សម្ដេចក្រឡាហោម ស ខេង បញ្ជាក់ជូន ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិថា កម្ពុជា បានខិតខំកាត់បន្ថយអត្រាមរណៈភាព និងអត្រារបួសដោយសារគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង បញ្ជាក់ថា កម្ពុជា បានខិតខំកាត់បន្ថយអត្រាមរណៈភាព និងអត្រារបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ ក៏ប៉ុន្តែទោះបីយ៉ាងណា ក៏នៅមានបញ្ហាប្រឈមមួយចំនួនដែលត្រូវតែបន្តខិតខំដោះស្រាយ ក្នុងនោះក៏មានកិច្ចការមួយចំនួនទៀតផងដែរដែលពាក់ព័ន្ធទៅនឹងការបន្តអភិវឌ្ឍនូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក៏ដូចជាការផ្តល់និងបំពាក់នូវសម្ភារៈបច្ចេកទេសបម្រើដល់ការងារត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍ និងការងារកែលម្អធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីធ្វើយ៉ាងណារួមចំណែកធ្វើឲ្យកាន់តែប្រសើរឡើងថែមទៀតដល់ការងារគ្រប់គ្រងត្រួតពិនិត្យលើសុវត្ថិភាពចរាចរណ៍។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់បែបនេះ ក្នុងឱកាសទទួលជួប ឯកឧត្តម ជីន ថូត (Jean Todt) ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកសុវត្ថិភាពផ្លូវថ្នល់ នៅវិមានរដ្ឋសភា នាថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០២២។

សម្តេចក៏បានជម្រាបជូនភ្ញៀវដែរថា ភាគច្រើននៃបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា គឺបង្កឡើងដោយកត្តាធំ២ ក្នុងនោះទីមួយគឺកត្តាមនុស្ស ទីពីរគឺកត្តាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាពិសេសគឺបញ្ហាបច្ចេកទេសពាក់ព័ន្ធទៅនឹងការបំពាក់ស្លាកសញ្ញាផ្សេងផ្សេង។

សម្ដេចបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាក៏បានបន្តខិតខំ អភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ពិសេសការកសាងផ្លូវល្បឿនលឿន និងផ្លូវហាយវ៉េ ដែលមានច្រើនគន្លង និងផ្លូវជាតិ ព្រមទាំងផ្លូវតភ្ជាប់ពីផ្លូវជាតិ ទៅតាមបណ្ដាខេត្តនីមួយៗ រួមចំណែកសម្រួលការធ្វើដំណើរ កាត់បន្ថយងបត្រាគ្រោះថ្នាក់ចរាចរណ៍។

សម្ដេចក៏បានជម្រាបជូនឯកឧត្តម ជីន ថូត (Jean Todt)ដែរថាដើម្បីបន្តធ្វើឲ្យកាន់តែប្រសើរឡើងលើការងារគ្រប់គ្រងសុវត្ថិភាពចរាចរណ៍ កិច្ចការសំខាន់ៗពីរត្រូវតែបន្តធ្វើឲ្យទន្ទឹមគ្នា ទីមួយគឺការពង្រឹងការអនុវត្តច្បាប់ និងទីពីរគឺការបន្តលើកកម្ពស់ការយល់ដឹងស្មារតីគោរពច្បាប់របស់ប្រជាជនដើម្បីរួមគ្នាកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ឱ្យបានជាអតិបរមា។

ជាការឆ្លើយតប ឯកឧត្តម ជីន ថូត (Jean Todt) បានថ្លែងអំណរគុណសម្ដេចក្រឡាហោម និងបានជម្រាបជូនសម្ដេចថានេះជាលើកទីពីរហើយដែលឯកឧត្តមអញ្ជើញមកកម្ពុជា ក្នុងនោះទស្សនកិច្ចទីមួយបានធ្វើឡើងកាលពីដប់ឆ្នាំមុន។ ក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះឯកឧត្តមអះអាងពីការមើលឃើញការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាសុវត្ថិភាពចរាចរណ៍ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner