ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ ធនធានមនុស្ស គឺជាទ្រព្យដ៏សំខាន់ និងចាំបាច់បំផុតសម្រាប់ដំណើរការកសាងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនរុងរឿង
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជាទិដ្ឋភាពរួមសម្រាប់ប្រទេសជាតិ ធនធានមនុស្ស គឺជាទ្រព្យដ៏សំខាន់ និងចាំបាច់បំផុតសម្រាប់ដំណើរការកសាងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនរុងរឿងប្រកបដោយចីរភាព និងនិរន្តរភាព ពីព្រោះសមត្ថភាពជំនាញរបស់ប្រជាពលរដ្ឋម្នាក់ៗ អាចជួយដល់ការពង្រឹងលទ្ធភាពប្រកួតប្រជែងរបស់ប្រទេសជាតិក្នុងបរិបទសាកលភាវូបនីយកម្ម និងការចាប់យកនូវឱកាសសក្តានុពលនានា ដើម្បីឈានទៅកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ តាមរយៈការទាក់ទាញវិនិយោគកម្រិតខ្ពស់ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប ហើយជាពិសេស គឺការធានាបាននូវភាពឯករាជ្យម្ចាស់ការលើគ្រប់វិស័យប្រកបដោយមោទនភាពជាតិសម្រាប់អនាគតដ៏វែងឆ្ងាយ។

ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ងាកមកទិដ្ឋភាពប្រជាពលរដ្ឋជាបុគ្គលម្នាក់ៗវិញ ការអប់រំបានផ្តល់ឱ្យយើងនូវលទ្ធភាពក្នុងការបង្កើនសមត្ថភាពចំណេះដឹង និងគុណវុឌ្ឍិ ដែលបង្កលក្ខណៈដល់ការប្រកួតប្រជែងយកឱកាសការងារទាំងក្នុង និងក្រៅប្រទេស ដែលបង្កើតជាជម្រើសល្អៗច្រើនដល់ខ្លួនយើង រួមជាមួយនឹងសេរីភាពពេញលេញ ក៏ដូចជាភាពម្ចាស់ការពឹងផ្អែកលើខ្លួនឯងក្នុងគ្រប់កាលៈទេសៈដោយមិនមានការភ័យព្រួយបារម្ភ។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថាចាប់តាំងពីការដាក់ចេញយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣មក រាជរដ្ឋាភិបាលបានកំណត់យក «មនុស្ស» ជាអាទិភាពចម្បង ក្នុងចំណោមអាទិភាពចម្បងទាំង៤ «មនុស្ស ផ្លូវ ទឹក និងភ្លើង» ដើម្បីដើរឱ្យទាន់គេ និងចូលរួមប្រកួតប្រជែងជាមួយគេបាន។ ការកំណត់អាទិភាពចម្បងនេះ មិនមែនជាការចៃដន្យនោះទេ ពីព្រោះស្ថានភាពសង្គម-សេដ្ឋកិច្ចកម្ពុជា បានវិវដ្តដល់ចំណុចរបត់មួយដែលខុសប្លែកពីស្ថានភាពដៃទទេ កាលពីកម្ពុជាទើបបញ្ចប់សង្រ្គាមស៊ីវិល។ បន្តទៅមុខទៀត កត្តា “មនុស្ស” ក៏នៅតែជាអាទិភាពចម្បងបំផុត ហើយទន្ទឹមនឹងនេះ ហេដ្ឋារចនាសម្ព័ន្ធទឹក ភ្លើង ផ្លូវ ក៏នៅបន្តកសាងស្តារ ដើម្បីបូករួមផ្សំបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយនិរន្តរភាព។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលេីកឡេីងថា ការទទួលបានសញ្ញាបត្រក្នុងថ្ងៃនេះ គឺជាសមិទ្ធផលជោគជ័យដ៏ធំធេងក្នុងដំណើរជីវិត និងបានបង្ហាញនូវមេរៀនគុណតម្លៃមួយចំនួន ដែលអាចយកទៅអនុវត្តទាំងនៅក្នុងការសិក្សា ជីវិតការងារ និងជីវភាពរស់នៅប្រចាំថ្ងៃ រួមមានជាអាទិ៍៖ ១. ជោគជ័យធំ គឺកើតចេញពីជោគជ័យតូចៗជាច្រើនរួមផ្គុំគ្នា, ២. ការខិតខំប្រឹងប្រែងព្យាយាមតស៊ូស្វាធ្យាយ គឺជាកត្តាសំខាន់នៃភាពជោគជ័យ, ៣. ការទទួលបានភាគជោគជ័យអាចប្រើពេលវេលាយូរអង្វែង ដូច្នេះទាមទារនូវការអំណត់អត់ធន់, ៤. ការកំណត់គោលដៅច្បាស់លាស់ និងបន្តដំណើរទៅមុខជាប់ជានិច្ច រហូតអាចសម្រេចបាននូវគោលដៅ ទោះបីជាត្រូវប្រឈមនឹងបញ្ហាជាច្រើននៅតាមផ្លូវក៏ដោយ ហើយដោយពេលខ្លះក៏ត្រូវទទួលរងបរាជ័យច្រើនផ្ទួនៗក៏ដោយ។

ជាមួយគ្នានេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានផ្តាំផ្ញើដល់និស្សិតជ័យលាភីទាំងអស់ នូវអនុសាសន៍មួយចំនួន ដូចតទៅ៖ ១. បន្តរៀនសូត្រ ដោយរៀនហើយរៀនទៀត រៀនឥតឈប់ឈរ, ២. បន្តទម្លាប់ជោគជ័យ តាមរយៈការខិតខំបំពេញការងារគ្រប់បែបយ៉ាងដោយយកចិត្តទុកដាក់ធ្វើឱ្យបានល្អហ្មត់ចត់ និងច្បាស់លាស់ មិនថាជាការងារតូច ឬការងារធំ ហើយក៏ត្រូវប្រកាន់ខ្ជាប់នូវផ្នត់គំនិតវិជ្ជមាន ដោយត្រូវខិតខំរិះរកវិធីសាស្ត្រដោះស្រាយគ្រប់បញ្ហាឱ្យបានល្អ និងបានឆាប់រហ័ស ទោះក្នុងកាលៈទេសៈណាក៏ដោយ, និង ៣. ត្រូវអភិវឌ្ឍខ្លួនឱ្យស្របជាមួយនឹងដំណើរអភិវឌ្ឍន៍រួមរបស់ស្ថាប័ន, អង្គភាព និងសង្គមជាតិ។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានអរគុណដល់សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តបាត់ដំបង ដែលបានផ្តល់អាហារូបករណ៍ជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី តាមរយៈគណៈកម្មាធិការអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់ផ្តល់ជូនសិស្ស-និស្សិតខ្វះលទ្ធភាពដើម្បីទទួលបានការសិក្សា និងឱកាសក្នុងការប្រែក្លាយខ្លួនទៅជាធនធានមនុស្សប្រកបដោយសមត្ថភាពជំនាញរបស់កម្ពុជា៕
ដោយ៖ពលជ័យ
