ទិន្នន័យបង្ហាញថា ឆ្នាំ ២០២២ ជាឆ្នាំក្តៅបំផុតក្នុងប្រទេសអ៊ីតាលីចាប់តាំងពីឆ្នាំ ១៨០០
យោងតាមទិន្នន័យពីវិទ្យាស្ថានវិទ្យាសាស្ត្របរិយាកាសនៅក្រុមប្រឹក្សាស្រាវជ្រាវជាតិរបស់ប្រទេសអ៊ីតាលី (NRC) បានឱ្យដឹងថា ឆ្នាំ ២០២២នេះ ត្រូវបានគេកំណត់ថា ជាឆ្នាំមានអាកាសធាតុក្តៅបំផុតនៅក្នុងប្រទេសអ៊ីតាលី ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមកាលពីឆ្នាំ ១៨០០។
ឆ្នាំ២០២២នេះ គឺជាឆ្នាំដ៏លំបាកមួយនៅក្នុងប្រទេសអ៊ីតាលី ជាមួយនឹងគ្រោះរាំងស្ងួតរដូវក្តៅដ៏យូរ ដោយបានកាត់បន្ថយកម្រិតទឹកចំនួនបីភាគបួននៅក្នុងទន្លេសំខាន់ៗរបស់ប្រទេសអ៊ីតាលី និងកាត់បន្ថយផលិតកម្មកសិកម្មចំនួនមួយភាគបី។ សីតុណ្ហភាពដ៏ក្តៅខ្លាំងក៏បានបណ្តាលឱ្យមនុស្សស្លាប់រាប់រយនាក់ផងដែរ។
សមាគមឧតុនិយមអ៊ីតាលី ឬ Nimbus បានឱ្យដឹងថា ចរន្តអាកាសធាតុក្តៅពីអាហ្វ្រិកខាងជើងបានជំរុញសីតុណ្ហភាពក្នុងខែធ្នូ ហក់ឡើងដល់កម្រិតខ្ពស់មិនធ្លាប់មាន។ ជាមួយគ្នានេះ មន្ត្រីសមាគម Nimbus បានប្រាប់សារព័ត៌មានចិនស៊ីនហួរថា សីតុណ្ហភាពខ្ពស់នឹងអូសបន្លាយពេលយ៉ាងហោចណាស់រហូតដល់ដំណាច់ឆ្នាំ នៅភាគកណ្តាល និងភាគខាងត្បូងប្រទេសអ៊ីតាលី។
គួរបញ្ជាក់ផងដែរថា ក្នុងកម្រិតពិភពលោក ឆ្នាំ ២០១៦ នៅតែជាឆ្នាំក្តៅបំផុតក្នុងកំណត់ត្រា បន្ទាប់មកគឺឆ្នាំ ២០១៩, ២០២០ និង ២០២២។ នេះបើយោងតាមប្រភពពីក្រុមប្រឹក្សាស្រាវជ្រាវជាតិរបស់ប្រទេសអ៊ីតាលី (NRC)៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា



