលមរណភាពទៅ គេរើរកឃើញស្នាដៃ លោកដែលបានសរសេរហើយស្រេច មានខ្លះក៏បោះពុម្ពចេញផ្សាយ ហើយនិងខ្លះទៀត ពុំទាន់បានបោះនៅឡើយទាំងអស់ជិត២០រឿង។
សព្វថ្ងៃនេះ កូនស្រីលោក រីម គីនឈ្មោះ គីន សុម៉ាលី រស់នៅប្រទេសបារាំង។ លោក រីម គីនជាបងថ្លៃរបស់អ្នកស្រី ពេជ្រ សល់ (ស្រ៊ិន សារិះយ៉ាន់)ដែលជាអ្នកនិពន្ធនិងនាយិកានៃក្រុមជំនុំទំនៀមទម្លាប់ខ្មែរ(Directeur du bureau des douanes)នៃវិជ្ជាស្ថានពុទ្ធសាសនបណ្ឌិត្យ(Institute bouddhiste) ព្រោះអ្នកស្រីជាប្អូនរបស់អ្នកស្រី ស្រ៊ិន ស៊ិនហៅស៊ីមនដែលជាភរិយាលោក រីម គីន។ សព្វថ្ងៃនេះរាល់ស្នាដៃជាភាសាខ្មែររបស់លោកទាំងអស់ត្រូវបានក្រុមគ្រួសារប្រគល់មកឱ្យគណៈកម្មការស្រាវជ្រាវ ពិនិត្យស្នាដៃ បកប្រែនិងបោះពុម្ពផ្សាយនៃសមាគមអ្នកនិពន្ធរក្សានិងស្រាវជ្រាវបន្ត។
លោក រឹម គិន មានស្នាដៃ ច្រើនប្រភេទមានទាំងប្រលោមលោកពាក្យកាព្យ អត្ថបទល្ខោននិយាយ ប្រលោមលោក រឿងខ្លី និងសិក្សាកថា។ ស្នាដៃទាំងនោះ ខ្លះក៏បានបោះពុម្ពហើយនិងខ្លះទៀតមិនទាន់បានបោះពុម្ពនៅឡើយ។ ស្នាដៃទាំងនោះ មានដូចជា៖
ស្នាដៃបោះពុម្ពហើយ ជាប្រលោមលោកមាន៖ -សូផាត ប្រលោមលោក ភ្នំពេញ ឆ្នាំ១៩៤១ (ស្នាដៃនេះ លោកបានតាត់តែងឡើងនៅឆ្នាំ១៩៣៨ តែរហូតមកដល់ឆ្នាំ១៩៤១ ទើបបានបោះពុម្ពផ្សាយ)។ -ក្លាហាន ប្រលោមលោក ភ្នំពេញ ឆ្នាំ១៩៤៩ -មើលព្រះចន្រ្ទា ប្រលោមលោក ភ្នំពេញ ឆ្នាំ១៩៥២ -សុមាភាវី ប្រលោមលោក ភ្នំពេញ ឆ្នាំ១៩៥២ -ទឹងមមឹង ប្រលោមលោក ភ្នំពេញ ឆ្នាំ១៩៥៣ -នាងរតននារី ប្រលោមលោកពាក្យកាព្យ ភ្នំពេញ ឆ្នាំ១៩៥៤ -ឈាមរត់រកឈាម ប្រលោមលោក ភ្នំពេញ ឆ្នាំ១៩៥៥ -សេនាកំសត់ ប្រលោមលោក ភ្នំពេញ ឆ្នាំ១៩៥៥ ស្នាដៃផ្សាយក្នុងទស្សនាវដ្ដី ជាប្រលោមលោក ៖ -មើលចន្ទ្រា ប្រលោមលោក ឆ្នាំ១៩៥២ (ផ្សាយក្នុងទស្សនាវដ្ដីរាត្រីថ្ងៃសៅរ៍) -មើលចន្ទ្រា ប្រលោមលោក ឆ្នាំ១៩៥២ (ផ្សាយក្នុងទស្សនាវដ្ដីរាត្រីថ្ងៃសៅរ៍) -នាងសមាភាវី ប្រលោមលោក ឆ្នាំ១៩៥២ (ផ្សាយក្នុងទស្សនាវដ្ដីរាត្រីថ្ងៃសៅរ៍) ចំពោះរឿងនេះ នៅឆ្នាំ២០១០ បានផ្សាយឡើងវិញជាសៀវភៅដោយបណ្ណាល័យកម្ពុជា។ រឿងខ្លី
