ពិព័រណ៍ខួប ៣០ឆ្នាំ នៃសកម្មភាពមីនបង្ហាញថាតួលេខមនុស្សរងគ្រោះដោយសារមីនបន្តធ្លាក់ចុះ (Video Inside)
ចំនួនជនរងគ្រោះប្រចាំឆ្នាំដោយសារគ្រាប់មីនបានថយចុះពីចំនួន៤ពាន់៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកនៅចំនួន៤៤នាក់ ក្នុងឆ្នាំ២០២១។ អនុប្រធានទី១ នៃអាជ្ញាធរកម្ពុជាគ្រប់គ្រង សកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន ទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់នូវតួលេខនេះក្នុងពិធីបើកពិព័រណ៍ខួប៣០ឆ្នាំ នៃសកម្មភាពមីនក្នុងថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០២២។
ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងថា ពិធីតាំងពិព័រណ៍ខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា នាពេលនេះ បានបង្ហាញអំពីដំណើរដ៏វែងឆ្ងាយនៃកិច្ចគាំពារសន្តិភាព និងបេសកកម្មរួមគ្នាលើ សកម្មភាពមនុស្សធម៌ដ៏ប្រពៃបំផុតមួយ។
លោកបន្តថា «បេសកកម្មសកម្មភាពមីនរួមគ្នា របស់រាជរដ្ឋាភិបាលកម្ពុជា ប្រទេសផ្តល់ជំនួយ ដៃគូអភិវឌ្ឍន៍ នៃប្រតិបត្តិករជាតិ-អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ ក្នុងរយៈពេល៣០ឆ្នាំនេះ បានរួមចំណែកយ៉ាងធំធេង ក្នុងការដោះស្រាយផលប៉ះពាល់ដោយសារមីន និងសំណល់ ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា។
លោកបានថ្លែងផ្ទៃដី ២ពាន់៥៣១ គីឡូម៉ែត្រក្រឡា ស្មើនឹង ១ពាន់៧០៣ភូមិ ត្រូវបានបោសសម្អាត និងប្រែក្លាយជាដីសុវត្ថិភាពសម្រាប់ប្រជាជន ប្រមាណ៩លាននាក់ប្រើប្រាស់ ក្នុងនោះរាប់បញ្ចូលទាំងការសាងសង់លំនៅដ្ឋាន សាលារៀន មន្ទីរពេទ្យ ស្ពានថ្នល់ និងកសិកម្ម ជាដើម ជាពិសេសបានប្រែក្លាយ «ដីមីន ទៅជា ដីមាស»។
លោកបានថ្លែងទៀតថា គេបានកម្ទេចចោលគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមរាប់លានគ្រាប់ ក្នុងនោះគ្រាប់មីនប្រឆាំងមនុស្សចំនួន ១លាន១៥ម៉ឺន១ពាន់២៣២ គ្រាប់, គ្រាប់មីនប្រឆាំងរថក្រោះចំនួន ២ម៉ឺន៦ពាន់១១២គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀតចំនួន ៣លាន២ម៉ឺន៨ពាន់៦៥៩ គ្រាប់។
យោងតាមទិន្នន័យរបស់អាជ្ញាធរមីន មានប្រជាជនរង គ្រោះចំនួន ៦ម៉ឺន៥ពាន់និង៤នាក់ ក្នុងនោះស្លាប់ចំនួន ១ម៉ឺន៩ពាន់៨១៨ នាក់។