ឯកឧត្តម សក់ សេដ្ឋា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ លើសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ រយៈពេល ៥ឆ្នាំ

ភ្នំពេញ ៖ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ រយៈពេល ៥ឆ្នាំ ដោយមានការអញ្ជើញចូលរួមពី អនុប្រធានក្រុមការងារ, អនុប្រធានអចិន្ដ្រៃយ៍ និងសមាជិក-សមាជិកា នៃក្រុមការងាររដ្ឋាភិបាលឌីជីថល ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នៅទីស្តីការក្រសួងមហាផ្ទៃ ។

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ មានប្រសាសន៍បើកអង្គប្រជុំថា តាមគោលការណ៍របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យរៀបចំយុទ្ធសាស្ដ្ររួមមួយ ដើម្បីដំណើរការនូវការងាររដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាព័ត៌មានក្រសួងមហាផ្ទៃ។

ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ ក៏បានថ្លែងអំណរគុណចំពោះក្រុមការងាររដ្ឋាភិបាលឌីជីថលទាំងអស់ ដែលបានខិតខំប្រឹងប្រែងធ្វើកិច្ចការងារ លើសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្រសួងមហាផ្ទៃ បានល្អប្រសើរ ។

ឯកឧត្តមឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គលេខាធិការរង និងជាប្រធានលេខាធិការដ្ឋាន ក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ បានធ្វើសេចក្ដីរាយការណ៍ ស្ដីពីដំណើរការ និងវឌ្ឍនភាពការងារនៃការរៀបចំសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃថា ក្រុមការងារលេខាធិការដ្ឋាន ដែលមានតំណាងមកពីអគ្គនាយកដ្ឋានពាក់ព័ន្ធ បានដំណើរការការងារជាអាទិភាព ដែលជាផែនទីបង្ហាញផ្លូវពាក់ព័ន្ធនឹងបច្ចេកវិទ្យាជូន អគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ យកទៅអនុវត្តស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមកិច្ចឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងស្របតាមបរិបទនៃបដិវត្តន៍ឧស្សាហ៍កម្ម ៤.០ ក្នុងគោលបំណងដើម្បីយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាព ដែលអាចវាស់វែងបាននូវសូចនាករ និងពេលវេលា ដើម្បីឱ្យទទួលបានជោគជ័យ ស្របតាមផែនការដែលបានដាក់ចេញ ព្រមទាំងជួយជំរុញការអភិវឌ្ឍវិស័យឌីជីថល ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃផងដែរ។

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ បានណែនាំដល់ក្រុមការងារទាំងអស់ ឱ្យពិនិត្យបានល្អិតល្អនលើសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ រយៈពេល ៥ឆ្នាំ ដើម្បីអគ្គលេខាធិការដ្ឋានមានមូលដ្ឋានរៀបចំឯកសារទាំងនេះបន្តដាក់ជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ត្រឹមចុងឆ្នាំ២០២២ ដើម្បីពិនិត្យ និងសម្រេចសម្រាប់ជាផែនទីបង្ហាញផ្លូវ ក្នុងរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៣ ទៅដល់ឆ្នាំ២០២៧ខាងមុខនេះ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner