សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីជូនភាគីអាមេរិកពីជំហរម៉ឺងម៉ាត់របស់កម្ពុជាមិនអនុញ្ញាតឱ្យមានវត្តមាន មូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីកម្ពុជា

ភ្នំពេញ៖ឆ្លើយតបនឹងកង្វល់របស់សហរដ្ឋអាមេរិកទាក់ទងនឹងមូលដ្ឋានកងទ័ពជើងទឹករាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​បានបញ្ជាក់ជាថ្មីពីជំហរម៉ឺងម៉ាត់របស់កម្ពុជាមិនអនុញ្ញាតឱ្យ មានវត្តមានមូលដ្ឋាន​​យោធាបរទេសណាមួយនៅលើទឹកដីកម្ពុជា ដូចដែលត្រូវបានហាមឃាត់ដោយរដ្ឋធម្មនុញ្ញ និងបានធានាអំពីតម្លាភាពក្នុងការប្រើប្រាស់កំពង់ផែនេះ ផងដែរ។

ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយតំណាងរាស្ត្រគឺឯកឧត្តម ហ្គ្រឺហ្គូរី មីក (Gregory W. Meeks) ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៣ខែវិច្ឆិកានៅវិមានសន្តិភាពក្នុងឱកាសដែលឯកឧត្តមតំណាងរាស្រ្តមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួម មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (AIPA)។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីជូនភាគីអាមេរិកពីជំហរម៉ឺងម៉ាត់របស់កម្ពុជាមិនអនុញ្ញាតឱ្យមានវត្តមាន មូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីកម្ពុជា

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅព្រឹកថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២២បានបង្ហាញថានៅក្នុងជំនួបពិភាក្សាភាគីទាំងពីរ បានប្តេជ្ញាពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាមេរិក។សម្តេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្តៅនិងអបអរសាទរចំពោះសភាតំណាងរាស្រ្តសហរដ្ឋអាមេរិកដែលបានក្លាយជាសភាសង្កេតការណ៍របស់AIPA។
ឆ្លើយតបនឹងកង្វល់របស់សហរដ្ឋអាមេរិកទាក់ទងនឹងមូលដ្ឋានកងទ័ពជើងទឹករាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ជាថ្មីពីជំហរម៉ឺងម៉ាត់របស់កម្ពុជាមិនអនុញ្ញាតឱ្យ មានវត្តមានមូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីកម្ពុជា ដូចដែលត្រូវបានហាមឃាត់ដោយរដ្ឋធម្មនុញ្ញ និងបានធានាអំពីតម្លាភាពក្នុងការប្រើប្រាស់កំពង់ផែនេះ ផងដែរ។

សម្តេចតេជោបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចដាច់ដោយឡែកពីគ្នាមកកាន់កម្ពុជានៅក្នុងរយៈពេលពីរសប្តាហ៍ នេះ របស់ ឯកឧត្តមប្រធានាធិបតី ចូ បៃដិន (Joe Biden) ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូល ពាក់ព័ន្ធ ឯកឧត្តមប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្រ្ត ហ្គ្រឺហ្គូរី មីក ដើម្បីចូលរួមកិច្ចប្រជុំ AIPA និង ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិ ឡយ អូស្ទីន (Lloyd Austin) ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM -Plus)ដោយគូសបញ្ជាក់ថាការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំទាំងនេះបានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្ត
របស់សហរដ្ឋអាមេរិកចំពោះតំបន់ក៏ដូចជាការផ្តល់តម្លៃដល់កម្ពុជាក្នុងនាមជាប្រទេសម្ចាស់ផ្ទះនៃព្រឹត្តិការណ៍សំខាន់ៗខាងលើនេះ។

ចំណែកឯកឧត្តមតំណាងរាស្ត្រ ហ្គ្រឺហ្គូរី មីកបានវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ទាំងបីខាងលើប្រកបដោយជោគជ័យ ខណៈដែលតំបន់ និងពិភពលោកកំពុងប្រឈមនឹងបញ្ហាជាច្រើន ហើយ ឯកឧត្តម ក៏បានកោតសរសើរសម្តេចតេជោនាយករដ្ឋមន្ត្រីចំពោះភាពជាអ្នកដឹកនាំរបស់សម្តេចក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ ផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកអំពីដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ទីក្រុងវ៉ាស៊ីនតោន ឌី.ស៊ីកាលពីខែ ឧសភាកន្លងទៅ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលរៀបចំឡើងដោយ ឯកឧត្តមប្រធានាធិបតី ចូ បៃដិន ហើយដែលជាឱកាសសម្រាប់កម្ពុជាចូលរួមចំណែកក្នុងនាមជាប្រធានអាស៊ានប្តូរវេន ដល់ការលើកកម្ពស់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» និងបានរំលឹកអំពីជំនួបប្រកបដោយស្ថាបនា រវាងរូបសម្តេចផ្ទាល់ និងឯកឧត្តមប្រធានាធិបតី ចូ បៃដិន នាពេលថ្មីៗនេះ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីជូនភាគីអាមេរិកពីជំហរម៉ឺងម៉ាត់របស់កម្ពុជាមិនអនុញ្ញាតឱ្យមានវត្តមាន មូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីកម្ពុជា

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្ដមតំណាងរាស្ត្រ ហ្គ្រឺហ្គូរី មីក បានសម្តែងនូវសេចក្តីពេញចិត្ត ចំពោះការវិវត្តនៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិកព្រមទាំងបានពិភាក្សានិងមានទស្សនៈដូចគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត។ ឯកឧត្ដមតំណាងរាស្ត្របានអះអាងជូនសម្តេចតេជោថាសហរដ្ឋអាមេរិកចាត់ទុកសម្តេចជា «មិត្ត» ហើយនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្ដេច ខណៈពេលដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទំនាក់ទំនង កម្ពុជា-សហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ន មានភាពល្អប្រសើរជាងពេលណាៗទាំងអស់ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតកាលពី៧២ឆ្នាំមុន ហើយថា ប្រទេសទាំងពីរនឹងក្លាយជាដៃគូនាពេលអនាគត។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជម្រាប ឯកឧត្ដមតំណាងរាស្ត្រ ហ្គ្រឺហ្គូរី មីក អំពីដំណើរការ ប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេស ការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ ដោយសេរី និងយុត្តិធម៌ នៅខែមិថុនា កន្លងមកនេះនិងការត្រៀមរៀបចំរបស់កម្ពុជានិងគណបក្សនយោបាយនានាសម្រាប់ការបោះឆ្នោតជាតិនាពេលខាងមុខ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្ដមតំណាងរាស្ត្រ ហ្គ្រឺហ្គូរី មីក ក៏បានផ្លាស់ប្តូរទស្សនៈ លើការវិវឌ្ឍសំខាន់ៗក្នុងតំបន់ និងសកលលោកផងដែរ រួមទាំងស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា និងសង្រ្គាមនៅប្រទេសអ៊ុយក្រែន ហើយដែលក្នុងឱកាសនោះ ឯកឧត្ដមតំណាងរាស្ត្រ បានកោតសរសើរសម្តេចតេជោនាយករដ្ឋមន្ត្រី សម្រាប់គោលជំហររបស់កម្ពុជាចំពោះសង្គ្រាមនៅអ៊ុយក្រែន និងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា៕ដោយ៖ពលជ័យ

ads banner