ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាជាមួយគណៈប្រតិភូក្រុមការងារកងទ័ពជើងគោក នៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្ស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាជាមួយគណៈប្រតិភូក្រុមការងារកងទ័ពជើងគោក នៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្ស៊ី

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាជាមួយគណៈប្រតិភូក្រុមការងារកងទ័ពជើងគោក នៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្ស៊ី

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមការងារកងទ័ពជើងគោក នៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្ស៊ី ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ Vladimir SVIRIDOV នាយសេនាធិការរង កងទ័ពជើងគោករុស្ស៊ី ចូលជួបសម្តែងការគួរសម បន្ទាប់ពីគណៈប្រតិភូបានជួបបំពេញការងារជាមួយនឹងក្រុមការងារកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ដើម្បីពិភាក្សាអំពីការអនុវត្តទិសដៅកិច្ចសហប្រតិបត្តិការទ្វេភាគី។ ជំនួបនេះ បានធ្វើឡើង កាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

Advertisement

ក្នុងជំនួបនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូកងទ័ពជើងគោករុស្ស៊ី និងបានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កា ដែលក្រុមការងារទាំងពីរសម្រេចបាននៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ជាពិសេសការឯកភាពលើខ្លឹមសារភាគច្រើននៃសេចក្តីព្រាងអនុស្សារណៈស្តីពីកិច្ចសហប្រតិបបត្តិការក្នុងកម្រិតកងទ័ពជើងគោក។ វឌ្ឍនភាពនៃទំនាក់ទំនងនេះ គឺជាជំហានថ្មីមួយទៀតនៃកិច្ចខិតខំប្រឹងប្រែងរួមក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងមានមូលដ្ឋានផ្លូវការរឹងមាំ។

ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ទោ Vladimir SVIRIDOV បានថ្លែងអំណរគុណកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ចំពោះបដិសណ្ឋារកិច្ចស្វាគមន៍ដ៏កក់ក្តៅ និងការបង្កលក្ខណៈដល់ការបំពេញទស្សនកិច្ចការងារនេះឱ្យសម្រេចបានជោគជ័យ។ លោកឧត្តមសេនីយ៍ ក៏បានបង្ហាញសុទិដ្ឋិនិយមផងដែរចំពោះសារៈសំខាន់នៃការបន្តពង្រឹងទំនាក់ទំនងប្រកបដោយសក្តានុពលរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ជាពិសេសលើការងារហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស។

គួរបញ្ជាក់ថា ទស្សនកិច្ចការងាររបស់គណៈប្រតិភូក្រុមការងារកងទ័ពជើងគោក នៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្ស៊ីនាពេលនេះ គឺជាផ្នែកមួយនៃការអនុវត្តទិសដៅសហប្រតិបត្តិការទ្វេភាគីក្នុងកម្រិតកងទ័ពជើងគោក ឱ្យមានការបោះជំហានទៅមុខប្រកបដោយភាពវិជ្ជមាន ជាពិសេសទិសដៅនានាដែលបានពិភាក្សា និងឯកភាពនៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅសហព័ន្ធរុស្ស៊ីកាលពីឆ្នាំ២០១៩ និងទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម Nikolai Patrushev លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខ នៃសហព័ន្ធរុស្ស៊ី កាលពីឆ្នាំ២០២១ កន្លងទៅ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា