កម្ពុជា-អ៊ីតាលី ប្តេជ្ញាពង្រឹកការវិនិយោគ និងធុរកិច្ចបន្ថែម ខណៈទំហំពាណិជ្ជកម្មទ្វេភាគីស្ទុះជាង៤០០លានដុល្លារនៅឆ្នាំនេះ
ភ្នំពេញ៖ ក្រោយមានកិច្ចពិភាក្សារួមគ្នារវាងក្រសួងពាណិជ្ជកម្ម ជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ីតាលីប្រចាំកម្ពុជា ដែល ទើបតែងតាំងថ្មី និងមាននិវេសនដ្ឋាននៅទីក្រុងបាងកក លើ វឌ្ឍនភាព និងកាលានុវត្តភាពនៃក្របខណ្ឌកិច្ច សហប្រតិបត្តិការ ពាណិជ្ជកម្មទ្វេភាគី ភាគីទាំងពីរ បានប្រកាសប្តេជ្ញាពង្រឹក ទំនាក់ទំនងលើការវិនិយោគ និងធុរកិច្ចបន្ថែមទៀត ក្រោយ ទំហំពាណិជ្ជកម្មទ្វេភាគី បានស្ទុះដល់ជាង៤០០លាន ដុល្លារនៅឆ្នាំនេះ។
ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ជំនួបពិភាក្សាពីពេលថ្មីៗនេះ កម្ពុជា-អ៊ីតាលី បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
ទន្ទឹមគ្នានេះ ឯកឧត្តមក៏បានលើកឡើងពីសារសំខាន់នៃ ចំណងមិត្តភាព និងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេស ទាំងពីរ និងបានអរគុណអ៊ីតាលី ពិសេសលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ព្រមទាំងគាំទ្រដល់កម្ពុជាក្នុងការអភិវឌ្ឍវិស័យ សំខាន់ៗជាច្រើន រួមមាន ការបរិច្ចាគវ៉ាក់សាំងការពារជំងឺកូវីដ តាមរយៈយន្តការការពារជនស៊ីវិលរបស់សហភាពអឺរ៉ុប និងកម្មវិធី កូវ៉ាក់(COVAX) ផងដែរ។
ឯកឧត្តម កឹម ស៊ីថន បានថ្លែងបញ្ជាក់ថា ៖ «សកម្មភាពទាំងនេះ ពិតជាបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ហើយកម្ពុជា ក៏បានប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងទ្វេភាគីនេះឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំជាងមុនបន្ថែមទៀត ក្នុងអាណត្តិថ្មីរបស់ឯកឧត្តមឯក អគ្គរដ្ឋទូត»។
រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្មរូបនេះ ក៏បានអះអាងដែរថា ក្រសួងពាណិជ្ជកម្ម បាននិងកំពុងអនុវត្តក្នុងកិច្ចសម្រួល ពាណិជ្ជកម្ម និងទិសដៅអាទិភាពពាណិជ្ជកម្មក្នុងការធ្វើ សមាហរណកម្មសេដ្ឋកិច្ចចូលទៅក្នុងតំបន់និងពិភពលោក និងការធ្វើពិពិធកម្មទីផ្សារនាំចេញឱ្យកាន់តែធំទូលាយថែមទៀត។
ជាការឆ្លើយ លោក PAOLO DIONISI ឯកអគ្គរដ្ឋទូតនៃ សាធារណរដ្ឋ អ៊ីតាលីប្រចាំកម្ពុជា ក៏បានថ្លែងអំណរគុណដល់ ក្រសួងពាណិជ្ជកម្ម ក្នុងការបន្តជំរុញ និងពង្រីកទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរឱ្យកាន់តែកើនឡើងបន្ថែមទៀតនាពេលអនាគត។
លោកទូតបានបង្ហាញនូវសុទិដ្ឋិនិយមក្នុងការលើកទឹកចិត្ត និងទាក់ទាញពាណិជ្ជករ ធុរជន និងវិនិយោគិនអ៊ីតាលី មក ទស្សនកិច្ចនៅកម្ពុជាសំដៅស្វែងយល់បន្ថែមពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ និងធុរកិច្ចនៅកម្ពុជា ព្រមទាំងលើកទឹកចិត្តភាគី ទាំងពីរបង្កើនសកម្មភាពពាណិជ្ជកម្មទ្វេភាគី ដែលជាកត្តាជួយ ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ និងបង្កើនទំហំពាណិជ្ជកម្មកម្ពុជា-អ៊ីតាលីផងដែរ។
បន្ថែមពីនេះ លោក PAOLO DIONISI ក៏បានសាទរចំពោះ គុណភាព អង្កររបស់កម្ពុជា ដែលជាប់ជាអង្ករល្អ បំផុតក្នុង វេទិកាស្រូវអង្ករពិភពលោកប្រចាំឆ្នាំ ២០២២ ដែលបាន រៀបចំឡើងនៅទីក្រុងភូកេត ប្រទេសថៃ។
លោកឯកអគ្គរដ្ឋទូតរូបនេះសង្កត់ធ្ងន់ថា ៖ «អ៊ីតាលី ក៏មានបំណង ផ្តល់ជំនួយដល់កម្ពុជាសម្រាប់ការអភិរក្សប្រាសាទនៅតំបន់អង្គរ និងទីក្រុងភ្នំពេញ ព្រមទាំងស្នើសុំផ្តល់មន្ត្រីទំនាក់ទំនងនៃ ក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីបន្តសហការ និងពិនិត្យលទ្ធភាព ចុះអនុស្សរណៈនៃការយោគយល់គ្នារវាងភាគីទាំងពីរផងដែរ»។
យ៉ាងណាមិញតាមរយៈជំនួបនេះ ភាគីកម្ពុជា ក៏បង្ហាញការ ស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រតិភូវិនិយោគិនអ៊ីតាលី ដើម្បីពង្រីកកិច្ចហការវិនិយោគ និងធុរកិច្ចនៅកម្ពុជា នាពេល ខាងមុខផងដែរ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែវិច្ចិកា ឆ្នាំ២០២២ កម្ពុជា បាននាំចេញទំនិញទៅកាន់ទីផ្សារគោលដៅសំខាន់ៗ ក្នុងតម្លៃជាង ២០ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៨,១ភាគរយ។
របាយការណ៍ដដែលបានបន្តថា ការនាំចូលមកវិញក្នុងតម្លៃជិត ២៨ពាន់លានដុល្លារ កើនឡើង ៩, ២ភាគរយ បានធ្វើឱ្យកម្ពុជា សម្រេចបាននូវទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិ ក្នុងតម្លៃជាង៤៨ពាន់លានដុល្លារ កើនឡើង១២,៨ភាគរយ។
ដោយឡែក បើក្រឡេកមកមើល ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងអ៊ីតាលីវិញ ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២២ សម្រេចបាន ប្រមាណជាង ៤០០លានដុល្លារអាម៉េរិក ជាមួយនឹងកំណើន ប្រមាណ ៣៦,៦៧ភាគរយ បើធៀបទៅនឹងរយៈពេល ដូចគ្នា ក្នុងឆ្នាំ២០២១។
ក្នុងនោះដែរ កម្ពុជា បាននាំចេញមុខទំនិញសំខាន់ៗទៅ អ៊ីតាលី ដូចជា សម្លៀកបំពាក់ ស្បែកជើង និងទំនិញដទៃទៀត ហើយ កម្ពុជានាំចូលមុខទំនិញសំខាន់ៗពីអ៊ីតាលីដូចជា ផលិតផល ធ្វើពីស្បែកសត្វ គ្រឿងសម្អាង ម៉ាស៊ីនបោកគក់(ប្រើប្រាស់ក្នុង រោងចក្រកាត់ដេរវាយនភ័ណ្ឌ) ក្រណាត់ប៉ាក់ រថយន្ត និងទំនិញ ដទៃទៀត៕
ដោយ៖បូរ ពេជ្រហ្សាលីន