រដ្ឋមន្រ្តីក្រសួងសួងកសិកម្ម ទទួលស្វាគមន៍ក្រុមការងារក្រសួងបរិស្ថាន ដែលអញ្ជើញមកធ្វើបទបង្ហាញអំពីផែនការរបស់រាជរដ្ឋាភិបាល សម្រាប់បងប្អូន ដែលត្រូវផ្លាស់ទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ

ខេត្តសៀមរាប ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នំា២០២២ បានទទួលស្វាគមន៍ក្រុមការងារក្រសួងបរិស្ថាន ដែលអញ្ជើញមកធ្វើបទបង្ហាញអំពីផែនការរបស់រាជរដ្ឋាភិបាល សម្រាប់បងប្អូនប្រជាពលរដ្ឋដែលត្រូវផ្លាស់ទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅនៅភូមិធម្មជាតិរុនតាឯក និងឃុំពាក់ស្នែង ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

ក្រៅពីការរៀបចំដីឡូត៍លំនៅដ្ឋានចំនួន ១២ ០០០ឡូត៍ និងផែនការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដើម្បីអភិវឌ្ឍតំបន់នេះជាទីក្រុង រាជរដ្ឋាភិបាលមានគម្រោងដាំឈើហូបផ្លែ ដំណាំបន្ទាប់បន្សំ និងសួនបន្លែ នៅតាមដីឡូត៍នីមួយៗ ដើម្បីជួយគាំទ្រជីវភាពគ្រួសារ ព្រមទាំងដាំឈើលម្អនៅសងខាងផ្លូវក្នុងតំបន់នេះ ជូនបងប្អូនផងដែរ។ ការងារនេះបានចាប់ផ្តើមជាបណ្តើរៗ និងគ្រោងបន្តអនុវត្តរហូតចប់សព្វគ្រប់ នៅក្នុងឆមាសទី២ ឆ្នាំ២០២៣ខាងមុខ។
ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាស្រ្ដថាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្តល់ការគាំទ្រពេញលេញចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល និងត្រៀមលក្ខណ:រួចជាស្រេច ដើម្បីចូលរួមសហការអនុវត្ត ។

ឯកឧត្តម ឌិត ទីណា បានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ និងល្អប្រសើរថែមទៀត ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដូចជា៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តសៀមរាប ទៅតាមសមត្ថភាព និងលទ្ធភាពរបស់ក្រសួងស្ថាប័ននីមួយៗ សំដៅបន្តចូលរួមជំរុញការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន ៕ សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner