សម្តេចតេជោ ហ៊ុន សែន៖ ការប្រកួតកីឡាជាតិនេះ ជាការត្រៀម ខ្លួនរបស់កីឡាករ-កីឡាការីនីកម្ពុជា សម្រាប់ការប្រកួតកីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខាងមុខនេះ

ភ្នំពេញ៖ ថ្លែងក្នុងពីធីបើកការប្រកួតកីឡាជាតិលើកទី៣ និងកីឡា ជនមានពិការភាពលើកទី១ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅ ពហុកីឡដ្ឋានជាតិមរតកតេជោ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការប្រកួតកីឡាជាតិនេះ ជាការ ត្រៀមខ្លួនរបស់កីឡាករ-កីឡាការីនីកម្ពុជា សម្រាប់ការប្រកួតកីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខាងមុខ ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ឆ្នាំ២០២៣ ដោយ ទទួលបានការគាំទ្រពីប្រតិភូកីឡាបណ្តាប្រទេសអាស៊ីអាគ្នេយ៍ កម្ពុជានឹងធ្វើជាម្ចាស់ ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម ( SEA Games ) និង អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) ដែលជាការ ប្រកួតកម្រិតអន្តរជាតិដ៏ធំនៅក្នុងព្រះរាជាណា ចក្រកម្ពុជា ។ នេះគឺជាកិត្តិយសជាប្រវត្តិសាស្រ្តមួយទៀត ក្នុងវិស័យកីឡាដែលកម្ពុជា រង់ចាំធ្វើជាម្ចាស់ផ្ទះអស់រយៈពេល ៦៤ ឆ្នាំមកហើយ ។

សម្តចតេជោ ហ៊ុន សែន ក៏សូមសម្ដែងនូវកោតសរសើរចំពោះ ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការអូឡាំពិកកម្ពុជា ព្រមទាំងស្ថាប័នពាក់ព័ន្ធ ចំពោះកិច្ចសហប្រតិបត្តិការល្អ និងការ រួមសាមគ្គីគ្នា រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ និង កីឡាជនពិការជាតិលើកទី១នេះ ដែលការប្រកួតបានចាប់ផ្តើម នៅថ្ងៃទី១៩ និងត្រូវបញ្ចប់នៅ ថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខ ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ព្រឹត្តិការណ៍នៃ ការប្រកួតកីឡាជាតិនេះ មិនត្រឹមតែជាព្រឹត្តិការណ៍កីឡាជាតិ មួយយ៉ាងសំខាន់ សម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាការបន្តកសាង សមត្ថភាព ទេពកោសល្យ និងជំនាញវិជ្ជាជីវៈរបស់កីឡាករ-កីឡាការីនីកម្ពុជា ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ ការប្រកួត កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ខាងមុខនេះ ដែលគិតត្រឹមថ្ងៃទី២១ ខែវិច្ឆិកា នៅសល់តែ ១៦៧ ថ្ងៃប៉ុណ្ណោះ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា វិស័យកីឡា ដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងទំនាក់ទំនង ការពង្រឹង សាមគ្គីភាព និងមិត្តភាពដែលការណ៍នេះ រួមចំណែកដល់ការ បង្កើនមូលធនសង្គម និងការសម្រេច បានសុខដុមនីយកម្ម ក្នុងសង្គមជាតិ ហើយវិស័យកីឡា ក៏ដើរតួសំខាន់ក្នុងការ ពង្រឹងសុខភាពផ្លូវកាយរឹងមាំ លើកកម្ពស់សុខភាពផ្លូវចិត្ត បង្កើនផលិតភាពការងារ កាត់បន្ថយភាពតាន តឹងក្នុងអារម្មណ៍ លើកកម្ពស់គុណភាពជីវិត និងសុភមង្គលក្នុងក្រុមគ្រួសារ។

សម្ដេចបន្ថែមថា ជាងនេះទៀត ព្រឹត្តិការណ៍កីឡាផ្តល់ឱកាស ល្អសម្រាប់ការផ្លាស់ប្តូរបច្ចេកទេស និងបទពិសោធ ដែលជា មរតកវប្បធម៌ជាតិ និងជាសិល្បៈការពារខ្លួនរបស់ប្រទេសជាតិ ព្រមទាំងជួយបំផុសស្មារតីមហាជនឱ្យស្រឡាញ់គាំទ្រវិស័យកីឡា និងលើកកម្ពស់កិត្តិសព្ទកីឡារបស់ជាតិឱ្យកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ ៕ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner