ជំនួយការសម្ដេចតេជោ នាយករដ្ឋមន្ត្រី៖ ដោយសារកត្តាប្រទេសជាតិមានសុខសន្តិភាពទើបយើងមានឱកាសជួបជុំលេងកីឡាបានដូចថ្ងៃនេះ

អត្ថបទដោយ៖
អ៊ិត រ៉ាវុធ

ខេត្តកណ្ដាល៖ ឯកឧត្តម ណុប រ័ត្ននិមល ជំនួយការសម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមការងារយុវជនគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹងតំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ បានថ្លែងថាដោយសារកត្តាប្រទេសជាតិមានសុខសន្តិភាពទើបយើងមានឱកាសជួបជុំលេងកីឡាបានដូចថ្ងៃនេះ ។ ឯកឧត្តម ណុប រ័ត្ននិមល បានថ្លែងបែបនេះ ក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់(FUTSAL)ដណ្តើមពានរង្វាន់ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង លោកជំទាវ ប៉ែន ចន្នី ដើម្បីអបអរសាទរសាទរទិវាជ័យជម្នៈ៧មករា ១៩៧៩ – ២០២៣ ប្រចាំស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ព្រឹកថ្ងៃទី២០វិច្ឆិកា២០២២។

ឯកឧត្តម ណុប រ័ត្ននិមល បានមានប្រសាសន៍ថា សន្តិភាព ប្រៀបបានទៅនឹងខ្យល់ឧកស៊ីសែន បើគ្មានឧកស៊ីសែន យើងមិនអាចដកដង្ហើមរស់រានមានជីវិតបាននោះទេ។ ជាក់ស្តែងកម្មវិធីបើកការប្រកួតបាល់ទាត់ដណ្តើមពាន់រង្វាន់នាពេលនេះគឺជាការចូលរួមចំណែកដ៏សំខាន់មួយ ក្នុងការចូលរួមលើកម្ពស់វិស័យកីឡា និងក៏ដូចជាការបង្កើនលើកកម្ពស់ដល់យុវជនជំនាញ និងសមត្ថភាព ដើម្បីឈានទៅដណ្តើម និងប្រកួតប្រជែងជាមួយកីឡាកររបស់អាស៊ាន ដើម្បីយកពានជូនជាតិមាតុភូមិរបស់យើង។

លោក ឆែម រតនៈវិសាល ប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទាត់ បានឲ្យដឹងថា ការប្រកួតកីឡាបាល់ទាត់ (FUTSAL)ដណ្តើមពានរង្វាន់ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង លោកជំទាវ ប៉ែន ចន្នី នេះ មាន ២២ក្រុម បានបែងចែកជា ៤ពូល កីឡាករមកពី ១៨ឃុំ និង៣វិទ្យាល័យ នៅក្នុងស្រុកកណ្តាលស្ទឹងខេត្តកណ្ដាល ការប្រកួតនៅរៀងរាល់ថ្ងៃអាទិត្យ ដែលចាប់ផ្ដើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។

ក្នុងឱកាសបើកនៃការប្រកួត ឯកឧត្តម ណុប រ័ត្ននិមល បានឧបត្ថម្ភថវិកាដល់ក្រុមកីឡាករទាំង ២២ក្រុម សិស្សវិទ្យាល័យ គណៈកម្មការ គណៈអភិបាលស្រុក ព្រមទាំងក្រុមការងារយវជនបក្សចុះជួយស្រុកកណ្ដាលស្ទឹងសរុបថវិកាជាង ១០លានរៀល ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner