កូរ៉េខាង​ជើង​សម្ដែង​ការ​សោក​ស្ដាយ​ខ្លាំង​ ជុំ​វិញ​ការ​​​ស្ដី​បន្ទោស​​​​របស់​​ អ.ស.ប. លើ​ការ​​បាញ់​មីស៊ីល​​អន្តរទ្វីប​របស់​ខ្លួន​

ព្យុងយ៉ាង៖សេចក្តី​ថ្លែងការណ៍​មួយ​​ពី​​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​​កូរ៉េខាង​ជើង​ KCNA ​បាន​​លើក​ឡើង​ថា​ រដ្ឋ​មន្ត្រី​ការ​បរទេស​កូរ៉េ​ខាង​ជើង​នៅ​ថ្ងៃ​​ទី​២០ ​ខែ​វិច្ឆិកា​​ បាន​សម្តែង​​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​​ចំពោះ​ការ​ស្ដី​បន្ទោស​​របស់​​ប្រធាន​អង្គការ​សហប្រជាជាតិ​ លោក អង់តូនីញូវ ហ្គូតទែរ៉េស​ ​(Antonio Guterres) ចំពោះការបាញ់មីស៊ីលផ្លោងអន្តរទ្វីបរបស់ប្រទេសនេះ។

កាល​ពី​ថ្ងៃ​សុក្រ សប្តាហ៍មុននេះ​ ​កូរ៉េ​ខាង​ជើង​បាន​បាញ់​មីស៊ីល​ផ្លោង​អន្តរ​ទ្វីប​ Hwasong-17 របស់​ខ្លួន​ ​​ក្នុង​ការ​បាញ់​សាក​ល្បង​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​របស់​​ប្រទេស​នេះ​ ដែល​ជំរុញ​ឱ្យ​លោក​ ហ្គូតទែរ៉េស​​ជំរុញ​ឱ្យ​ទីក្រុង​ព្យុងយ៉ា​ង​​បញ្ឈប់​ «​សកម្មភាព​បង្ក​ហេតុ​»​ បន្ថែម​ទៀត​។​

​​​រដ្ឋ​មន្ត្រី​ការ​បរទេស​​កូរ៉េខាង​ជើង​ លោក​ស្រី​​ Choe Son Hui ​បាន​ថ្លែង​ក្នុង​សេចក្ដី​ថ្លែងការ​ណ៍​ដែល​ចេញ​ផ្សាយ​​ដោយ​ KCNA ថា​៖ «ខ្លួន​មាន​​ការ​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ពិត​ដែល​ថា​ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ​មាន​អាកប្បកិរិយា​គួរ​ឱ្យ​ស្អប់​ខ្ពើម​»​។

លោក​ស្រី​បន្ត​​ថា​​ ​សេចក្តី​ថ្លែងការណ៍​របស់​លោក​ ហ្គូតទែរ៉េស​ ​ជា​​ការ​ភ្លេច​ភ្លាំង​ពី​គោល​បំណង​ និង​គោលការណ៍​នៃ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​ និង​បេសកកម្ម​ដ៏​ត្រឹម​ត្រូវ​របស់​អង្គការ​នេះ​​ គឺ​រក្សា​ភាព​មិន​លំអៀង ​វត្ថុ​បំណង​​ និង​សមធម៌​ក្នុង​គ្រប់​បញ្ហា​ទាំង​អស់​។ មិន​ត្រឹម​តែ​ប៉ុណ្ណេះ​ លោក​ស្រី​បាន​ហៅ​លោក​ ហ្គូតទែរ៉េស​ ថា​ជា​ «អាយ៉ង​​របស់​អាមេរិក​» ទៀត​ផង​។

