ផ្ទុះការតវ៉ាដោយហិង្សា នៅរោងចក្រផលិតទូរស័ព្ទអាយហ្វូន របស់ក្រុមហ៊ុន អេបផល នៅចិន

ចិន៖ កម្មកររាប់រយនាក់នៅរោងចក្រ Foxconn Technology Group ដែលជារោងចក្រផលិតទូរស័ព្ទអាយហ្វូន (iPhone) របស់ក្រុមហ៊ុន អេបផល(Apple Inc. )នៅក្នុងប្រទេសចិន បានធ្វើការបាតុកម្មតវ៉ាជុំវិញបញ្ហានៃការបើកប្រាក់ឈ្នួល។ ហេតុការណ៍នោះបណ្ដាលឱ្យមានការប៉ះទង្គិចគ្នាដោយហិង្សាជាមួយបុគ្គលិកសន្តិសុខ ខណៈចិនរឹតបណ្ដឹងគោលការណ៍បិទខ្ទប់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។

យោងតាមសេចក្ដីរាយការណ៍របស់បណ្ដាញព័ត៌មាន Bloomberg ដែលស្រង់សកម្មភាពវិដេអូផ្សេងៗពីកន្លែងបាតុកម្ម ក្រុមកម្មករបាននាំគ្នាសម្រុកការតវ៉ានៅព្រឹកព្រលឹមថ្ងៃពុធទី ២៣ ខែវិច្ឆិកា ដោយធ្វើឱ្យមានការប៉ះទង្គិចគ្នា ជាមួយក្រុមអ្នកពាក់អាវឃ្លុំខ្លួនពណ៌ស ដែលគេឱ្យដឹងថាជាអ្នកយាមល្បាត។

សាក្សីពីកន្លែងកើតហេតុបានអះអាងថា ក្រុមកម្មករធ្វើការតវ៉ាជុំវិញបញ្ហាប្រាក់ខែដែលមិនទាន់បើកនិងការព្រួយបារម្ភអំពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ប្រភពដដែលបានបន្តថា កម្មករជាច្រើននាក់បានរងរបួស ហើយប៉ូលីសប្រឆាំងកុបកម្មបានមកដល់កន្លែងកើតហេតុកាលពីថ្ងៃពុធ ដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញ។

អ្នកតំណាងរោងចក្រ Foxconn មិនទាន់ចេញមុខប្រតិកម្មយ៉ាងណានោះទេ។ យ៉ាងណាក៏ដោយ ករណីដ៏កម្រនៃអំពើហិង្សាក្នុងរោងចក្រនៅកណ្តាលទីក្រុង Zhengzhou ដែលគេហៅថាជា «ទីក្រុងអាយហ្វូន» នេះ ឆ្លុះបញ្ចាំងពីការកើនឡើងនៃភាពតានតឹង ចាប់តាំងពីការបិទខ្ទប់កូវីដចាប់ផ្ដើមនៅក្នុងខែតុលា។ ការបិទខ្ទប់នេះ បានធ្វើឱ្យមនុស្សជាច្រើនក្នុងចំណោមពលករជាង ២០០ ០០០ ត្រូវធ្វើចត្តាឡីស័ក ដែលធ្វើឱ្យកម្មករជាច្រើននាក់រត់ចេញពីរោងចក្រនេះកាលពីខែមុន។

ក្រុម Foxconn និងរដ្ឋាភិបាលក្នុងតំបន់ ហាក់ដូចជាបានគ្រប់គ្រងស្ថានការណ៍ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសន្យាថានឹងផ្តល់ប្រាក់ឈ្នួលខ្ពស់ខុសពីប្រក្រតី ដើម្បីទាក់ទាញបុគ្គលិកថ្មី និងសន្យាលក្ខខណ្ឌការងារកាន់តែប្រសើរឡើងជាងមុន។

ប៉ុន្តែការតវ៉ានាព្រឹកថ្ងៃពុធនេះ បង្ហាញថាការសន្យាទាំងនោះ ប្រហែលជាមិនដំណើរទៅតាមមាត់ ហើយវាក៏គូសបញ្ជាក់ពីគោលនយោបាយសូន្យកូវីដរបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង ដែលផ្អែកលើការបិទខ្ទប់ ដែលធ្វើឱ្យប៉ះពាល់ខ្លាំងលើសេដ្ឋកិច្ច និងខ្សែសង្វាក់ផ្គត់ផ្គង់របស់ពិភពលោក។ ថ្មីៗនេះទីក្រុងប៉េកាំង បានចេញសេចក្តីណែនាំថ្មីដោយបញ្ជាឱ្យមន្ត្រីកាត់បន្ថយការរំខានផ្សេងៗ ប៉ុន្តែការកើនឡើងនៃការឆ្លងរាលដាលកូវីដនៅក្នុងទីក្រុងធំៗ បានបង្ខំឱ្យអាជ្ញាធរមូលដ្ឋានទប់ស្កាត់យ៉ាងតឹងរ៉ឹងម្តងទៀត។

គួរបញ្ជាក់ថា អំពើហិង្សាផ្សេងៗបានផ្ទុះឡើងជាបន្តបន្ទាប់នៅទូទាំងប្រទេសចិន ជុំវិញការរឹតបណ្ដឹងកូវីដ។ កាលពីខែឧសភា កម្មកររាប់រយនាក់បានប៉ះទង្គិចជាមួយបុគ្គលិកសន្តិសុខនៅរោងចក្រផលិតកុំព្យូទ័រ Quanta Computer Inc. ក្នុងទីក្រុងសៀងហៃ ក្រោយពួកគេជាប់មិនអាចចេញទៅណាអស់រយៈពេលជាច្រើនខែ ខណៈការតវ៉ាបន្ទាប់មកទៀត ក៏កើតមាននៅក្នុងតំបន់បិទខ្ទប់កូវីដក្នុងក្រុង Guangdong ដែលជាមជ្ឈមណ្ឌលផលិតកម្មភាគខាងត្បូង៕ ដោយ៖ ហួន ឌីណា

ads banner