ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងបាក់ច្រាំងចំនួន ៤៥៨គ្រួសារ ក្នុងស្រុកស្រីសន្ធរ ទទួលបានអំណោយពីរាជរដ្ឋាភិបាល

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងបាក់ច្រាំងចំនួន ៤៥៨គ្រួសារ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានទទួលអំណោយពីរាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ដោយមានការចូលរួមពីឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្រីសន្ឋរ, ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងអាជ្ញាធរដែនដីជាច្រើនរូបទៀត។

លោក ស៊ីម គង់ អភិបាលស្រុកស្រីសន្ឋរ បានឲ្យដឹងថា ទឹកជំនន់ទន្លេមេគង្គ បានធ្វើឲ្យលិចផ្លូវចំនួន២កន្លែង ក្នុងឃុំបារាយណ៍ ប្រវែង៣៥៥ម៉ែត្រ និងបាក់ច្រាំងប្រវែងជាង១៥០០ម៉ែត្រ ជម្រៅពី២-៥ម៉ែត្រ នៅចំណុចយាយម៉ៅ ក្នុងភូមិគគីរ ឃុំកោះអណ្តែត។ ដោយឡែក នៅឃុំមានជ័យ, ច្រាំងទន្លេបានស្រុតចំនួន៣កន្លែង ធ្វើឲ្យផ្ទះប្រជាពលរដ្ឋចំនួន១៨ខ្នង ប្រឈមនឹងការរុះរើចេញ នឹងការរុះរើដោយប្រយោលមានចំនួន៣៨គ្រួសារ។ ចំណែកនៅឃុំផ្ទះកណ្តាល នៅចំណុចភូមិផ្ទះកណ្តាលលើ និងភូមិផ្ទះកណ្តាលក្រោម, ច្រាំងទន្លេបានបាក់ស្រុត បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ១ខ្នងបានបាក់ស្រុតចូលទន្លេ, ត្រូវរុះរើ ៦ខ្នង, ប្រឈមនឹងការរុះរើ ៥២ខ្នង ស្នើនឹង ៥៨គ្រួសារ និងមានប្រជាពលរដ្ឋដែលរងផលប៉ះពាល់ជាច្រើនគ្រួសារទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បាននាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី -ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងទ្វេតែងតែគិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសក្នុងស្ថានភាពដែលបងប្អូន បាននិងកំពុងរងផលប៉ះពាល់ដោយគ្រោះដោយទឹកជំនន់។ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានខិតខំគ្រប់លទ្ធភាព និងកៀរគរធនធានគ្រប់បែបយ៉ាងដើម្បីជួយដោះស្រាយជីវភាពរស់នៅ និងថែរក្សាសុខភាពជូនដល់ប្រជាពលរដ្ឋយើងនៅគ្រប់ទីកន្លែងទាំងអស់ដែលរងផលប៉ះពាល់ដោយទឹកជំនន់។ រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តថា នឹងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់អាហារឡើយ។

អំណោយដែលនាំមកចែកជូនប្រជាពលរដ្ឋ ក្នុង ១គ្រួសារទទួលបានអង្ករ , មី, ត្រីខ, ទឹកស៊ីអ៊ីវ ,ទឹកត្រី ,និងគ្រួសារដែលរងគ្រោះធ្ងន់ចំនួន ៥៨គ្រួសារ បន្ថែមថវិកាចំនួន ៣០ម៉ឺនរៀល ៕ ជា សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner