ផ្នែកឧតុនិយមព្យាករណ៍ថា ឥណ្ឌាទំនងជាប្រឈមមុខនឹងអ័ព្ទក្រាស់ដ៏គ្រោះថ្នាក់នាប៉ុន្មានថ្ងៃខាងមុខនេះ
ញូវដេលី៖ នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) ក្នុងថ្ងៃអង្គារសប្តាហ៍នេះ បានបញ្ជាក់ថា ស្ថានភាពអ័ព្ទក្រាស់នឹងបន្តគ្របដណ្ដប់នៅតំបន់ភាគពាយ័ព្យនៃប្រទេសឥណ្ឌាក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដែលនាំឱ្យប៉ះពាល់ដល់ផ្លូវថ្នល់ ផ្លូវដែក និងផ្លូវអាកាស។
នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បានក្រើនរំលឹកថា ការប៉ះពាល់នឹងអ័ព្ទក្រាស់យូរពេក អាចបណ្តាលឱ្យមានបញ្ហាផ្លូវដង្ហើមសម្រាប់អ្នកដែលមានជំងឺហឺត រលាកទងសួត និងបញ្ហាសុខភាពដែលទាក់ទងនឹងសួតផ្សេងទៀត។
អ័ព្ទក្រាស់ក៏មានការបំពុលនៃប្រភេទផ្សេងៗផងដែរ ហើយការបំពុលទាំងនេះនៅក្នុងខ្យល់ ប្រសិនបើបានប៉ះពាល់អាចមានទំនោរធ្វើឱ្យរលាកភ្នាសនៃភ្នែក បង្ករោគផ្សេងៗ ដែលនាំឱ្យភ្នែកឡើងក្រហម ឬហើមជាដើម។
ការព្យាករណ៍របស់នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បានឱ្យដឹងថា សីតុណ្ហភាពអប្បបរមាទំនងជានឹងធ្លាក់ចុះពីចន្លោះពី ៣ ឬ ៧អង្សាសេ ទៅ ២ ឬ ៤អង្សាសេក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
លក្ខខណ្ឌអាកាសធាតុដែលកំពុងកើតមាន ទំនងជានឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាកាសយានដ្ឋាន ផ្លូវហាយវេ និងផ្លូវរថភ្លើងមួយចំនួន ដែលនាំឱ្យមានការបើកបរពិបាក ជាមួយនឹងពេលវេលាធ្វើដំណើរយឺត និងការប៉ះទង្គិចផ្លូវថ្នល់មួយចំនួន។ IMD ក៏បានព្រមានពីឱកាសនៃការដាច់ខ្សែថាមពលនៅតាមផ្លូវដែលមានអ័ព្ទខ្លាំងផងដែរ ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា


