មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ទទួលបានអាគារវះកាត់ថ្មីមួយខ្នងទៀត តម្លៃជាង ២២ម៉ឺនដុល្លារអាមេរិក

កំពង់ស្ពឺ៖ អាគារវះកាត់មួយខ្នង ដែលជាអំណោយរបស់សប្បុរសជននៃប្រទេសអូស្ត្រាលី សម្រាប់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដែលចំណាយទឹកប្រាក់អស់ជាង ២២ម៉ឺនដុល្លាសហរដ្ឋអាមេរិក ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមវត្តមានលោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ។

លោកវេជ្ជបណ្ឌិត ហុក គ្រី បានលើកឡើងថា មន្ទីរពេទ្យបង្អែកខេត្ត បានទទួលអាគារវះកាត់មួយខ្នងដែលអំណោយរបស់លោក christopher Keenan និងRotary Osborne park និងសប្បុរសជនផ្សេងទៀតរបស់ប្រទេសអូស្ត្រាលី។ ការផ្តល់អាគារវះកាត់មួយខ្នងនេះ គឺធ្វើឡើងស្របពេលដែលមន្ទីរពេទ្យបង្អែកខេត្តកំពុងប្រឈមនិងការខ្វះខាតអគារសម្រាប់អ្នកជំងឺដែលមកវះកាត់ផងដែរ។

លោកវេជ្ជបណ្ឌិតបានបន្ថែមថា ក្នុងរយៈពេល៣ឆ្នាំមកនេះ ថ្វីត្បិតតែមានការរីករាលដាលនៃជំងឺកូវីដ-១៩ខ្លាំងក្លា តែចំនួនអ្នកជំងឺដែលមកទទួលយកសេវាព្យាបាលនៅមន្ទីរពេទ្យមានការកើនឡើងស្ទើរគ្រប់ផ្នែកទាំងអស់គួរឱ្យកត់សម្គាល់ ពិសេសផ្នែកវះកាត់ ដែលក្នុងនោះមានការវះកាត់ទូទៅ ការវះកាត់ផ្នែកសម្ភព និងរោគស្ត្រី ការវះកាត់ផ្នែកឆ្អឹង។ មន្ទីរពេទ្យខេត្តមានបន្ទប់វះកាត់តែមួយគត់សម្រាប់ដំណើរការវះកាត់គ្រប់ផ្នែកទាំងអស់ក្នុងមន្ទីរពេទ្យ ហើយពេលខ្លះត្រូវបង្ខំចិត្តបញ្ជូនអ្នកជំងឺបន្តទៅធ្វើការវះកាត់នៅឯមន្ទីរពេទ្យរាជធានីភ្នំពេញ។

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ផងដែរថា ចំពោះអាគារដែលជាអំណោយរបស់សប្បុរសជនប្រទេសអូស្ត្រាលីសម្រាប់មន្ទីរពេទ្យខេត្តគឺបានបំពាក់សំភារៈបរិក្ខាសំរាប់វះកាត់អ្នកជំងឺរួចជាស្រេច និងបានរៀបចំឡើងយ៉ាងប្រណិតទៅតាមស្តង់ដារបច្ចេកទេស សម្រាប់បំពេញតម្រូវការក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ៕
ម៉ុន សំអាត

ads banner