​សមាជិក​សភា​អាមេរិកនៃ​​បក្ស​សាធារណរដ្ឋ​ ដាក់​សម្ពាធ​លើ​​​ TikTok ​ចំពោះ​​ការ​ចែក​​រំលែក​ទិន្នន័យ​ជាមួយ​​​ចិន​

អាមេរិក៖សមាជិក​សភា​​អាមេរិក​មក​ពី​គណបក្ស​សាធារណ​រដ្ឋ​​ ដែល​នឹង​​​ចូល​កាន់​កាប់​សភា​នៅ​ឆ្នាំ​ក្រោយ​ ​បាន​ដាក់​សម្ពាធ​លើ​​​កម្មវិធីតីកតុក (TikTok) របស់​ក្រុម​ហ៊ុន​ចិន​ ByteDance ​​កាល​ពី​ថ្ងៃ​អង្គារ​ ​ជុំ​វិញ​ការ​ព្រួយ​បារម្ភ​ថា​ក្រុមហ៊ុន​នេះ​អាច​​បំភាន់​​សភា​អាមេរិក​អំពី​ចំនួន​ទិន្នន័យ​អ្នក​ប្រើ​ប្រាស់​ ដែល​​​​ខ្លួន​​បាន​​ចែក​រំលែក​ជាមួយ​រដ្ឋាភិបាលក្រុង​ប៉េកាំង​​។​

​​​​តំណាង​សភា​លោក​ស្រី​ Cathy McMorris Rodgers ដែល​ជា​មន្រ្តី​កំពូល​របស់​គណបក្ស​សាធារណ​រដ្ឋ​នៅ​គណៈកម្មាធិការ​ថាមពល​ និង​ពាណិជ្ជកម្ម​សភា​ និង​តំណាង​សភា​ លោក​​​ James Comer ដែល​ជា​មន្រ្តី​​​កំពូល​គណបក្ស​សាធារណរដ្ឋ​នៅ​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​ ​បាន​សរសេរ​ទៅ​កាន់​​ក្រុមហ៊ុន​​ TikTok ​ថា​ ​​ព័ត៌មាន​ដែល​បាន​ផ្តល់​នៅ​ក្នុង​របាយការណ៍​សង្ខេប​​​ ហាក់​ដូច​ជា​មិន​ត្រឹម​ត្រូវ​។​

សមាជិក​សភា​នៃ​​គណបក្ស​សាធារណរដ្ឋ​ បាន​​ថ្លែង​ក្នុង​លិខិត​មួយ​ផ្ញើ​ទៅ​កាន់​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ TikTok ​លោក​ Shou Zi Chew ដែល​ចុះ​​​នៅ​ថ្ងៃ​​អង្គារ​ថា​៖ «​​ព័ត៌មាន​មួយ​ចំនួន​ដែល​ TikTok ​ផ្តល់​ជូន​ក្នុង​អំឡុង​ពេល​​ធ្វើ​សេចក្ដី​សង្ខេបស្ដី​ពី​បុគ្គលិក​របស់​ក្រុម​ហ៊ុន​​ ហាក់​ដូច​ជា​មិន​ពិត​ ឬ​មាន​ការ​យល់​ច្រឡំ​ ដោយ​​រួម​បញ្ចូល​​​ថា​​ TikTok ​មិន​តាម​ដាន​ទីតាំង​អ្នក​ប្រើ​ប្រាស់​​អាមេរិក​»​។​

ក្រុម​ហ៊ុន​​ ​TikTok ​មិន​បាន​ឆ្លើយ​តប​​​ភ្លាម​ៗ​​យ៉ាង​ណា​ទេ​ ចំពោះ​លិខិត​កាល​ពី​ថ្ងៃ​អង្គារ​។ ប៉ុន្តែ​លោក​ ​Shou Zi Chew ធ្លាប់​បាន​និយាយ​ថា​ ​ក្រុមហ៊ុន​កំពុង​ធ្វើ​ការ​លើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​មួយ​ដែល​មាន​ឈ្មោះ​ថា​ Project​ Texas ​ដែល​នឹង​ញែក​ទិន្នន័យ​រសើប​ចេញ​ពី​អ្នក​ប្រើ​ប្រាស់​អាមេរិក​​ ដូច្នេះ​មាន​តែ​បុគ្គលិក​នៅ​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ​ដែល​អាច​ចូល​ប្រើ​ប្រាស់​ទិន្នន័យ​ទាំង​នោះ​បាន​។​ ​លោក​​បាន​​ហៅ​​កិច្ច​​ខិត​​​ខំ​​ប្រឹង​​ប្រែង​​នេះ​ ​ថា​​​​​ពិបាក​ខ្លាំង​ ហើយ​​​ចំណាយ​​ប្រាក់​​ច្រើន​ ប៉ុន្តែ​​​​ផ្ដោត​លើ​​កង្វល់​​របស់​​មន្ត្រី​​អាមេរិក​។​

គួរ​រំឭក​ថា​ ក្រុមហ៊ុន​​ TikTok ​ធ្លាប់​បាន​និយាយ​នាពេល​កន្លង​មក​ផង​ដែរ​ថា​ ​​បុគ្គលិក​មួយ​ចំនួន​នៅ​ក្រៅ​សហរដ្ឋ​អាមេរិក​ អាច​​ចូល​ប្រើ​​ព័ត៌មាន​​របស់​អ្នក​ប្រើ​ប្រាស់​អាមេរិក​ ប៉ុន្តែ​បដិសេធ​ថា​ ​ព័ត៌មាន​ទាំង​នោះ​​មិន​ត្រូវ​បាន​ចែក​រំលែក​ជាមួយ​រដ្ឋាភិបាល​ចិន​នោះ​ទេ​។​