គួរ​កត់​សម្គាល់ថា​ ​កូរ៉េ​ខាង​ជើង​ដែល​ប្រដាប់​ដោយ​អាវុធ​នុយក្លេអ៊ែរ​ បាន​ធ្វើ​ការ​បាញ់​បង្ហោះ​មីស៊ីល​បំបែក​ឯតទគ្គកម្ម​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗ​នេះ​ ដោយ​​ទីក្រុង​ព្យុងយ៉ាង​ និង​ទីក្រុង​ម៉ូស្គូ​ ដែល​ជា​​សម្ព័ន្ធ​មិត្ត​​ បាន​ស្តី​បន្ទោស​ម្តង​ហើយ​ម្តង​ទៀត​លើ​ចំណាត់​ការ​របស់​ អាមេរិក​ក្នុង​ការ​ជំរុញ​ការ​ការពារសន្តិសុខ​​​ចំពោះ​​សម្ព័ន្ធ​មិត្ត​កូរ៉េខាង​ត្បូង​ និង​ជប៉ុន​។ ​

គេ​សង្កេត​មើល​ឃើញ​ថា​  ចាប់​តាំង​ពី​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ លោក​ គីម​ ជុង​អ៊ុន​ បាន​​ប្រកាស​ថា​ប្រទេស​កូរ៉េ​ខាង​ជើង​ជា​រដ្ឋ​នុយក្លេអ៊ែរ​ ដែល​មិន​អាច​ងាក​ក្រោយ​បាន​ នៅ​ក្នុង​ខែ​កញ្ញា​​រួច​មក​  ​​សហរដ្ឋ​អាមេរិក​បាន​បង្កើន​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​ក្នុង​តំបន់​​។ ​ក្រោយ​ការ​បាញ់​មីស៊ីល​ផ្លោង​អន្តរទ្វីប​ Hwasong-17 កាល​ពី​ថ្ងៃ​សុក្រ​នេះ​ ​​ទីក្រុង​តូក្យូ ​និង​វ៉ាស៊ីនតោន​ ក៏​បា​ន​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ នៅ​តំបន់​ដែន​អាកាស​លើ​សមុទ្រ​ជប៉ុន​​ផង​ដែរ​។​ ​

ជុំ​វិញ​បញ្ហា​នេះ​ លោក​ស្រី​ Choe បាន​​ថ្លែង​ថា ​​៖ «​ថ្មី​ៗ​នេះ​ យើង​បាន​ព្រមាន​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ឱ្យ​ពិចារណា​លើ​បញ្ហា​នៃ​ឧបទ្វីប​កូរ៉េ ​ដោយ​ឈរ​លើ​មូល​ដ្ឋាន​នៃ​ភាព​មិន​លំអៀង​ និង​វត្ថុ​បំណង​»​។​ លោក​ស្រី​បន្ថែម​ថា​ ​​កូរ៉េ​ខាង​ជើង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ខ្លួន​នឹង​ត្រូវ​តែ​មាន​លទ្ធផល​សម្រាប់​ «​ការ​ការពារ​ខ្លួន​ក្រោម​បរិយាកាស​សន្តិសុខ​ដ៏​គួរ​ឱ្យ​ព្រួយ​បារម្ភ​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ ​និង​តំបន់​ ដែល​បង្ក​ឡើង​ដោយ​កិច្ចសហប្រតិបត្តិការ​យោធា​ដ៏​គ្រោះ​ថ្នាក់​របស់​សហរដ្ឋ​អាមេរិក»​។

លោក​ស្រី​ ​Choe ​បាន​និយាយ​ថា​៖ «​យ៉ាង​ណា​​មិញ​ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ បាន​បង្វែរ​ការ​ស្តី​បន្ទោស​ចំពោះ​ករណី​នេះ​ មក​លើ​កូរ៉េ​ខាង​ជើង ​ជា​ជាង​សហរដ្ឋ​អាមេរិក​»​៕

ដោយ៖ ​ហួន ឌីណា ប្រភព៖ North Korea expresses ‘strong regret’ over UN rebuke of ICBM launch

ads banner