លោកបណ្ឌិត គិន ភា៖ អ្នកវិភាគមួយចំនួននិយាយគ្មានការពិតរឿងអវត្តមានសម្តេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំ G20-APEC

ភ្នំពេញ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ប្រាប់ AMS ថា ការលើកឡើងរបស់អ្នកវិភាគនៅក្រៅស្រុកម្នាក់ជាមួយសារព័ត៌មានឌឹខេមបូឌាដេលី ពាក់ព័ន្ធជាមួយនឹងអវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំប្រទេស G20 និងកិច្ចប្រជុំ APEC គឺជាការនិយាយបែបស្មានៗ ពីព្រោះមូលហេតុពិតប្រាកដពាក់ព័ន្ធជាមួយនឹងអវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន គឺសម្តេចបានបញ្ជាក់ច្បាស់ហើយ គឺសម្តេចបានឆ្លងវីរុសកូវីដ-១៩ ដែលមិនអាចអនុញ្ញាតឱ្យសម្តេចចូលរួមក្នុងកិច្ចប្រជុំបាន។ ពាក់ព័ន្ធជាមួយនឹងការមិនចាត់តំណាងនោះ ពីព្រោះទី១.គណៈប្រតិភូទាំងអស់បានរួមដំណើរជាមួយសម្តេច សុទ្ធតែជាអ្នកពាក់ព័ន្ធដែលបង្កឱ្យមានការពិបាកសម្រាប់ឥណ្ឌូនេស៊ីដែលជាប្រទេសរៀបចំកិច្ចប្រជុំ G20។ ទី២.ត្រូវដឹងថា កិច្ចប្រជុំ G20 ក្តី និងកិច្ចប្រជុំ APEC ក្តី គេអញ្ជើញកម្ពុជា គឺក្នុងនាមប្រធានអាស៊ាន គេមិនមែនអញ្ជើញតំណាងប្រទេសកម្ពុជាទេ។ ដូច្នេះសម្តេចតេជោ ហ៊ុន សែន លោកច្បាស់ពីការងារការទូតនេះ ដែលមិនអាចចាត់តំណាងទៅចូលរួមកិច្ចប្រជុំបានទេ។ អ៊ីចឹងអ្វីៗ គឺវាច្បាស់លាស់អស់ហើយ។

លោកបណ្ឌិត គិន ភា បានបញ្ជាក់ថា “យើងត្រូវដឹងថា កិច្ចប្រជុំធំបែបនេះ គឺមិនមែនគេធ្វើឡើងដោយខ្ជីខ្ជាតាមការនឹកឃើញទេ ទាំងការអញ្ជើញ ទាំងការគិតគូរទៅលើរបៀបវារៈ សូម្បីតែកន្លែងអង្គុយឡើងទៅ សុទ្ធតែគិតគូរយ៉ាងលល្អិតល្អន់។ ជាក់ស្តែងដូចជាយើងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធកន្លងមកនេះ គឺគិតគូរល្អិតល្អន់ សូម្បីតែសមាសភាពភ្ញៀវចូលរួម គឺមិនមែនអ្វីៗកើតឡើងដោយការចៃដន្យនោះទេ។ អវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំ G20 និងកិច្ចប្រជុំ APEC គឺមិនមានការពាក់ព័ន្ធនឹងចំណុចណាមួយក្រៅតែអំពីការដែលសម្តេចឆ្លងកូវីដ-១៩ ហើយមិនអាចចាត់តំណាងបានដោយសារតែការអញ្ជើញនោះ គឺការអញ្ជើញប្រធានអាស៊ាន មិនមានអ្នកណាម្នាក់ដែលតំណាងកម្ពុជាទៅនៅក្នុងនាមជាប្រធានអាស៊ានបានទេ ចំណុចនេះត្រូវតែឲ្យច្បាស់ទាំងអស់គ្នា”។

