ក្រសួងការពារជាតិ៖ ២០២២ សភាពការណ៍ព្រំដែនស្ងប់ស្ងាត់ល្អ សណ្តាប់ធ្នាប់ផ្ទៃក្នុងល្អប្រសើរ និងជាឆ្នាំសំខាន់លើការទូត សន្តិសុខ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ក្រសួងការពារជាតិនៃកម្ពុជាបានអះអាងថា ក្នុងឆ្នាំ ២០២២ សភាពការណ៍តាមបណ្តោយព្រំដែនគោក-ទឹក ប្រកបដោយភាពស្ងប់ស្ងាត់ល្អ ជាព្រំដែនសន្តិភាព ។ ចំណែក សណ្តាប់ធ្នាប់សាធារណៈផ្ទៃក្នុងប្រទេសមានសភាពល្អប្រសើរ និង២០២២ ជាឆ្នាំមានសារៈសំខាន់លើវិស័យការទូតសន្តិសុខ ក្នុងនាមកម្ពុជាជាប្រធានអាស៊ានប្តូវេន។

នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងការពារជាតិ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិបានដឹកនាំកិច្ចប្រជុំស្តីពីសេចក្តីព្រាងរបាយការណ៍បូកសរុបការងារប្រចាំឆ្នាំ២០២២ និងទិសដៅអនុវត្ត ឆ្នាំ ២០២៣ ក្រោមការចូលរួមពីមន្រ្តីចំណុះក្រសួង និងមេបញ្ជាការ ទាំងបីប្រភេទទ័ព ព្រមទាំងបណ្តាស្ថាប័នចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការផងដែរ ដែលស្មារតីអង្គប្រជុំបានវាយតម្លៃខ្ពស់ លើ វឌ្ឍនភាពនៃការសម្រេចកិច្ចការងារកន្លងរបស់ក្រសួងការពារលើកិច្ចពង្រឹងសន្តិសុខតាមបណ្តោយព្រំដែន សណ្តាប់ធ្នាប់ផ្ទៃក្នុង ប្រទេស និងការទូតសន្តិសុខ។

តាមរយៈសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២២ នៃក្រសួងការពារជាតិ ឯកឧត្តម សំ វណ្ណថន អគ្គលេខា ធិការ ក្រសួងការពារជាតិ បានឱ្យដឹងថា កងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់លើភារកិច្ចខ្លួនតាមកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។ ក្នុងនោះសភាពការណ៍ ព្រំដែនគោកនិងទឹកមានសភាពស្ងប់ស្ងាត់ពុំមានអ្វីគួរឱ្យកត់សម្គាល់ ដោយកម្ពុជាបានចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និង សកម្មភាពឆ្លងដែនខុសច្បាប់ទៅវិញទៅមក រវាងប្រទេសជិតខាង ដែលប្រែក្លាយតំបន់ព្រំដែនជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

ចំពោះសណ្តាប់ធ្នាប់សាធារណៈផ្ទៃក្នុងប្រទេសវិញ ក្រសួងការពារ ជាតិ អះអាងថា មានសភាពល្អប្រសើរ ដោយកងយោធពល ខេមរភូមិន្ទបានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ធ្វើការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពបទល្មើស គ្រប់ ប្រភេទ ភាពអនាធិបតេយ្យផ្សេងៗ ព្រមទាំងបានចូលរួមការពារ សន្តិសុខជូនថ្នាក់ដឹកនាំប្រទេស និងគណៈប្រតិភូជាតិនិងអន្តរជាតិ ស្របពេលកម្ពុជាជាម្ចាស់ផ្ទះអាស៊ានប្តូរវេន និងក្នុងឱកាសពិធី បុណ្យ ប្រពៃណីជាតិផ្សេងៗ និងបានចូលរួមក្នុងកិច្ចការសង្គ្រោះ គ្រោះមហន្តរាយនានាផង។

នាឱកាសនោះសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លើកឡើងផងដែរថា ឆ្នាំ២០២២ ជាឆ្នាំដ៏មានសារៈសំខាន់សម្រាប់កម្ពុជាលើវិស័យការទូតសន្តិសុខ ក្នុងពេលកម្ពុជាជាប្រធានអាស៊ានប្តូរវេន ដោយបានរៀបចំកិច្ច ប្រជុំ រដ្ឋមន្ត្រីរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ដោយ ផ្ទាល់ ដែលខកខានជាង២ឆ្នាំដោយវិបត្តិកូវីដ១៩។

សម្ដេចថា ជាពេលដែលកងយោធពលខេមរភូមិន្ទ បានកែប្រែ ទម្រង់ និងបង្កើតក្របខណ្ឌសម្រាប់យុទ្ធសាស្ត្រយូរអង្វែង។

សម្ដេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ទៀតថា ៖ «ទន្ទឹម នឹងស្នាដៃសម្រេចបានទាំងនេះ កងយោធពលខេមរភូមិន្ទ បាន យកចិត្តទុកដាក់ខ្ពស់លើការងារកសាងប្រវត្តិសាស្ត្រយោធា និង ការបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ»។

ជុំវិញបញ្ហានេះដែរ លោកបណ្ឌិតយង់ ពៅ អគ្គលេខាធិការនៃ រាជបណ្ឌិត្យសភាកម្ពុជាយល់ស្រប ចំពោះការលើកឡើងតាម រយៈ របាយការណ៍របស់ក្រសួងការពារជាតិចំពោះកិច្ចការរៀបចំសណ្តាប់ធ្នាប់សារធារណៈ និងកិច្ចការតាមបណ្តោយព្រំដែនគោក-ទឹក ដែលមានសភាពស្ងប់ស្ងាត់ ។ ប៉ុន្តែតាមរយៈការសង្កេត របស់ លោក លោកចង់ឱ្យ ក្រសួងការពារជាតិបន្ថែមការពង្រឹងសមត្ថភាព ទាំងកងកម្លាំងប្រដាប់អាវុធ ទាំងយុទ្ធោបករណ៍ ដើម្បី បម្រើដល់ វិស័យការពារជាតិកាន់តែមានប្រសិទ្ធភាពស្របតាមសម័យកាល។

ទៅលើសមត្ថភាពរៀបចំសណ្តាប់ធ្នាប់អំឡុងពេលកម្ពុជាជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ានឆ្នាំ២០២២ នេះលោកបណ្ឌិតយង់ ពៅ បាន វាយ តម្លៃខ្ពស់ដូច្នេះថា ៖ «រដ្ឋាភិបាលបានទទួលភាពជោគជ័យ លើការ រៀបចំសណ្តាប់ធ្នាប់ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និង កិច្ចប្រជុំពាក់ព័ន្ធនានា ដោយខ្ញុំវាយតម្លៃខ្ពស់ថាការរៀបចំនេះ គឺប្រព្រឹត្តទៅបានយ៉ាងល្អ»។

អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជារូបនេះ សង្ឃឹម ផង ដែររដ្ឋាភិបាលគួរយកចិត្តទុកដាក់ពង្រឹងសណ្តាប់ធ្នាប់សាធារណៈ ទាំងសន្តិសុខ ទាំងការរៀបចំចរាចរណ៍ជាដើមបានជាប្រចាំ ឲ្យដូចអំឡុងពេលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន បើអាច នោះ នឹងមានភាពប្រសើរឡើងជាក់ជាពុំខាន។

សម្រាប់លោក ថុង ម៉េងដាវិត អ្នកស្រាវជ្រាវប្រចាំមជ្ឈមណ្ឌល មេគង្គសម្រាប់ការសិក្សាយុទ្ធសាស្រ្តនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) និងជាអ្នកជំនាញផ្នែកសន្តិសុខ បញ្ជាក់ថា កម្ពុជាមាន ជំហរយ៉ាងមុតមាំលើកិច្ចកសាងនិងអភិឌ្ឍន៍តាមបណ្តោយព្រំដែនជាមួយប្រទេសជិតខាង។

ចំពោះវិស័យការទូតសន្តិសុខ លោកលោកថុង ម៉េងដាវិត អះអាង ថា តាមរយៈភារកិច្ចជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាទទួល បានជោគជ័យក្នុងការដាក់ចេញគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់និងសកលលោក ដែលមានការ ចូលរួមពីសំណាក់ប្រទេសជាសមាជិកនិងប្រទេសមហាអំណាចធំៗផង។

លោក ថុង ម៉េងដាវិត គូសបញ្ជាក់ដូច្នេះថា ៖ «កម្ពុជាបាន រៀបចំ កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្រ្តី ការពារ ជាតិអាស៊ានបូក ដោយបានដាក់ចេញនូវសេចក្តីថ្លែងការណ៍ ក្នុងកិច្ចការពារសន្តិសុខតំបន់ លើកកម្ពស់ស្ថិរភាពនិងកិច្ច សហប្រតិបត្តិ ការប្រឆាំងនឹងអំពើឧក្រិដ្ឋកម្មឆ្លងដែននានា និងជំរុញឱ្យមានការចរចារសន្តិភាពចំពោះវិបត្តិសង្គ្រាមអ៊ុយក្រែនជាដើម»។

អ្នកជំនាញផ្នែកសន្តិសុខរូបនេះ បន្ថែមថា សមិទ្ធផលដែល សម្រេច បានក្នុងឆ្នាំ២០២២ ក្នុងនាមប្រធានអាស៊ានបានឆ្លុះបញ្ចាំងពី ការយក ចិត្តទុកដាក់របស់កម្ពុជាក្នុងការកសាងសង្គមអន្តរជាតិ មួយដែលគោរពលើគោលការណ៍ និងយន្តការច្បាប់អន្តរជាតិ។
សម្រាប់ទិសដៅឆ្នាំ២០២៣ វិញ ក្រសួងការពារជាតិបានដាក់ ទិសដៅជាពិសេសលើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ លើព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី ១២, ដំណើរការបោះឆ្នោតតំណាងរាស្ត្រនីតិកាលទី៧ ព្រមទាំងបន្តកសាងពង្រឹងកិច្ចការពារជាតិគ្រប់វិស័យតាមតំបន់ព្រំដែន និងចូលរួមទប់ស្កាត់បង្ការបង្ក្រាបសកម្មភាពបទល្មើស គ្រប់ ប្រភេទ នៅតាមតំបន់ព្រំដែនគោក ដែនសមុទ្រ និងសកម្មភាព ឆ្លងដែន៕
ដោយ៖សំបាន ច័ន្ទដារ៉ា

ads banner