ក្រុមហ៊ុនចំនួនបួនចុះបញ្ជីត្រៀមនាំចេញត្រីប្រាទៅកាន់ទីផ្សារចិន
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា នាពេលខាងមុខនេះ ត្រីប្រារបស់កម្ពុជា នឹងនាំចេញទៅកាន់ទីផ្សារចិន ដែលអាចឱ្យ កម្ពុជាទទួលបានផលប្រយោជន៍ជាច្រើន។ ទន្ទឹមគ្នានេះ បើតាម ក្រសួង កសិកម្ម បានឱ្យដឹងថាក្រុមហ៊ុនចំនួនបួនចុះបញ្ជីត្រៀម នាំចេញត្រីប្រាទៅកាន់ទីផ្សារចិន។ក្នុងនោះមានកសិដ្ឋានចំនួនបី និងសហគ្រាសកែច្នៃនាំចេញចំនួនមួយ។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា បានប្រាប់ CPA ថា ក្រោយពីបានចុះកិច្ចព្រមព្រៀងស្តីពីលក្ខខណ្ឌ តម្រូវសម្រាប់នាំចេញផលវារីវប្បកម្មលើប្រភេទត្រីប្រាទៅសាធារណរដ្ឋចិនកាលពីខែមីនាឆ្នាំ២០២២ បច្ចុប្បន្នកម្ពុជាមានកសិដ្ឋានចំនួនបី និងសហគ្រាសកែច្នៃនាំចេញចំនួនបី ដែលបានបំពេញការចុះ បញ្ជីនាំចេញទទួលស្គាល់ដោយ រដ្ឋបាលជលផល និងគយចិន។
កញ្ញា បានឱ្យដឹងបន្តថា កសិដ្ឋានដែលបានចុះបញ្ជីទាំងបី នៅមិន ទាន់បានរៀបចំផែនការផលិតកម្មសមស្រប ដើម្បីផ្គត់ផ្គង់ត្រីប្រា ឱ្យបានជាប្រចាំថ្ងៃសម្រាប់សហគ្រាសកែច្នៃ ធ្វើឱ្យការផ្គត់ផ្គង់ មានភាពយឺតយ៉ាវ។ ចំណែកសហគ្រាសកែច្នៃមានតែមួយ ដែល ទើបសាកល្បងកែច្នៃជាលើកទី១ និងមានសមត្ថភាពកំណត់ ក្នុងការកែច្នៃប្រចាំថ្ងៃ (ប្រមាណមួយតោនក្នុងមួយថ្ងៃ) ធ្វើឱ្យដំណើរការកែច្នៃនាំចេញមានការយឺតយ៉ាវផងដែរ។
មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះ បានបញ្ជាក់ បន្ត ថា៖«បច្ចុប្បន្នសហគ្រាសកែច្នៃនាំចេញត្រីប្រា ផលិតបានត្រី ប្រាប្រមាណ ១៥តោន ឬស្មើមួយកុងតឺន័រសម្រាប់ការនាំ ចេញ សាកល្បងជាលើកទី១ ទៅកាន់ប្រទេសចិន។ ក្រុមហ៊ុន កំពុង បំពេញនីតិវិធីនាំចេញរួមទាំងការត្រួតពិនិត្យលើសំណាកផលិតផលដែលបានកែច្នៃសម្រាប់នាំចេញ ដើម្បីធានាថាផលិតផលមាន គុណភាព និងសុវត្ថិភាពឆ្លើយតបលក្ខខណ្ឌតម្រូវនាំចេញ ហើយក្រុមហ៊ុនរំពឹងថានឹងបានរួចរាល់ក្នុងខែមករា ឆ្នាំ២០២៣ ខាងមុខ»។
អ្នកនាំពាក្យក្រសួងកសិកម្មដដែលបន្តទៀតថា៖ «បច្ចុប្បន្ន ក្រុមហ៊ុន នាំចេញមិនអាចបញ្ជាក់បាននូវបរិមាណតម្រូវការនៃទីផ្សារប្រទេសចិននៅឡើយទេ ដោយសារខាងក្រុមហ៊ុនត្រូវការនាំចេញសាកល្បង មួយ កុងតឺន័រដំបូងសិន ដើម្បីទទួលបានការជឿជាក់ពី ទីផ្សារ លើគុណភាព»។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៤១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឱ្យដឹងថា ក្រោយដាក់ឱ្យដំណើរ ការកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង កម្ពុជា-ចិន ឃើញថា ផលិត ផលកម្ពុជា នាចេញផ្សារចិនកាន់តែទូលាយជាងមុន ខណៈនាពេល ឆាប់ៗនេះ ត្រីប្រារបស់កម្ពុជា នឹងនាំចេញទៅផ្សារចិនដោយផ្ទាល់ ។សម្តេចតេជោបន្តថា ខណៈទីផ្សាររបស់ចិន គឺជាផ្សារដ៏ធំរបស់ កម្ពុជា សម្តេចក៏បានណែនាំផលិតករ ត្រូវកែច្នៃឱ្យបានត្រឹមត្រូវ ដោយមាន អនាម័យខ្ពស់ សម្រាប់នាំចេញទៅទីផ្សាររបស់ចិនផងដែរ។
តបទៅនឹងការជំរុញនេះដែរ ដើម្បីឱ្យការនាំចេញត្រីប្រានេះ បាន ជោគជ័យ និងមានប្រសិទ្ធិភាពទៅបាន ក្រសួងកសិកម្ម ដែលមាន រដ្ឋបាលជលផលជាសេនាធិការលើការនាំចេញត្រីប្រានេះ ក៏បាន កំណត់យុទ្ធសាស្រ្តនិងវិធានការសំខាន់ៗចំនួនបី រួមមាន៖« ទី១.សិក្សាវាយតម្លៃតម្រូវការទីផ្សារត្រីប្រានៅចិន។ ទី២.ជំរុញការ ចុះបញ្ជីរបស់កសិដ្ឋាន និងសហគ្រាសកែច្នៃបន្ថែមទៀត។ ទី៣. កៀរគរវិនិយោគិនឯកជន និងលើកសំណើគម្រោងវិនិយោគ សម្រាប់ការវិនិយោគលើសេវាកម្មគាំទ្រ ហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់នានា»។
សូមរម្លឹកដែរថា បើតាមសមាគមវារីវប្បករកម្ពុជាធ្លាប់បានឱ្យដឹងថា កម្ពុជាផលិតត្រី និងបង្គាបានចំនួន ៣៤៨.៣៥០ តោនកាលពីឆ្នាំមុន ធ្លាក់ចុះ ១៣ ភាគរយ ឬ ៥២.០៥០ តោន បើធៀបនឹងឆ្នាំ ២០២០ ដែលស្មើនឹង ៧២,៤២ ភាគរយនៃគោលដៅ ៨១.០០០ តោន។ សមាគមវារីវប្បករកម្ពុជា និងអ្នកចិញ្ចឹមត្រីនៅកម្ពុជា ក៏បានសម្ដែងនូវ ការត្រេកអរ និងសប្បាយរីករាយ បន្ទាប់ពីទទួលបានដំណឹងថា ត្រីប្រារបស់កម្ពុជា ត្រូវបានប្រទេសចិន កំពុងពិនិត្យវាយតម្លៃ អាចនឹងឈានទៅសម្រេចឱ្យមានការនាំចេញផ្ទាល់ទៅកាន់ទីផ្សារចិន នាពេលដ៏ខ្លីខាងមុខនេះ។
ក្រសួងកសិកម្មបានបង្ហាញក្តីរំពឹងដែរថា កម្ពុជានឹងទទួលបានផលប្រយោជន៍ច្រើនពីការនាំចេញផលិតផលត្រីប្រា និងផលិតផលជលផលផ្សេងៗទៀតទៅកាន់ប្រទេសចិន ដោយសារទីផ្សារប្រទេសចិនមានតម្រូវការទទួលទានផលិតផលជលផលក្នុងបរិមាណច្រើន។ ការនាំចេញជោគជ័យ នឹងអាចផ្តល់ប្រាក់ចំណូលដ៏ច្រើនដល់វារីវប្បករ និងសហគ្រាសកែច្នៃក្នុងស្រុក ព្រមទាំងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិថែមទៀត៕
ដោយ៖ បូរ ពេជ្រហ្សាលីន