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាបានបន្តថា អ្នកវិភាគមួយចំនួននៅក្រៅស្រុក ហើយដែលបន្លឺសំឡេងដោយសារព័ត៌មានមួយចំនួននៅខាងក្រៅស្រុក ហាក់ដូចជាមិនមានមូលដ្ឋានចំណេះដឹងនៅក្នុងកិច្ចការអន្តរជាតិ ហើយបានធ្វើការអត្ថាធិប្បាយផ្សេងៗ ដែលមិនឆ្លុះបញ្ចាំងអំពីតថភាពជាក់ស្តែង ដែលមិនឆ្លុះបញ្ចាំងអំពីចំណេះដឹងខាងកិច្ចការអន្តរជាតិ ឬខាងទំនាក់ទំនងអន្តរជាតិ និងកិច្ចការការទូត។ ពួកគាត់ (អ្នកវិភាគ) មានចេតនាធ្វើយ៉ាងណាមានការយល់ច្រឡំ ឬធ្វើយ៉ាងដើម្បីទម្លាក់នៅកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា។ សូម្បីតែកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលយើងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក៏ពួកគេធ្វើការវាយតម្លៃទាបដែរ ដែលគេថា ប្រទេសកម្ពុជាដឹកនាំឱ្យបរាជ័យនៅតួនាទីជាប្រធានអាស៊ានទាំងបីលើក។ ការលើកឡើងបែបនេះ គឺវាមិនត្រឹមត្រូវទេ ហើយក៏មិនឆ្លុះបញ្ចាំងអំពីទឹកចិត្ត ឬក៏មនោសញ្ចេតនាជាខ្មែរដែរ។ កិច្ចប្រជុំកំពូលអាស៊ាននេះ គឺកម្ពុជាទទួលបានផលប្រយោជន៍ច្រើនសម្រាប់ប្រជាជាតិកម្ពុជាយើង។

ប្រភពដដែលបានបញ្ជាក់ទៀតថា តាមរយៈកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាជាប្រធាន ជាអ្នករៀបចំ ជាម្ចាស់ផ្ទះលើកនេះ គឺទទួលបានភាពជោគជ័យដ៏ត្រចះត្រចង់មួយសម្រាប់ប្រជាជាតិខ្មែរយើង។ យើងឈរលើចំណុចមួយចំនួនដែលយើងគួរតែពិនិត្យ គួរតែផ្តល់តម្លៃ ទី១.ភាពជោគជ័យនេះ វាជាមោទននភាពជាតិខ្មែរយើង ជាកិត្យានុភាពជាតិខ្មែរយើង សម្រាប់ប្រជាជាតិខ្មែរទាំងមូល មិនមែនសម្រាប់តែរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាទេ ក៏ប៉ុន្តែជាមោទនភាពជាតិ ជាកិត្យានុភាពជាតិ សម្រាប់ប្រជាជាតិខ្មែរទាំងមូលដែលប្រជាជនគ្រប់រូបដែលនរណាក៏អាចទទួលបាននូវមោទនភាពជាតិ និងកិត្យាភាពជាតិនេះដែរ។ ទី២.វាបង្ហាញអំពីសមត្ថភាពរបស់កម្ពុជាក្នុងឋានៈជារដ្ឋមួយដែលមានកាតព្វកិច្ចជាអន្តរជាតិ ដែលមានកាតព្វកិច្ចសម្រាប់មនុស្សជាតិ។ ប៉ុន្តែទាំងអស់នេះបង្ហាញឱ្យឃើញថា កម្ពុជាមានសុខសន្តិភាពពេញលេញ។ កត្តាសុខសន្តិភាពនេះហើយ ធ្វើឱ្យកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ អាចប្រព្រឹត្តទៅបានហើយទទួលបានជោគជ័យដ៏ត្រចះត្រចង់។ ចំណុចមួយទៀត គឺការគ្រប់គ្រងបានល្អប្រសើរ នៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានខិតខំដែលរួមចំណែកធ្វើឱ្យកិច្ចប្រជុំបែបនេះកើតឡើងជាលក្ខណៈផ្ទាល់ ហើយមេដឹកនាំពិភពលោក គណៈប្រតិភូនានាដែលអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំ រាប់ទាំងបងប្អូនអ្នកសារព័ត៌មានផង និងភាគីពាក់ព័ន្ធនានា សមាជិកដែលចូលរួមក្នុងកិច្ចប្រជុំកពូល និងកិច្ចប្រជុំពាក់ព័ន្ធ គឺម្នាក់ៗមានអារម្មណ៍ប្រកបដោយទំនុកចិត្តមិនខ្វល់ពីការឆ្លងកូវីដ-១៩ ពីព្រោះយើងជោគជ័យនៅក្នុងប្រទេសរបស់យើង ហើយសុខសុវត្ថិភាព ហើយម្នាក់ៗពោរពេញទៅដោយស្នាមញញឹម។ ទាំងអស់ហ្នឹងក៏រំលេចពីធនធានមនុស្សរបស់យើង។ លោកអាចនិយាយដោយមោទនភាពថា ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ គឺបង្ហាញពីសមត្ថភាពខ្ពស់នៃធនធានមនុស្សរបស់យើង ក្នុងការរៀបចំឯកសាររាប់រយឯកសារក្នុងការសម្របសម្រួលការងារបច្ចេកទេសរាប់សិបការងារជាមួយបណ្តាប្រទេសពាក់ព័ន្ធទាំងអស់ ហើយយើងបានទទួលនូវឯកសារដែលជាលទ្ធផលនៃកិច្ចប្រជុំទាំងអស់បានដោយរលូន។ ពាក្យពេជន៍ទាំងឡាយដែលមាននៅក្នុងឯកសារទាំងអស់នោះ គឺសុទ្ធតែជាពាក្យពេជន៍ដែលគ្រប់ភាគីពាក់ព័ន្ធ ទោះបីភាគីដែលស្ថិតនៅក្នុងជម្លោះជាមួយគ្នាដោយប្រដាប់អាវុធ តួយ៉ាងដូចជា រុស្ស៊ី អ៊ុយក្រែន ក៏ទទួលពាក្យពេជន៍ទាំងអស់នោះបានដែរ។ នេះគឺជាមោទនាភាពជាតិមួយធំថេងណាស់! ហើយបង្ហាញពីធនធានមនុស្សរបស់កម្ពុជាយើងដែលគួរតែផ្តល់តម្លៃ ផ្តល់នូវការកោតសរសើរសម្រាប់បងប្អូងយើងមន្ត្រីរាជការដែលទទួលបន្ទុកកិច្ចការការងារឯកសារ កិច្ចការងារសម្របសម្រួលជាមួយនឹងដៃគូ ជាមួយនឹងអាស៊ាន ជាពិសេសថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការបរទេស និងក្រសួងពាក់ព័ន្ធដែលជាឧត្តមមន្ត្រីអាស៊ាននៃកម្ពុជាយើង ធ្វើការប្រកបដោយគុណភាព វិជ្ជាជីវៈ ហើយទទួលបានលទ្ធផល ដែលលោកមានមោទនភាពជាមួយនឹងឯកសារទាំងអស់នោះ ជាមួយនឹងសមត្ថភាពការទូត ជាមួយនឹងសមត្ថភាពនៃការសម្របសម្រួលរបស់ពួកគាត់ ជាមួយនឹងប្រទេសដែលជាសមាជិកអាស៊ាន និងដៃគូអាស៊ានទាំងអស់។