-ថីម៉ៅ រឿងខ្លី (ចុះផ្សាយក្នុងទស្សនាវដ្ដីរាត្រីថ្ងៃសៅរ៍)
-ប្រច័ណ្ឌ រឿងខ្លី (ចុះផ្សាយក្នុងទស្សនាវដ្ដីរាត្រីថ្ងៃសៅរ៍)
-សាមណី រឿងខ្លី ចុះផ្សាយក្នុងទស្សនាវឌ្ឍនធម៌ ឆ្នាំទី១ លេខ៣
ប្រចាំខែតុលា ឆ្នាំ១៩៥២ ទំព័រទី១៦-២០។
-ជំទាវយូរ រឿងខ្លី ចុះផ្សាយក្នុងទស្សនាវដ្ដីមិត្តសាលាបាលី ឆ្នាំទី១
ប្រចាំខែឧសភា លេខ៥ ព.ស.២៤៩២ គ.ស. ១៩៥០ ទំព័រទី១៨៨-១៩៣។
សិក្សាកថា ៖
-រៀនមើលពន្យល់ សិក្សាកថា ភ្នំពេញ ឆ្នាំ១៩៥៤
-ចរិយាសាស្ដ្រនិងលោកនីតិ សិក្សាកថា ភ្នំពេញ ឆ្នាំ១៩៥៤
២.២. ស្នាដៃបោះពុម្ពហើយ៖
-ចៅបាយក្ដាំង បែបរឿងព្រេង ឆ្នាំ១៩៣២
-មនុស្សកំណាញ់ បែបរឿងព្រេង ឆ្នាំ១៩៣២
-ឱ្យស្គាល់ ពាក្យកាព្យ ឆ្នាំ១៩៣២
-រឿងខ្ញុំ ពាក្យកាព្យ ឆ្នាំ១៩៣២
-កូនអ្នកកាប់ឧស ពាក្យកាព្យ ឆ្នាំ១៩៣៤
-មនុស្សគមទាំង៤ រឿងល្ខោន ឆ្នាំ១៩៣៧
-ចោរគួចេតនា រឿងល្ខោន ឆ្នាំ១៩៣៧
-កុដុម្ពីក៍មន្រ្ដីកិត្តិយស រឿងល្ខោន ឆ្នាំ១៩៤៤
-ថ្លាងធ្លុះធ្លាយ រឿងល្ខោន ឆ្នាំ១៩៤៤
-ក្បាលទំពែក រឿងល្ខោន ឆ្នាំ១៩៤៥
-កំឡោះអាយុ៥០ឆ្នាំ រឿងល្ខោន ឆ្នាំ១៩៤៥
-គុនវុឌ្ឍី រឿងល្ខោន ឆ្នាំ១៩៤៦
-វិស្សមកាល រឿងល្ខោន ឆ្នាំ១៩៤៦
-លួចស្រឡាញ់លួចកើតទុក្ខ រឿងល្ខោន ឆ្នាំ១៩៤៨
-ព្រះកុមារ រឿងល្ខោន ឆ្នាំ១៩៥០
-ឡឺស៊ីត ប្រលោមលោកបកប្រែ ប្រែសម្រួលពីប្រលោមលោក«Le Cid»
របស់លោក ព្យែរ គ័រណីយ៍ និពន្ធនៅឆ្នាំ១៦៣៦។
-គ្មានគ្រួសារ រឿងប្រែ ឆ្នាំ១៩៥១
សូមបញ្ជាក់ថា ចំពោះឈ្មោះលោក រីម គីននេះ យើងសង្កេតឃើញថា មានសំណេរពីរខុសគ្នាបន្ដិច។ ដោយឯកសារខ្លះសរសេរថា«រឹម គិន» ហើយឯកសារខ្លះទៀត សរសេរថា«រីម គីន»។ ទស្សនាវដ្ដីមិត្តសាលាបាលី ឆ្នាំទី២ មករា លេខ១ ព.ស.២៤៩៣ គ.ស.១៩៥១ ទំព័រទី៤០ សរសេរថា«រឹម គិន» តែសម្រាប់«ជីវប្រវត្តិលោក រីម គីន»របស់លោក លី ធាមតេងដែលចុះក្នុងរឿងសូផាត ទំព័រទី១ សរសេរថា«រីម គីន»។ មកដល់សម័យបច្ចុប្បន្ន ភាគច្រើននៃអ្នកស្រាវជ្រាវបានយកសំណេរ«រីម គីន»មកប្រើ មិនឃើញមានអ្នកនិពន្ធណាប្រើ«រឹម គិន»ទេ៕ ដោយ:ហួន ស៊ីឡូន

ads banner