អាមេរិក៖ ការវាយប្រហារលើស្ថានីយថាមពល បង្កការភ័យខ្លាច អំពីយុទ្ធនាការជ្រុលនិយមក្នុងស្រុក

អាមេរិក៖ ការវាយប្រហារលើស្ថានីយថាមពលចំនួនបួន កន្លែង នៅ រដ្ឋវ៉ាស៊ីនតោនកាលពីចុងសប្តាហ៍ បានបន្ថែម ការភ័យខ្លាច ពីយុទ្ធនាការទូទាំងប្រទេសដែលអាចកើតមានរបស់ក្រុមពួកស្ដាំជ្រុលនិយម ក្នុងចេតនាជំរុញឱ្យមានការភ័យខ្លាច និងបង្ក ជម្លោះ ស៊ីវិលនៅសហរដ្ឋអាមេរិក។
ការវាយប្រហារបានបណ្ដាលឱ្យក្រុមគ្រួសារ អាជីវកម្មប្រហែល ១៤ ០០០ ក្បែរទីក្រុងកំពង់ផែ Tacoma (ភាគខាងត្បូងក្រុង ស៊ីអាថល) នៃតំបន់ Pierce ដាច់ភ្លើងប្រើប្រាស់នៅ ថ្ងៃ ប្រារព្ធពិធី បុណ្យណូអែល។ចំណែក ប៉ូលិសក្នុងតំបន់កាល ពីថ្ងៃអង្គារ ទី២៧ ខែធ្នូ មិនបានផ្តល់ព័ត៌មានថានរណា ដែលខ្លួនសង្ស័យថាជាអ្នកនៅពីក្រោយការបំផ្លិចបំផ្លាញនោះទេ។
ក្រុមហ៊ុន Tacoma Public Utilities ដែលជាម្ចាស់កម្មសិទ្ធិ លើស្ថានីយថាមពលដែលរងការវាយប្រហារកាលពីថ្ងៃអាទិត្យចំនួន ២ បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនទទួល ដំណឹងពីក្រុមអនុវត្តច្បាប់សហព័ន្ធកាលដើមខែធ្នូ អំពីការគំរាម កំហែងដល់បណ្តាញផ្គត់ផ្គង់អគ្គិសនីរបស់ពួកគេ។

ការិយាល័យតម្រួតតំបន់ Pierce កាលពីថ្ងៃអាទិត្យថា បាន អះអាងថា ខ្លួនកំពុងស៊ើបអង្កេត ប៉ុន្តែមិនបានធ្វើការចាប់ ជនណាមួយទេមកទល់ថ្ងៃអង្គារ ហើយគូសបញ្ជាក់ថា ប៉ូលិស ក៏មិនថាវាជាការវាយប្រហារដែលមានគម្រោងច្បាស់លាស់ដែរ។ យ៉ាងណាមិញ អង្គភាពនេះអះអាងថា ខ្លួនបានដឹងអំពី ឧប្បត្តិហេតុស្រដៀងគ្នានេះនៅកន្លែងផ្សេងទៀតក្នុងរដ្ឋវ៉ាស៊ីនតោន អូរីហ្គិន និង North Carolina ។

ប៉ូលិសតំបន់មិនទាន់ធ្វើការសន្និដ្ឋានលើក្រុមណាមួយទេ ប៉ុន្តែ ការវាយប្រហារកាលពីថ្ងៃអាទិត្យកើតឡើងបន្ទាប់ពីការព្រមានជាច្រើនដងរបស់មន្រ្តីសហរដ្ឋអាមេរិក ដែលថាពួកជ្រុលនិយម ក្នុង ស្រុក ដូចជាពួកណាហ្ស៊ីនិយម បានអះអាងថា ពួកគេចង់ បង្កើតសង្រ្គាមពូជសាសន៍ ដោយផ្តោតលើការវាយប្រហារលើ ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី។
យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក នាយកដ្ឋានសន្តិសុខ មាតុភូមិ បានសរសេរក្នុងកំណត់ត្រាចារកម្មសម្រាប់ខែមករាថា ក្រុមជ្រុលនិយមហិង្សាបានបង្កើតផែនការជាក់លាក់ ដើម្បីវាយ ប្រហារហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី យ៉ាងហោចណាស់ចាប់ តាំងពីឆ្នាំ ២០២០ មក ដោយដាក់បណ្តាញអគ្គិសនីថា ជា គោលដៅធំ ព្រោះវាសំខាន់សម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្សេងទៀត។
គួររំឭកថា កាលពីដើមខែធ្នូនេះ ផ្ទះ និងអាជីវកម្មចំនួន ៤៥ ០០០ នៅតំបន់ Moore រដ្ឋ North Carolina បានដាច់ ចរន្តអគ្គិសនី បន្ទាប់ពីជនមិនស្គាល់មុខបានបំផ្លាញ ស្ថានីយ អគ្គិសនីចំនួនពីរកន្លែង ហើយកាលពីខែកុម្ភៈដើមឆ្នាំ បុរសបី នាក់ ដែលមានទំនាក់ទំនងជាមួយក្រុមនិយមណាហ្ស៊ី បាន សារភាពទោសកំហុសនៅទីក្រុង Columbus នៃរដ្ឋ Ohio ពីបទរៀបចំផែនការប្រើប្រាស់កាំភ្លើង និងគ្រឿងផ្ទុះដើម្បី បំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលនៅទីតាំងផ្សេងៗគ្នា។

ជំនួយការអគ្គមេធាវីលោក Matthew Olsen បានថ្លែងនៅ ពេលនោះថា ក្រុមជ្រុលនិយមបានបន្ត ផែនការរបស់ខ្លួន ដែលបញ្ជូលមនោគមវិជ្ជាឧត្តមភាពពណ៌ស ដើម្បីវាយប្រហារ រោងចក្រថាមពល ក្នុងគោលបំណងបំផ្លាញសេដ្ឋកិច្ច និងការ បែងចែកអំណាចនៅសហរដ្ឋអាមេរិក៕
ដោយ៖ហួន ឌីណា
ប្រភព៖ Fears of extremist campaign after attack on US power substations

ads banner