មន្ត្រីរដ្ឋាភិបាល៖ របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស មិនឆ្លុះបញ្ចាំងការពិតនិងគ្មាន​វិជ្ជាជីវៈ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖មន្ត្រីរដ្ឋាភិបាលចាត់ទុករបាយការណ៍ថ្មីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ជុំវិញការលើកឡើងថារដ្ឋាភិបាលកម្ពុជាប្រើលេសវិធានការកូវីដ១៩ ដើម្បីរំលោភសិទ្ធិការងារ និងបង្ក្រាបសកម្មភាពសហជីពនោះ ថាជារបាយការណ៍ប្រាសចាកការពិត និងគ្មានវិជ្ជាជីវៈ។

មន្ត្រីជាន់ខ្ពស់ក្រសួងការងារនិងមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌សុទ្ធតែប្រកាសច្រានចោលរបាយការណ៍ថ្មីកម្រាស់ ៩៧ទំព័រ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សបានចេញផ្សាយក្រោមចំណងជើងថា “មានតែសហជីព “មីកញ្ចប់” ឬសហជីពស្និទ្ធិនឹងថៅកែទេ ដែលអាចបន្តរស់រានបាន” ។របាយការណ៍លើកឡើងថា រដ្ឋាភិបាលកម្ពុជាបានយកលេសវិធានការសុខាភិបាលកូវីដ១៩ ដើម្បីរំលោភសិទ្ធិការងារនិងបង្ក្រាបសហជីព។

ឯកឧត្តម ហេង​ សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់ឱ្យដឹងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ថា របាយការណ៍ថ្មីរបស់ Human Rights Watch  នេះជារបាយការណ៍ប្រាសចាកការពិត និងគ្មានវិជ្ជាជីវៈ។

លោកគូសបញ្ជាក់ដូច្នេះថា ៖« ការលើកឡើងនៅក្នុងរបាយការណ៍របស់ HRW[អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch] គឺប្រាសចាកពីការពិតជាក់ស្តែង ហើយសាធារណជនក៏មិនដែលយកចិត្តទុកដាក់លើរបាយការណ៍របស់អង្គការនេះនោះទេ ពីព្រោះអង្គការនេះតែងតែធ្វើរបាយការណ៍ដោយគ្មានវិជ្ជាជីវៈ និងមិនដែលបានពិនិត្យមើលលទ្ធផលរួម ឬប្រយោជន៍រួមរបស់យើងនោះទេ»។

មន្ត្រីជាន់ខ្ពស់ក្រសួងការងាររូបនេះអះអាងថា នៅអំឡុងពេលរាតត្បាតជំងឺជាសាកលកូវីដ១៩ តាំងពីឆ្នាំ២០២០ មក រដ្ឋាភិបាលកម្ពុជាតែងតែខិតខំគិតគូរពីសុខភាព អាយុជីវិត ការងារនិងផលប្រយោជន៍របស់កម្មករនិយោជិត ព្រមទាំងផ្តល់កិច្ចអ​ន្តរាគមន៍គាំពារនិងផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករនយោជិតដែលរងផលប៉ះពាល់ផង និងជាពិសេសគឺបានរក្សាការងារដល់កម្មករនិងសកកម្មភាពសហជីពក្នុងការទ្រទ្រង់ជីវភាព ដែលផ្ទុយស្រឡះពីការលើកឡើងរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ​។

ចំណែកឯកឧត្តម ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា បញ្ជាក់ថា របាយការណ៍ថ្មីរបស់ Human Rights Watch នេះមិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពដែលមានជាក់ស្តែងនៅកម្ពុជាពាក់ព័ន្ធនឹងភាពចាំបាច់ផ្នែកវិធានការសុខាភិបាលរបស់រដ្ឋាភិបាលកម្ពុជាឡើយ។ លោកថា របាយការណ៍នេះ មានភាពផ្ទុយស្រឡះពីការមើលឃើញរបស់មតិសាធារណជនកម្ពុជាភាគច្រើន និងមតិរបស់សហគមន៍ជាតិនិងអន្តរជាតិដែលបានសាទរចំពោះភាពជោគជ័យរបស់រដ្ឋាភិបាលកម្ពុជាក្នុងការទ​ប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដ៏ជោគជ័យ។

លោកបានបន្ថែមថា៖« របាយការណ៍របស់ ​Human Rights Watch នេះ គេដឹងគ្រប់គ្នាហើយ ជារបាយការណ៍មួយធ្វើឡើងដោយគំនុំគុំគួន ការស្អប់ខ្ពើមចំពោះរដ្ឋាភិបាលកម្ពុជា។ ការវាយតម្លៃ ការសន្និដ្ឋានរបស់គាត់[​Human Rights Watch] គឹមិនផ្អែកលើស្ថានភាពជាក់ស្តែង ទិដ្ឋភាពសិទ្ធិមនុស្ស និងច្បាប់របស់កម្ពុជាឡើយ គឺផ្អែកលើមូលដ្ឋាននៃការសងសឹកតាមការគាំទ្រលើក្រុមដែលមាននិន្នាការប្រឆាំងជាដើម »។

ទោះជាយ៉ាងណាក្ដីលោក Phil Robertson នាយករងអង្គការ Human Rights Watchទទួលបន្ទុកតំបន់អាស៊ី លើកឡើងថា មន្ត្រីរដ្ឋាភិបាលកំពុងដេកលក់នៅពេលដែលប៉ូលីចាប់មេសហជីពកូដករណាហ្គាវើលក្រោមបទចោទល្មើសបំរាមកូវីដ១៩។

របាយការណ៍Human Rights Watchបានមកពីការសម្ភាសមេដឹកនាំសហជីពឯករាជ្យចំនួន៣២នាក់ និងសមាជិកសកម្មជនក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងវិស័យទេសចរណ៍នៅកម្ពុជា ព្រមទាំងពីការចែករំលែកព័ត៌មានពីក្រុមសង្គមស៊ីវិលកម្ពុជា បានបញ្ជាក់ពីការមិនពេញចិត្តចំពោះចំណាត់ការរបស់រដ្ឋាភិបាល។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកអំ សំអាត​ នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលនៃអង្គការសិទ្ធិមនុស្សលីកាដូ(Licado) យល់ស្របចំពោះការខ្លឹមសាររបស់របាយការណ៍ថ្មីនៃអង្គការ Human Rights Watch នេះ។

អ្នកឃ្លាំមើលបញ្ហាសិទ្ធិមនុស្សរូបនេះសង្កត់ធ្ងន់ថា វិធានការសុខាភិបាលរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ជាភាពចាំបាច់និងសំខាន់ហើយ ប៉ុន្តែនៅក្នុងករណីខ្លះ រដ្ឋាភិបាលបានប្រើប្រាស់វិធានការទាំងនេះហួសព្រំដែនកំណត់ ដើម្បីរារាំងការអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។

លោក សឹង សែនករុណា អ្នកនាំពាក្យនៃសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) ទទូចឱ្យរដ្ឋាភិបាលកម្ពុជាពិនិត្យរបាយការណ៍នេះ ដើម្បីទាញយកចំណុចខ្វះខាតមកកែលម្អស្ថានការណ៍សិទ្ធិមនុស្ស ដើម្បីបង្ការទុកមុននូវការអនុវត្តច្បាប់ ក្នុងករណីមានការរាតត្បាតជំងឺស្រដៀងគ្នានេះនៅថ្ងៃខាងមុខ៕ ដោយ៖សំបាន ច័ន្ទដារ៉ា

ads banner