ការប្រឡងបាក់ឌុបបានបញ្ចប់ដោយជោគជ័យ និងរលូនល្អ ខណៈបេក្ខជនអវត្តមានសរុបចំនួន ២៤០០នាក់ មានបញ្ហាសុខភាព ចំនួន ៧០នាក់

ភ្នំពេញ៖ បន្ទាប់ពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះ ទូទៅ និង បំពេញវិជ្ជា ឬហៅបាក់ឌុបសម័យប្រឡង ០៥ ធ្នូ២០២២ បានបញ្ចប់នារសៀលថ្ងៃទី ០៦ ខែធ្នូ នេះក្រសួងអប់រំបានឱ្យដឹងថា៖ ការប្រឡងបានបញ្ចប់ដោយជោគជ័យ និង មិនមានហេតុការខុសប្រក្រតី កើត មានឡើងគួរឱ្យកត់សម្គាល់នោះទេ ។

ចំណែកបេក្ខជន ដែលបានចេញពី ការប្រឡង មានទឹកមុខ ស្រស់ស្រាយ សប្បាយរីករាយ ដែលបញ្ជាក់ថា ដំណើរការប្រឡង មធ្យមសិក្សាទុតិយភូមិ ពិតជាប្រព្រឹត្ត ទៅដោយគោរពតាម គោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និង លទ្ធផលទទួលយកបាន ។

ក្រសួងអប់រំបានឱ្យដឹងដែរថា ដំណើរការសំណេះនៃការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី០៥ និងទី០៦ ខែធ្នូ ឆ្នាំ២០២២។ បេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១២៨១៣៥នាក់ ស្រី៦៨៧៧១នាក់, មណ្ឌលប្រឡង ២២១, និងត្រូវជា ៥១៧៤បន្ទប់។ ដំណើរការសំណេរត្រូវបានចូលរួមរៀបចំ ដោយគណៈមេប្រយោគទូទាំងប្រទេស និងគណៈកម្មការនានាសរុបចំនួន១៧ ២៤០នាក់, ជំនួយការអប្បមាទ ដែលជាគរុសិស្ស និង គរុនិស្សិត ( ចំនួន ២៧៥៦នាក់, អង្គភាពប្រឆាំងអំពើពុករលួយបានចូលរួមសង្កេតការណ៍ ចំនួន ៣៥០នាក់ និងអ្នកសង្កេតការណ៍ រាជធានី ខេត្តចំនួន ២៧០០នាក់។

បេក្ខជនអវត្តមានសរុបចំនួន ២៤០០នាក់ (ត្រូវជា១,៨៧ភាគរយនៃបេក្ខជនសរុប) ស្រី១០៣៦នាក់។ បេក្ខជនចំនួន ៧០នាក់ មានបញ្ហាសុខភាព ក្នុងនោះករណីគ្រោះថ្នាក់ចរាចរណ៍កម្រិតស្រាល០៤ករណី, និងសង្ស័យវិជ្ជមានជំងឺកូរីដ-១៩ មាន ០៤ ករណី។ បេក្ខជនដែលមិនអាចបន្តដំណើរការសំណេរដោយសារបញ្ហាសុខភាពមានចំនួន០៣ករណី គណៈមេប្រយោគមានបញ្ហា សុខភាពមានចំនួន១៤នាក់ ក្នុងនោះ០១នាក់មានស្ថានភាពធ្ងន់ធ្ងរត្រូវបញ្ចូនទៅមន្ទីរពេទ្យ។

បើតាមសចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំបានឱ្យដឹងថា៖ នៅតាមមណ្ឌលប្រឡងនីមួយៗមានដំណើរការល្អ, មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ, បានអនុវត្តតាមសេចក្តី ណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា, មានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំង ប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្តាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ព្រមទាំងមានការចូលរួមសហការពីអង្គភាពប្រឆាំងអំពើពុករលួយ, សហភាពសហព័ន្ធយុវជនកម្ពុជា, ភ្នាក់ងារសុខាភិបាល, កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។ ទោះបីនៅតាមខេត្តមួយចំនួនមានភ្លៀងធ្លាក់ក៏ដោយ ប៉ុន្តែមិន ប៉ះពាល់ដល់ដំណើរការសំណេររបស់បេក្ខជនឡើយ។ បេក្ខជនបានគោរពបទបញ្ញត្តិនៃការប្រឡងបានយ៉ាងល្អ។ បេក្ខជនប្រព្រឹត្ត កំហុសឆ្គងមានចំនួន ០១ករណី។

ដំណើរការសំណេរបានបញ្ចប់ទៅនៅម៉ោង១៦:៣០រសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២។ ហឹបសំណៅកិច្ចការបេក្ខជន និង សំណុំឯកសារពាក់ព័ន្ធការប្រឡង នឹងត្រូវត្រួតពិនិត្យដោយហ្មត់ចត់បំផុត និងត្រូវបញ្ជូនមកកាន់រាជធានីភ្នំពេញនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០២២ ដើម្បីត្រៀមដំណើរការកំណែ។

ជាមួយគ្នានេះក្រសួងបានធ្វើការសរុបជារួមថា ដំណាក់កាលសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៥ ធ្នូ ២០២២ បានប្រព្រឹត្តទៅ ដោយគោរពតាមគោលការណ៍ច្បាប់ តម្លាភាព យុត្តិធម៌ និងលទ្ធផលអាចទទួលយកបាន និងស្របតាមគោលការណ៍ “អ្នកចេះគឺជាប់”។ តាមការគ្រោងទុក លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ និងផ្សព្វផ្សាយ តាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡាfacebook.com/moeys.gov.kh ៕ ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner