រុស្ស៊ីប្រកាសមិនលក់ប្រេងឱ្យប្រទេសណា ដែលអនុវត្តតាម វិធានការ កំណត់តម្លៃរបស់លោកខាងលិច

ម៉ូស្គូ៖ ប្រទេសរុស្ស៊ីបានប្រកាសជាផ្លូវការកាលពីថ្ងៃអង្គារទី ២៧ ខែធ្នូថា ខ្លួននឹងបិទការនាំចេញប្រេងទៅកាន់ប្រទេសណា ដែល អនុវត្តតាមវិធានការកំណត់តម្លៃប្រេងរបស់លោកខាងលិច ក្នុងកិច្ចប្រឹងប្រែងដើម្បីរារាំងមូលនិធិផ្គត់ផ្គង់ការធ្វើសង្រ្គាមនៅអ៊ុយក្រែនរបស់រុស្ស៊ី។
ប្រកាសនេះធ្វើឡើងបន្ទាប់ពីប្លុកលោកខាងលិចរួមមានសហភាពអឺរ៉ុប បានរួមគ្នាកំណត់តម្លៃប្រេងនាំចេញរបស់រុស្ស៊ីនៅដើមខែ នេះ ដោយតម្រូវពាណិជ្ជករទិញប្រេងរុស្ស៊ីក្នុងតម្លៃមិនឱ្យលើស ពី ៦០ ដុល្លារ/បារ៉ែល។តម្លៃកំណត់នេះ មិនថោកជាងប៉ុន្មានពី តម្លៃប្រេងដែលរុស្ស៊ីកំពុងលក់នាពេលបច្ចុប្បន្ននោះទេ ប៉ុន្តែ ទាបជាងឆ្ងាយពីតម្លៃដែលប្រទេសនេះធ្លាក់លក់ពីឆ្នាំកន្លងទៅ ខណៈប្រាក់ចំណេញពីវិស័យនេះជួយរុស្ស៊ីក្នុងការស៊ូធន់នឹងទណ្ឌកម្មរបស់លោកខាងលិច។

យោងទៅតាមក្រឹត្យរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដែលចេញផ្សាយនៅលើគេហទំព័ររបស់វិមានក្រឹមឡាំង ការរឹត ត្បឹតបង្ហាញពីការឆ្លើយតបដោយផ្ទាល់ចំពោះសកម្មភាពអមិត្ត ហើយផ្ទុយពីច្បាប់អន្តរជាតិរបស់សហរដ្ឋអាមេរិក និងរដ្ឋ បរទេស រួមទាំងអង្គការអន្តរជាតិដែលចូលរួមជាមួយ។

ក្រឹត្យដដែលបន្តថា ការរឹតត្បឹតរបស់វិមានក្រឹមឡាំង នឹងបញ្ឈប់ ការលក់ប្រេងឆៅដល់ប្រទេសដែលរួមដៃលើវិធានការកំណត់តម្លៃ ចាប់ពីថ្ងៃទី ០១ ខែកុម្ភៈ ដល់ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៣ ។ ចំណែកឯការហាមឃាត់ដាច់ដោយឡែកលើផលិតផលប្រេងចម្រាញ់ដូចជាប្រេងសាំង និងប្រេងម៉ាស៊ូត នឹងចូលជាធរមាននៅ ថ្ងៃ កំណត់ដែលរដ្ឋាភិបាលដាក់ចេញ។ ទោះបីយ៉ាងនេះក្ដី លោក ពូទីន នឹងមានសិទ្ធិអំណាចដើម្បីលុបចោលវិធានការ ក្នុងករណីពិសេសណាមួយ។

គួររំឭកថា រុស្ស៊ីគឺជាប្រទេសនាំចេញប្រេងធំជាងគេទី២របស់ ពិភព លោកបន្ទាប់ពីអារ៉ាប៊ីសាអូឌីត ហើយការរំខានជាក់ស្តែង ណាមួយចំពោះការលក់របស់ប្រទេសនេះ នឹងមានផលវិបាក យ៉ាងធំធេងសម្រាប់ការផ្គត់ផ្គង់ថាមពលពិភពលោក។

យ៉ាងណាមិញ ការកំណត់តម្លៃរបស់លោកខាងលិច មាន គោល បំណងធ្វើឱ្យខាតបង់ថវិការដ្ឋរបស់រុស្ស៊ី និងរាំងខ្ទប់ដល់ កិច្ចខិតខំប្រឹងប្រែងយោធារបស់ទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែន ដោយមិនធ្វើឱ្យទីផ្សារថាមពលមានការរំខាន។
យោងទៅតាមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ី លោក Anton Siluanov ឱនភាពថវិការបស់រុស្ស៊ីអាចមានទំហំធំជាង ការព្យាករទុក (២ភាគរយនៃផលិតផលក្នុងស្រុកសរុបក្នុង ឆ្នាំ២០២៣) ដោយសារការកំណត់តម្លៃប្រេងបានបង្អាក់ប្រាក់ ចំណូលនាំចេញរបស់រុស្ស៊ី ដែលជាឧបសគ្គសារពើពន្ធបន្ថែម សម្រាប់ទីក្រុងមូស្គូ ខណៈរុស្ស៊ីត្រូវចំណាយច្រើនលើសង្រ្គាម ឈ្លានពានអ៊ុយក្រែន។

ជាមួយគ្នានេះផងដែរ អ្នកវិភាគមួយចំនួនបាននិយាយថា ការ កំណត់តម្លៃប្រេងនឹងមានផលប៉ះពាល់ភ្លាមៗតិចតួចលើប្រាក់ចំណូលប្រេងដែលទីក្រុងមូស្គូកំពុងរកបាន ព្រោះតម្លៃប្រេង រុស្ស៊ី បច្ចុប្បន្នបានធ្លាក់ចុះជិតតម្លៃកំណត់រួចហើយ។ ប៉ុន្តែវាអាច កំណត់លទ្ធភាពរបស់ទីក្រុងមូស្គូក្នុងការរកប្រាក់ចំណេញ ពីការឡើងតម្លៃយ៉ាងគំហុកភ្លាមៗនៅពេលអនាគត៕
ដោយ៖ហួន ឌីណា: Russia bans oil sales to countries that accept price cap

ads banner