ខណៈ​ដែល​គណបក្ស​សាធារណរដ្ឋ​នឹង​ចូល​កាន់​កាប់​សភា​​អាមេរិក​នៅ​ខែ​មករា​ លិខិត​ពី​សមាជិក​សភា​របស់​គណបក្ស​នេះ​ អាច​​ជា​សញ្ញា​​បង្ហាញ​ពី​ការ​ត្រួត​ពិនិត្យ​យ៉ាង​តឹង​រ៉ឹង​ ដែល​​បក្ស​គ្រោង​នឹង​អនុវត្ត​ចំពោះ​ក្រុម​ហ៊ុន​ចិន​ រួម​ទាំង​ក្រុមហ៊ុន​ TikTok ​ដែល​ធ្លាប់​ជា​គោលដៅ​នៃ​រដ្ឋបាល​​អាមេរិក​ក្រោម​ការ​ដឹក​នាំ​របស់​អតីត​ប្រធានាធិបតី​ ដូណាល់​ ត្រាំ​។  ​

យ៉ាង​ណា​មិញ​ គេ​​​សង្កេត​ឃើញ​ផង​ដែរ​ថា​ ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ ចូ​ បៃដិន​ ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​​សម្តែង​​ការ​ព្រួយ​បារម្ភ​អំពី​ក្រុមហ៊ុន​ TikTok ​ផង​ដែរ​។​ ប្រធានទីភ្នាក់​ស៊ើប​អង្កេត​សហព័ន្ធ​ (FBI)​ លោក​ Christopher Wray ​បាន​​​លើក​ឡើង​កាល​ពី​​ដើម​ខែ​នេះ​ថា​ រដ្ឋាភិបាល​ចិន​អាច​ប្រើ​ប្រាស់ TikTok ​​ ដើម្បី​មាន​ឥទ្ធិពល​លើ​អ្នក​ប្រើ​ប្រាស់​ ឬ​គ្រប់​គ្រង​ឧបករណ៍​របស់​ពួក​គេ​។​

​ជុំ​វិញ​បញ្ហា​ដដែល​ សមាជិក​សភា​អាមេរិកបក្ស​សាធារណរដ្ឋ​​ ក៏​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​ ​​TikTok ​ផ្តល់​សេចក្តី​ព្រាង​នៃ​កិច្ច​ព្រម​ព្រៀង​ណា​មួយ​ដែល​កំពុង​ចរចា​ជាមួយ​រដ្ឋបាល​ បៃដិន​ ដើម្បី​អនុញ្ញាត​​​ឱ្យ​កម្មវិធី​​​របស់​ខ្លួន​​នៅ​តែ​ដំណើរ​ការ​នៅ​សហរដ្ឋ​អាមេរិក​ផង​ដែរ​។  ​

​គួរ​បញ្ជាក់​ថា​ នៅ​ឆ្នាំ​ ២០២០ គណៈកម្មាធិការ​របស់​រដ្ឋាភិបាល​​សម្រាប់​ការ​វិនិយោគ​បរទេស​នៅ​សហរដ្ឋ​អាមេរិក​ (CFIUS) ​ដែល​ពិនិត្យ​មើល​លើ​​សន្តិសុខ​ជាតិ​លើ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​បរទេស ​​ ​ ​បាន​បញ្ជា​ឱ្យ​​ក្រុមហ៊ុន​ ByteDance ​ដក​​កម្មវិធី​ TikTok ចេញ​ ដោយ​សារ​តែ​បារម្ភ​ថា​ ទិន្នន័យ​អ្នក​ប្រើ​ប្រាស់​​​អាមេរិក​អាច​ត្រូវ​បាន​បញ្ជូន​ទៅ​រដ្ឋាភិបាល​កុម្មុយនិស្ត​ចិន​។​ អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​នេះ CFIUS ​និង​ TikTok ​​បា​ន​​ពិភាក្សា​គ្នា​​​ក្នុង​គោល​បំណង​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​សន្តិសុខ​ជាតិ​ដើម្បី​ការពារ​ទិន្នន័យ​របស់​អ្នក​ប្រើ​ប្រាស់​កម្មវិធី TikTok ​ ​ជាង​ ១០០ លាន​នាក់​នៅ​សហរដ្ឋ​អាមេរិក​។ ​​ ​

យ៉ាង​ណា​មិញ​ ​កាល​ពី​ខែ​​មិថុនា​ ឆ្នាំ​ ២០២១ លោក​ប្រធានាធិបតី​​ បៃដិន​ ​ បាន​ដក​ចេញ​នូវ​បទ​បញ្ជា​ប្រតិបត្តិ​របស់​​លោក​ ត្រាំ​ ​ជា​ច្រើន​​​ ដែល​ព្យាយាម​ហាម​ឃាត់​ការ​ទាញ​យក​កម្មវិធី​ TikTok ​ថ្មី​ ហើយ​បាន​បញ្ជា​ឱ្យ​នាយកដ្ឋាន​ពាណិជ្ជកម្ម​ធ្វើ​ការ​ពិនិត្យ​ឡើង​វិញ​ អំពី​កង្វល់​សុវត្ថិភាព​ដែល​បង្ក​ឡើង​ដោយ​កម្មវិធី​៕ ​

ដោយ៖ហួន ឌីណា

ប្រភព៖ US House Republicans press TikTok on Chinese data sharing www.channelnewsasia.com

TikTok draws bipartisan fire in US on China surveillance concern www.scmp.com

ads banner