លោក ពូទីន បិទខ្ទប់ការលក់ប្រេងទៅឲ្យប្រទេសកំណត់តម្លៃប្រេងរុស្ស៊ីទាំងអស់

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសម្រេចចុះហត្ថលេខាលើក្រឹត្យមួយ ស្តីពីវិធានការសងសឹកចំពោះការកំណត់តម្លៃរបស់លោកខាងលិច លើការនាំចេញប្រេងរបស់រុស្ស៊ី។

យោងតាមក្រឹត្យដែលផ្សព្វផ្សាយលើគេហទំព័ររបស់រដ្ឋាភិបាល បម្រាមផ្គត់ផ្គង់ប្រេងដើម្បីឆ្លើយតបទៅនឹងតម្លៃកំណត់ នឹងចូលជាធរមាននៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយមានសុពលភាពដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣។

ចំណែកកាលបរិច្ឆេទនៃបម្រាមផ្គត់ផ្គង់ផលិតផលប្រេងឥន្ធនៈ នឹងត្រូវបានកំណត់នៅពេលក្រោយដោយរដ្ឋាភិបាល។ ក្រឹត្យរបស់ប្រធានាធិបតីរុស្ស៊ីបានហាមឃាត់ការផ្គត់ផ្គង់ប្រេង និងផលិតផលប្រេងឥន្ធនៈពីរុស្ស៊ីទៅកាន់ប្រទេសទាំងឡាយណា ដែលអនុវត្តតម្លៃកំណត់ក្នុងកិច្ចសន្យារបស់ពួកគេ។

ក្រឹត្យនេះ ក៏ហាមឃាត់ការដឹកជញ្ជូនផងដែរ ប្រសិនបើកិច្ចសន្យានោះ បញ្ជាក់អំពីការកំណត់តម្លៃដោយផ្ទាល់ ឬដោយប្រយោល។
សូមរម្លឹកផងដែរថា ការកំណត់តម្លៃ៦០ដុល្លារក្នុងមួយបារ៉ែលលើការនាំចេញប្រេងតាមសមុទ្ររបស់រុស្ស៊ី ត្រូវបានណែនាំដោយសហភាពអឺរ៉ុប (EU) ក្រុមប្រទេស G7 និងអូស្ត្រាលីកាលពីថ្ងៃទី០៥ ខែធ្នូនេះ។

ពួកគេបានហាមឃាត់ក្រុមហ៊ុនលោកខាងលិចមិនឲ្យផ្តល់ការធានារ៉ាប់រង និងសេវាកម្មផ្សេងទៀតសម្រាប់ការនាំចេញប្រេងរបស់រុស្ស៊ី លុះត្រាតែទំនិញត្រូវបានទិញក្នុងតម្លៃនេះ ឬទាបជាងតម្លៃដែលបានកំណត់៕

ប្រភព៖ RT ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner