សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍កីឡាជាតិ (Video Inside)

ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ រយៈពេល១១ថ្ងៃ បានធ្វើពិធីបើកជាផ្លូវការនាល្ងាចថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០២២ ក្រោមការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ បំផុតដោយសម្តេចតេជោ ហ៊ុន សែន។

ព្រឹត្តិការណ៍កីឡាជាតិរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ នឹងមានរហូតដល់ថ្ងៃទី៣០វិច្ឆិកា។

សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីដែលមានការអញ្ជើញចូលរួមពីមនុស្សជាងបួនម៉ឺននាក់ បានថ្លែងសុន្ទរកថាសម្តែងការអបអរចំពោះព្រឹត្តិការណ៍កីឡាជាតិនេះ។ (សម្លេងសម្តេច)

ផ្ទាំងទស្សនីយភាពសិល្បៈជាច្រើន ទម្រង់ដែលខ្លះសម្តែងដោយកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ប្រមាណជាង១ពាន់នាក់, របាំប្រជាប្រីយ៍ខ្មែរនៃចង្វាក់រាំវង់ និងឡាំលាវ សម្តែងដោយនារីខ្មែរប្រមាណ៥០០នាក់, ការសម្ដែងក្បាច់គុនល្បុក្តតោ, ការបាញ់កាំជ្រួចទំនើបចម្រុះពណ៌ រួមទាំងទស្សនីយភាពផ្សេងៗទៀត ត្រូវបានសម្តែងឡើងក្នុងឱកាសនោះ។

នេះគឺជាព្រឹត្តិការណ៍កីឡាដ៏ធំរៀបចំក្នុងក្របខណ្ឌទូទៅប្រទេស បន្ទាប់ពីខកខានរៀបចំប៉ុន្មាន ឆ្នាំមកនេះដោយសារជំងឺរាតត្បាតជាសកលកូវីដ-១៩។ ការប្រកួតនេះបានរៀបចំធ្វើនៅច្រើនខែ មុនកម្ពុជារៀបចំកីឡា ស៊ីហ្គេមជាប្រវត្តិសាស្ត្រ។

ពិធីបើកព្រឹត្តិការកីឡាស៊ីហ្គេមដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ គ្រោងនឹងធ្វើនៅថ្ងៃទី០៥ ខែ ឧសភា, និងបិទនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣, ចំណែកការប្រកួតកីឡាអាស៊ាន ប៉ារ៉ាហ្គេមលើកទី១២ ចាប់ពីថ្ងៃ ទី០៣ ដល់ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។

មន្ត្រីរៀបចំបានថ្លែងថា ព្រឹត្តិការណ៍កីឡាជាតិនាពេលនេះ បានរៀបចំធ្វើដូចតាមទម្រង់កីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម និងជាការតេស្ដសាកល្បង សមត្ថភាពក្រុមកីឡាជាតិ របស់កម្ពុជា មុនការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ាន ប៉ារ៉ាហ្គេមលើកទី១២ នាឆ្នាំ២០២៣ ខាងមុខនេះ។

ព្រឹត្តិការណ៍កីឡាជាតិរយៈពេល១១ថ្ងៃនេះ ត្រូវបានរៀបចំការប្រកួតលើ ៣៨ប្រភេទកីឡា ដូច ទៅនឹងប្រភេទកីឡាដែលបានអនុម័ត ដាក់ក្នុងការប្រកួតស៊ីហ្គេមឆ្នាំ២០២៣។

ការប្រកួតនៃប្រភេទកីឡានីមួយៗនឹងត្រូវរៀបចំទៅតាមទីតាំងនៃរាជធានី-ខេត្ត ដែលត្រូវរៀបចំការប្រកួតស៊ីហ្គេមទៀតផង ដូចជារាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។ រីឯកីឡាប៉ារ៉ាហ្គេមវិញនឹងត្រូវរៀបចំលើ ៧ប្រភេទកីឡាដោយរៀបចំតាមទម្រង់ នៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមដូចគ្នា។

ads banner