លោកបណ្ឌិត គិន ភា បានលើកឡើងថា ពាក់ព័ន្ធជាមួយនឹងធនធានថវិកាក៏ជាមោទនភាពជាតិមួយដែរ បើសិនជាយើងមិនមានសមត្ថភាពខាងហិរញ្ញវត្ថុ ខាងសេដ្ឋកិច្ចទេ ក៏យើងពិបាកក្នុងការទទួលភ្ញៀវដ៏ច្រើនក្នុងកម្រិតកំពូលលំដាប់បែបនេះបានដែរ។ បើក្រឡេកមកមើលការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនថ្នាក់ដឹកនាំនៅក្នុងកិច្ចប្រជុំទាំងអស់ តាំងពីការធ្វើដំណើរមកដល់របស់ពួកគាត់ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រហូតដល់សណ្ឋាគារដែលពួកគាត់ស្នាក់នៅ និងទៅដល់ទីកន្លែងប្រជុំ គឺបានរៀបចំបានល្អឥតខ្ចោះ ដែលទាំងអស់នេះកោតសរសើរអាជ្ញាធរដល់មន្ត្រីនគរបាល ដល់មន្ត្រីកងរាជអាវុធហត្ថ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ប្រកបដោយស្មារតីទទួលខសុត្រូវខ្ពស់នៅក្នុងការរៀបចំរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ហើយកោតសរសើរប្រជាពលរដ្ឋដែលផ្តល់កិច្ចសហការខ្ពស់ ហើយបង្ហាញនូវស្នាមញញឹម បង្ហាញនូវមោទភាពនូវអ្វីដែលកម្ពុជាកំពុងរៀបចំ។ កិច្ចសហការ និងស្នាមញញឹមរបស់ប្រជាពលរដ្ឋ គឺមានតម្លៃជាស្មារតីជាបេះដូង ជាអនុស្សាវរីយ៍សម្រាប់ភ្ញៀវដែលត្រឡប់ទៅវិញជាមួយនឹងភាពកក់ក្តៅដែលទទួលបានពីប្រជាជនកម្ពុជាដែលស្វាគមន៍ពួកគាត់។

លោកបណ្ឌិត គិន ភា បានបន្ថែមថា អ្វីដែលទទួលបាន គឺតួនាទីរបស់កម្ពុជាលើឆាកអន្តរជាតិ គឺកាន់តែលេចត្រដែតឡើង គឺមោទនភាពណាស់ ដែលប្រទេសកម្ពុជាជាប្រទេសដែលធ្លាប់ត្រូវបានហែកហួរដោយសង្គ្រាម ជាប្រទេសដែលគេហ៊ុមព័ន្ធខាងនយោបាយ និងសេដ្ឋកិច្ច ជាប្រទេសដែលធ្លាប់រងគ្រោះដោយការប្រកួតប្រជែងខាងមនោគមន៍វិជ្ជានយោបាយ ការសាកល្បងអាវុធ និងទីកន្លែងវាលពិឃាត អត់ឃ្លាន។ ឥឡូវនេះ គឺកម្ពុជាជាកន្លែងដែលគេអាចប្រើប្រាស់ការពិភាក្សាដោយសន្តិភាព សម្របសម្រួលឱ្យភាគីដែលមានជម្លោះនឹងគ្នាអាចអង្គុយជាមួយគ្នា ដោយសប្បាយអង្គុយតុបាយជាមួយគ្នា។ នេះគឺជាមោទនភាព ហើយប្រជាជាតិទាំងមូលពិតជាមានសេចក្តីអំណរចំពោះជោគជ័យនេះ។ ទំនាក់ទំនងទ្វេភាគី ពហុភាគី របស់កម្ពុជាកាន់តែប្រសើរឡើងតាមរយៈកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ លោកមានមោទនភាពថា កម្ពុជាពីពេលនេះតទៅ គឺធ្វើការក្នុងក្របខ័ណ្ឌទ្វេភាគីក្តី ពហុភាគីក្តី ក្នុងក្របខ័ណ្ឌតំបន់ក្តី ក្នុងក្របខ័ណ្ឌតំបន់ក្តី ក្នុងក្របខ័ណ្ឌពិភពលោកក្តី គឺយើងធ្វើការដោយស្មើមុខ និងស្មើសិទ្ធិ ក្នុងនាមជារដ្ឋអធិបតេយ្យមួយ ក្នុងនាមជាសមាជិកមួយនៃអង្គការសហប្រជាជាតិ ក្នុងនាមជាសមាជិកមួយនៃអាស៊ាន ដូច្នេះកម្ពុជាគឺមានមោទនភាព មានសុទិដ្ឋនិយម កាន់តែខ្លាំងឡើងសម្រាប់ប្រជាជាតិយើងពីនេះតទៅមុខទៀត៕
ដោយ៖ពលជ័យ

ads banner