តុលាការសហរដ្ឋអាមេរិកបានសម្រេចធ្វើការដោះលែងលោក គ្រី ម៉ះផល ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន

ភ្នំពេញ៖ មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានឱ្យដឹងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ថា តុលាការ សហរដ្ឋអាមេរិកបានសម្រេចធ្វើការដោះលែងលោក គ្រី ម៉ះផល ដែលជាប្រធាននាយកដ្ឋានសត្វព្រៃនិងជីវចម្រុះ នៃ រដ្ឋបាលព្រៃឈើនៃក្រសួងនេះ ដែលត្រូវបានចោទប្រកាន់ពីបទ សមគំនិតរត់ពន្ធសត្វស្វាក្តាមចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។

កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យដឹងថា នាល្ងាចថ្ងៃទី២៧ ខែធ្នូ ម៉ោងនៅសហរដ្ឋអាមេរិក លោក គ្រី ម៉ះផល ត្រូវបានដោះលែង ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន បន្ទាប់ពីបានឆ្លងកាត់ការតស៊ូ តាម ផ្លូវច្បាប់ដ៏ស្វិតស្វាញ។

ការតស៊ូមតិនេះមានការចូលរួមពីមេធាវីអាមេរិកចំនួនពីររូបជួយការពារក្តី នៅតុលាការអាមេរិក តាមរយ:ការផ្តល់ការជួយជ្រោម ជ្រែងចាំបាច់ និងទាន់ពេលវេលា ពីស្ថានទូតកម្ពុជាប្រចាំ សហរដ្ឋ អាមេរិក ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ និងរាជរដ្ឋាភិបាលកម្ពុជា។

កញ្ញា អ៊ឹម រចនា បានឱ្យដឹងដែរថា ការធានាបាននូវយុត្តិធម៌ សម្រាប់មន្ត្រីកម្ពុជាទាំងអស់ រួមទាំងលោក គ្រី ម៉ះផល ផងដែរដែលជួបបញ្ហាក្នុងពេលបំពេញបេសកកម្មនៅបរទេសដើម្បីផលប្រយោជន៍ជាតិ គឺជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល កម្ពុជា។
អ្នកនាំពាក្យដដែលបានបញ្ជាក់ថា ៖ «នេះគឺជាជំហានដ៏វិជ្ជមាន មួយដែលទើបសម្រេចបាន និងជាដំណឹងដ៏រីករាយ សម្រាប់ លោក ម៉ះផល និងក្រុមគ្រួសារ ជាពិសេសកូនៗរបស់លោក ក្រោយពីបែកគ្នា និងខកខានមិនបានទាក់ទងគ្នា អស់រយ :ពេលជាងមួយខែកន្លងមក»។

ករណីលោក គ្រី ម៉ះផល នឹងត្រូវឆ្លងកាត់នីតិវិធីតាមផ្លូវតុលាការ ជាបន្តបន្ទាប់ទៀតនៅសហរដ្ឋអាមេរិក ហើយ រាជរដ្ឋាភិបាល កម្ពុជា នឹងបន្តផ្តល់ជំនួយផ្លូវច្បាប់ និងការគាំទ្រចាំបាច់ ដល់ លោក ម៉ះផល រហូតសំណុំរឿងនេះឈានដល់ទីបញ្ចប់ ដើម្បីស្វែងរកយុត្តិធម៌ជូនលោក។ នេះបើតាមការលើក ឡើងបន្ថែមពីកញ្ញា អុឹម រចនា។

សូមរំឮកផងដែរថា លោក គ្រី ម៉ះផល ត្រូវបានឃាត់ខ្លួន នៅអាកាសយានដ្ឋាននៃសហរដ្ឋអាមេរិក នាថ្ងៃទី១៦ ខែវិច្ឆិកាកន្លងទៅ ក្នុងអំឡុងពេលលោកកំពុងរង់ចាំបន្ត ដំណើរទៅចូលរួមកិច្ចប្រជុំនៅប្រទេស ប៉ាណាម៉ា។
បន្ទាប់ពីការឃាត់ខ្លួននេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញនូវការភ្ញាក់ផ្អើល និងក្តីទោមនស្ស យ៉ាងខ្លាំងដោយបានលើកឡើងថា វាជារឿងដ៏គួរឱ្យហួស ចិត្តជាទីបំផុត ដែលលោកគ្រី ម៉ះផល ត្រូវបានឃាត់ខ្លួន ក្រោមការចោទប្រកាន់នេះ ខណៈពេលដែលលោកកំពុង ធ្វើដំណើរទៅចូលរួមកិច្ចប្រជុំផ្លូវការដើម្បីការពារសត្វ និងរុក្ខជាតិជិតផុតពូជ នៅឯវេទិកាអង្គការសហប្រជាជាតិ។

ក្រសួងបានបញ្ជាក់ដែរថា សមត្ថកិច្ចគ្រប់គ្រងសាយតេស កម្ពុជាបានអនុញ្ញាតឱ្យនាំចេញសត្វស្វាក្តាម ដោយផ្អែក លើច្បាប់ និងបទប្បញ្ញត្តិជាតិ និងអន្តរជាតិ។ ចំពោះការ នាំចូលទៅសហរដ្ឋអាមេរិក ក្រុមហ៊ុនដែលប្រកប អាជីវកម្ម នាំចេញសត្វស្វាក្តាមនេះ ត្រូវអនុវត្តតាមនីតិវិធីរបស់ សហរដ្ឋអាមេរិក។

ទាក់ទងនឹងករណីនេះ លោក ស៊ឹង សែនករុណា អ្នកនាំ ពាក្យអង្គការអាដហុក បានប្រាប់ឱ្យដឹងថា ស្ថានទូតខ្មែ រប្រចាំសហរដ្ឋអាមេរិក បានស្នើតុលាការសហរដ្ឋអាមេរិក ឱ្យមានការដោះលែងលោក គ្រី ម៉ះផលនេះ ហើយ តុលាការ អាមេរិកក៏បានទទួលយកសំណើ និងបានអនុញ្ញាតឱ្យលោក ម៉ះផល បានឃុំខ្លួននៅលំនៅដ្ឋានឯកជនមួយ។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យ ដឹងថា សត្វស្វាក្តាមជាប្រភេទសត្វសម្បូរ និង មានវត្តមាន នៅទូទាំងប្រទេស ទាំងក្នុងព្រៃធម្មជាតិ ទាំងក្នុងតំបន់ជាយក្រុង និងទីក្រុង ដូចជា នៅរមណីយដ្ឋាន វត្តភ្នំ ក្នុងរាជធានីភ្នំពេញ ជាដើម។ សត្វស្វាក្តាម ត្រូវបានចិញ្ចឹមនៅកម្ពុជា តាំងពីឆ្នាំ ២០០៥ ហើយត្រូវបាននាំចេញសម្រាប់គោលដៅ វេជ្ជសាស្ត្រ ជាពិសេស សម្រាប់ដំណាក់កាលធ្វើពិសោធន៍ ដើម្បីផលិត ឱសថ វ៉ាក់សាំង ឬគ្រឿងសំអាង។

ក្រសួងដដែលនេះថា សត្វស្វាក្តាម ទាំងនេះមិនមែនត្រូវ បាន ចាប់ពីព្រៃ ហើយបញ្ចូនចេញទៅក្រៅប្រទេសនោះទេ។ ចំណែក កសិដ្ឋានដែលចិញ្ចឹមសត្វស្វាក្តាមទាំងនេះទៀតសោត ទម្រាំ ទទួល បានការទទួលស្គាល់តាមផ្លូវច្បាប់ គឺសុទ្ធតែតម្រូវឱ្យ គោរព តាមបទដ្ឋានអនាម័យ និងវិធីសាស្ត្រចិញ្ចឹមត្រឹមត្រូវ ដើម្បីរក្សាឱ្យបាននូវហ្សេនេទិករបស់វាមិនឱ្យផុតពូជនោះឡើយ៕
ដោយ៖នាង សុគន្ធា

ads banner