សម្តេចតេជោ ហ៊ុន សែន ស្នើទៅកាន់ស្ថាប័នតុលាការ កុំឱ្យប្រញាប់ប្រញាល់ចំពោះរឿងចាប់ចងមនុស្ស ក្នុងសំណុំរឿងរដ្ឋប្បវេណី
ភ្នំពេញ៖ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ “មន្ទីរពិសោធន៍ ជាតិសំណង់” របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើទៅកាន់ស្ថាប័នតុលាការកុំឱ្យប្រញាប់ប្រញាលចំពោះរឿងចាប់ចងមនុស្ស ក្នុងសំណុំរឿងរដ្ឋប្បវេណី ។
សម្តេចបានលើកឡើងថា តើយើងកោះហៅទៅបានទេ ដើម្បីពិភាក្សាមើល ហើយអាងតែពីរឿងចាប់រឿងចង អញ្ចឹងរួចហើយ គេមើលពីក្រៅមក គេមិនមានដឹងថា តុលាការឯណា គេដឹងតែពី ហ៊ុន សែន តែម្តង ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើល្មោភតែរឿងចាប់ចងហ្នឹងវាយ៉ាងម៉េច? ឥឡូវ ខ្ញុំបញ្ជូនមេធាវីរបស់ខ្ញុំទៅជួយការពារតែម្តង ហើយវាទាក់ទងជាមួយនឹងអ្នកឧកញ៉ា ដែលគេមានប្រាក់កាក់នោះ រួចហើយខាងយើងផ្នែកតុលាការអាងឡើងចាប់គ្រឹបៗ អារឿងរដ្ឋប្បវេណី យើងកោះហៅទៅបានទេ ដើម្បីពិភាក្សាមើល ហើយអាងតែពីរឿងចាប់រឿងចងអញ្ចឹង រួចហើយគេមើលពីក្រៅមក គេមិនមានដឹងថា តុលាការឯណា គេដឹងតែពី ហ៊ុន សែន តែម្តង ក្នុងពេលដែលយើងអត់ដឹងផង។
សម្តេចតេជោ បានលើកឡើងទៀតថា សម្តេចទើបបានទទួលព័ត៌មានអំពីការចាប់ខ្លួនបុគ្គលិកទូរទស្សន៍បាយ័នម្នាក់ដោយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តាមបញ្ជាតុលាការ ក្រោយមានបណ្តឹងពីអ្នកឧកញ៉ាម្នាក់ថា បានចូលរួមឆបោកក្នុងទឹកប្រាក់ ៣៦លានដុល្លារលក់ដីខ្យល់។ ចំពោះករណីនេះ សម្តេចក៏បានចេញមុខធានាឱ្យនៅក្រៅឃុំ ហើយជំរុញឱ្យមេធាវីរបស់សម្តេច ចេញការពារក្តី ឱ្យបុគ្គលិកទូរទស្សន៍បាយ័នរូបនោះផងដែរ ។ សម្តេចបន្តថា ពួកយើងហ្នឹងកុំប្រញាប់ប្រញាល់ចាប់លឿនពេកបានទេ ខ្ញុំសូមអង្វរបើអស់លោក ធ្វើតែអញ្ចឹង តើក្នុងគុកយកទៅដាក់កន្លែង រួចហើយទៅគាបគ្នាសួរចម្លើយ។
ជាមួយនេះដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរ ចំពោះអ្នកដែលរកស៊ីមានងារជាឧកញ៉ារូបនោះដែលបានចោទប្រកាន់ទៅលើបុគ្គលបាយ័នថា ចូលរួមបោកប្រាស់ប្រាក់រាប់សិបលានដុល្លារ ខណៈដែលអ្នកព័ត៌មានរូបនោះ រកតែបាយហូបសឹងមិនបានផង ។ សម្តេចបន្តថា ក្នុងពេលដែលគេចាប់ខ្លួនបុគ្គលិកបាយ័ននោះ ក៏មានមេធាវីទៅបង្គាប់ទារលុយប្រពន្ធរបស់គាត់ចំនួន ៥ពាន់ដុល្លារថែមទៀត ខណៈដែលគ្នាមិនមានលុយឡើយ។
សម្តេចបានលើកជាសំណួរថា ចុះបើមាន ៣៦លានដុល្លារ តើចាំបាច់ទៅវេទនា អានព័ត៌មាននៅទូរទស្សន៍បាយ័នធ្វើអ្វី អញ្ចឹងបានថា រឿងអញ្ចឹងៗ យើងមើលផង កុំអាងតែមានអំណាច កុំអាងតែមាននេះ ចេះតែចាប់ចេះតែចង ចាប់ចងៗ រួចហើយអ្នកដែលវេទនាជាងគេ គឺនាយករដ្ឋមន្ត្រី ម្ខាងត្រូវគេចោទថា អាងតែរដ្ឋបាលចាប់ តែតុលាការវាអ្នកបញ្ជាចាប់ ។
សម្តេចតេជោ ក៏បានណែនាំទៅកាន់មេនគរបាលយុត្តិធម៌ទាំងអង្គភាពនគរបាល និងអង្គភាពអាវុធហត្ថ កុំចេះតែទៅចាប់ទាំងងងឹតងងុល។ សម្តេចបានអះអាងថា រឿងនេះ សម្តេចក៏ប្រាប់ទៅឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ផងដែរ ហើយសម្តេច នឹងតាមមើលថា តើករណីនេះជាករណីពិត ឬអយុត្តិធម៌ ហើយនរណាជាអ្នកបោកលុយ ៣៦លានដុល្លារ ខណៈដែលជនដែលត្រូវបានចាប់ខ្លួនរកបានតែមួយគ្រប់ៗ ហើយមានបាយ័នជួយចិញ្ចឹមផងនោះ។ សម្តេចបានចាត់ទុកថា ករណីនេះ ជារឿងហួសហេតុខ្លាំងពេក ។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានព្រមានទៅនគរបាលយុត្តិធម៌ ទាំងនៅអង្គភាពនគរបាល និងអាវុធហត្ថ ដោយលើកឡើងថា កុំថាឡើយពាក់ត្រឹមផ្កាយ ពាក់លោកខែ ក៏សម្តេចមានលទ្ធភាពក្នុងការដកចេញបានដែរ ៕ ដោយ ៖ វណ្ណលុក