ឯកឧត្ត ឌុច សុន សមាជិក (គ.ជ.ប) បញ្ជាក់ថា នឹងមិនមានឈ្មោះ និងទិន្នន័យស្ទួននៅលើបញ្ជីបោះឆ្នោតទៀតនោះឡើយ

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប អះអាងថា នឹងមិនមានឈ្មោះ និងទិន្នន័យស្ទួនរបស់អ្នកបោះឆ្នោតនៅលើបញ្ជីបោះឆ្នោតទៀតនោះឡើយ ខណៈបច្ចុប្បន្នការកត់ត្រា និងការចុះឈ្មោះបោះឆ្នោត ត្រូវបានប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ ដើម្បីផ្ទៀងផ្ទាត់លើភាពត្រឹមត្រូវ និងសុក្រឹតភាព ។

ថ្លែងក្នុងកិច្ចប្រជុំស្តីពីសភាពការណ៍ទូទៅជុំវិញដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ-សង្កាត់ ជាមួយភាគីពាក់ព័ន្ធ នៅទីស្តីការ គ.ជ.ប នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកានេះ ឯកឧត្តម ឌុច សុន សមាជិក គ.ជ.ប បានឱ្យដឹងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ តាមប្រព័ន្ធកុំព្យូទ័រ អាចធានានូវការដៅសម្គាល់អត្តសញ្ញាណរបស់អ្នកបោះឆ្នោត ដែលមានតែមួយគត់សម្រាប់អ្នកបោះឆ្នោតម្នាក់ៗដូចជា រូបថត ស្នាមម្រាមដៃ លេខអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ និងអត្តលេខរបស់សាមីខ្លួនក្នុងប្រព័ន្ធកុំព្យូទ័រ និងបញ្ជីបោះឆ្នោត។ ជាមួយគ្នានេះ ក៏ធានាថា អ្នកបោះឆ្នោតម្នាក់ៗមានឈ្មោះតែមួយគត់នៅក្នុងបញ្ជីបោះឆ្នោត និងធានាថា គុណភាពនៃបញ្ជីបោះឆ្នោតមានភាពពេញលេញ ត្រឹមត្រូវ និងបច្ចុប្បន្នភាព ងាយស្រួលក្នុងការស្វែងរកឈ្មោះ ទិន្នន័យ និងទីតាំងការិយាល័យរបស់អ្នក
បោះឆ្នោត។

លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតរបស់ គ.ជ.ប បញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីជាង៣៧ម៉ឺននាក់ហើយ ខណៈតាមការប៉ាន់ ស្មានចំនួនប្រជាពលរដ្ឋគ្រោងចុះឈ្មោះនៅក្នុងឆ្នាំ២០២២នេះ មានប្រមាណជាង៤០ម៉ឺននាក់។

របាយការណ៍បន្តថា រយៈពេល២៦ថ្ងៃកន្លងមកនេះ គ.ជ.ប រកឃើញថា អ្នកនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតដោយផ្អែកលើអ្នកទទួលមរណភាព អ្នកត្រូវបានដកហូតសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន អ្នកបានផ្លាស់ប្តូរលំនៅឋាន ឬទីសំណាក់ចេញទៅឃុំ-សង្កាត់ផ្សេងចំនួនជាង១៦ម៉ឺននាក់ ស្របពេលអ្នកបានកែតម្រូវទិន្នន័យមានជាង៣ម៉ឺន៣ពាន់នាក់ និងអ្នកបានផ្ទេរទីលំនៅចូលក្នុងឃុំ-សង្កាត់ថ្មី ជាង១០ម៉ឺននាក់។

ឯកឧត្តម ឌុច សុន បានអះអាងទៀតថា ចំពោះសភាពការណ៍សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតទូទាំងប្រទេសប្រព្រឹត្តទៅបានល្អប្រសើរ និងបានអនុវត្តវិធានការសុខាភិបាលនានា ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសប្រកាន់ខ្ជាប់នូវវិធានការ ៣ ការពារ ៣ កុំ ជាប់ជានិច្ច។ ពោលគឺ សភាពការណ៍សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ មានសភាពស្ងប់ស្ងាត់ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែងគួរឱ្យកត់សម្គាល់នោះទេ បើទោះបីនៅប៉ុន្មានថ្ងៃនៃការចាប់ផ្តើមដំណើរការចុះឈ្មោះដំបូងមានការរំខានដោយភ្លៀងធ្លាក់ច្រើន ទឹកជំនន់ និងមានការរំខាន់ ឬភាពយឺតយ៉ាវ ដោយសារឧបករណ៍ និងសម្ភារបម្រើដល់ដំណើរការចុះឈ្មោះបោះឆ្នោត ដូចជាកុំព្យូទ័រ មានសភាពចាស់ប្រើយូរឆ្នាំក្តី។

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយសំដៅលើប្រជាពលរដ្ឋខ្មែរសុំកែតម្រូវឈ្មោះ ឬទិន្នន័យ និងអ្នកទើបគ្រប់អាយុ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ព្រមទាំងប្រជាពលរដ្ឋដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុនមក និងប្រជាពលរដ្ឋដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ-សង្កាត់ថ្មី។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ គឺជាអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ដែលរាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner