ក្នុងឆ្នាំ ២០២២ គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យកម្មករនិយោជិតស្លាប់ជាង១៥០នាក់និងរបួសជិត៦ពាន់នាក់
ភ្នំពេញ:របាយការណ៍របស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) បានបង្ហាញថា នៅក្នុងឆ្នាំ ២០២២ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើតឡើងលើកម្មករនិយោជិតមានជាង ៥ពាន់ករណី ក្នុងនោះស្លាប់ជាង១៥០នាក់ និងរបួសធ្ងន់ ស្រាលជិត ៦ ០០០ នាក់។

របាយការណ៍នេះត្រូវបានដាក់បង្ហាញនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កាលពីថ្ងៃទី២៣ ខែធ្នូនេះ។
អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត ឯកឧត្តម ហេង សុផាន់ណារិទ្ធ បានលើកឡើងថា ទន្ទឹមនឹងការបើកដំណើរការឡើងវិញលើគ្រប់វិស័យ ករណីគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើតឡើង ហើយនៅតែជាកង្វល់របស់រាជរដ្ឋាភិបាលដដែល ជាពិសេសបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងទៅលើបងប្អូនកម្មករនិយោជិត ដែលធ្វើដំណើរតាមរថយន្តដឹកកម្មករនិយោជិត និងតាមមធ្យោបាយធ្វើដំណើរផ្សេងៗ។
លោកបានឱ្យដឹងថា តាមរយៈរបាយការណ៍ (ស.ផ.ក) គឺនៅក្នុងឆ្នាំ២០២២នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍សរុបចំនួន ៥ ១៥៨ ករណី ជនរងគ្រោះសរុបមានចំនួន ៦ ០៥១នាក់ ក្នុងនោះ ស្លាប់ចំនួន ១៥៦នាក់ របួសធ្ងន់ចំនួន ១ ៦២៤នាក់ និងរបួសស្រាលចំនួន៤ ២៧១នាក់ ។
លោក ហេង សុផាន់ណារិទ្ធ បញ្ជាក់ថា៖ «ដើម្បីឆ្លើយតបទៅនឹងតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងបង្កើនស័ក្ដិសិទ្ធិភាពក្នុងការអនុវត្តការងារនាឆ្នាំ២០២៣ ខាងមុខនេះ ក្រុមការងារ ស.ផ.ក បានពិភាក្សា និងពិនិត្យលើបញ្ហាប្រឈម ស្វែងរកដំណោះស្រាយ និងសំណូមពរផ្សេងៗរបស់បងប្អូនកម្មករនិយោជិត រួមទាំងផ្តល់ធាតុចូលសំខាន់ៗ ដើម្បីជាគន្លឹះក្នុងការរួមចំណែកលើកកម្ពស់សុវត្ថិភាពចរាចរណ៍ជូនដល់បងប្អូនកម្មករនិយោជិត ដែលធ្វើដំណើរតាមរថយន្តដឹកកម្មករនិយោជិត និងតាមមធ្យោបាយផ្សេងៗ ឆ្លើយតបនិងបញ្ហាដែលកំពុងប្រឈម និងកើតមាននាពេលបច្ចុប្បន្ននេះ»។

ប្រធានសម្ព័ន្ធសហជីពជាតិលោក ហ្វា សាលី បានប្រសាសន៍ថា មានកត្តារួមផ្សំជាច្រើនដែលបណ្តាលឱ្យកម្មករនិយោជិតនៅតែប្រឈមបញ្ហាគ្រោះថ្នាក់ចរាចរណ៍គឺកត្តា អ្នកបើកបរខ្វះសីលធម៌ មិនគោរពច្បាប់ និងកត្តាការកែច្នៃរថយន្តខុសបច្ចេកទេសជាដើម។ លោកថា៖«អ្នកបើកបរខ្លះបើកបរទាំងស្រវឹង មិនគោរពច្បាប់ មិនមានបណ្ណបើកបរ ពេលខ្លះគាត់ដឹកទម្លាក់កម្មករនៅរោងចក្រហើយ គាត់ជុំគ្នាហូបស្រា និងអ្នកខ្លះទៀតយករថយន្តទៅកែច្នៃខុសបច្ចេកទេស ទើបធ្វើឱ្យគ្រោះថ្នាក់ចរាចរណ៍លើកម្មករនៅតែមានច្រើន»។
ដើម្បីដោះស្រាយបញ្ហានេះលោក ហ្វា សាលី ជំរុញទៅកាន់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមានភាគី រោងចក្រ អ្នកបើកបរ ក៏ដូចជារដ្ឋាភិបាល ត្រូវរួមគ្នារកដំណោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត តាមរយៈដាក់ចេញវិធានការនានាៗ ដើម្បីឈានទៅដល់ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើកម្មករនិយោជិត។
យោងតាម តារាង ទិន្នន័យ ស្ដីពី សភាព ការ ណ៍ គ្រោះថ្នាក់ សង្គម ប្រចាំឆ្នាំ ២០២២ របស់ អគ្គស្នងការដ្ឋាន នគរបាលជាតិ បានឱ្យដឹងថា យ៉ាងហោចណាស់ មាន ជន រងគ្រោះ ចំនួន ១ ៧៣៩ នាក់ បាន ស្លាប់ ដោយសារ គ្រោះ ថ្នាក់ ចរាចរណ៍ នៅ ក្នុង ឆ្នាំ ២០២២ គឺមាន ការកើនឡើង ជា ង ២០ ភាគរយ បើ ធៀប ទៅនឹង ឆ្នាំ ២០២១ ។
ក្នុង របាយការណ៍ អង្កេត នោះ ក្រុមមន្ត្រី ជំនាញ បាន រកឃើញថា មាន កត្តា សំខាន់ ៣ យ៉ាង ដែល ជំរុញឱ្យមាន ករណី គ្រោះថ្នាក់ ចរាចរណ៍ កើតឡើង ដែល ក្នុងនោះ រួមមាន កត្តា មនុស្ស យាន យន្ត និង កត្តា ផ្លូវ ។ ទន្ទឹមនឹងនេះ របាយការណ៍ បាន រំលេច ឱ្យឃើញថា គ្រោះថ្នាក់ ចរាចរណ៍ ភាគ ច្រើន បង្កឡើង ពី កត្តា មនុស្ស ដូចជា បើកបរ លើស ល្បឿន កំណត់ ការមិន គោរព សិទ្ធិ អាទិភាព ការ មិន ប្រកាន់ ស្តាំ មិន គោរព ភ្លើង និង ស្លាក សញ្ញា ចរាចរណ៍ និង ការបើកបរ ក្រោម ឥទ្ធិពល នៃ គ្រឿង ស្រវឹង និង គ្រឿងញៀន ៕ ដោយ:ឡាយ សាមាន