សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តសម្រាប់ការដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការក្នុងសំណុំរឿងវិវាទដីធ្លី

អត្ថបទដោយ៖
CPA

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាន ស្នើនិងលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅតាមមូលដ្ឋានជាពិសេសសំណុំរឿងវិវាទដីធ្លី ដើម្បី ពង្រឹងសុវត្ថិភាពនៃការកាប់កាប់ដីធ្លី បង្កើតភាពសុខដុមរមនា សង្គម និងបង្កលក្ខណៈអំណោយផលដល់ដំណើរការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចនៅតាមសហគមន៍មូលដ្ឋាន ដែលអាចជួយ បង្កើនល្បឿនកាត់បន្ថយភាពក្រីក្រ។

ក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងរៀបចំដែនដី នគរូប នីយកម្មនិងសំណង់កាលពីរសៀលថ្ងៃទី២៧ខែធ្នូឆ្នាំ២០២២សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានមាន ប្រសាសន៍ ថា៖ «ត្រូវបន្តលើកទឹកចិត្តឱ្យមានការ ដោះស្រាយ វិវាទ ក្រៅប្រព័ន្ធតុលាការនៅមូលដ្ឋាន។ជាពិសេសវិវាទដីធ្លី ដើម្បីពង្រឹងសុវត្ថិភាពនៃការកាន់កាប់បង្កើតភាពសុខសាន្ត សុខដុមរមនាក្នុងសង្គម បង្ករភាពអនុគ្រោះដល់ដំណើរ ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅតាមមូលដ្ឋាននិងឈានទៅបង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្រ។ ចំណុចនេះ ខ្ញុំតែងតែ មានសំណូមពរជាបន្តបន្ទាប់ឱ្យមានការយកចិត្តទុកដាក់ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ»។

សម្ដេចតេជោបានបន្តទៀតថា៖«ដោយសារវត្តមាននៃសន្តិភាពគឺធ្វើឱ្យដីនៅកន្លែងណាក៏មានតម្លៃដែរ ធ្វើឱ្យមានការ ទំនាស់ គ្នាជាបន្តបន្ទាប់។អញ្ចឹងបញ្ហានេះយើងមិនចង់ បាន សង្គ្រាម ទេ។គឺយើងចង់បានសន្តិភាពតែយើងត្រូវដោះស្រាយបញ្ហាឱ្យបានទៅលើវិវាទដីធ្លីនេះ»។

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌បាន បញ្ជាក់ ថា យន្តការដោះស្រាយក្រៅប្រព័ន្ធតុលាការមាន សារៈសំខាន់ស្របគ្នាជាមួយយន្តការតុលាការ ។ប៉ុន្តែជុំវិញ សំណុំរឿងព្រហ្មទណ្ឌធំៗត្រូវតែប្រើប្រាស់ប្រព័ន្ធតុលាការ ដោយឡែកសំណុំរឿងព្រហ្មទណ្ឌតូចៗ ឬបញ្ហាស៊ីវិល ជា ជម្រើសរបស់ភាគីជម្លោះដោយប្រើយន្តការក្រៅប្រព័ន្ធតុលាការ ឬតុលាការ។

ឯកឧត្តម ជិន ម៉ាលីន បន្តថា៖ «ការដោះស្រាយក្រៅប្រព័ន្ធ តុលាការ វាចំណេញពេលវេលា ។វាមិនសូវស្មុគស្មាញ ដោយ តុលាការមាននីតិវិធីច្បាប់ច្រើន ហើយវាអាចរក្សាការ សម្ងាត់ របស់គូភាគីផង និងជាពិសេសការរក្សាបាននូវភាពសុខ ដុមរមនា ដែលគូភាគីព្រមព្រៀងបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ អាចរាប់អានគ្នា ។បើសិនប្រើប្រព័ន្ធតុលាការអាចនឹ ងក្លាយជា សត្រូវនឹងគ្នាទៀត ព្រោះតុលាការកាត់ក្តីត្រូវមានមួយចាញ់ មួយឈ្នះ »។
លើសពីនេះយន្តការក្រៅប្រព័ន្ធតុលាការអាចជួយកាត់បន្ថយការកកស្ទះសំណុំរឿង និងសម្រួលបន្ទុកក្នុងតុលាការផងដែរ ខណៈហិរញ្ញវត្ថុ បច្ចេកទេសនិងធនធានមនុស្សរបស់តុលាការ កម្ពុជានៅមានកម្រិត។ នេះបើតាមការបញ្ជាក់បន្ថែមពីឯកឧត្តម ជិន ម៉ាលីន។

លោក វណ្ណ សុផាត អ្នកសម្របសម្រួលគម្រោងធុរកិច្ចនិង សិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) សាទរចំពោះការសំណូមពររបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាដែលអាចជួយជំរុញស្ថាប័នមានសមត្ថកិច្ចពន្លឿនការដោះស្រាយទំនាស់ដីធ្លីដែលនៅកកស្ទះនិងរ៉ាំរ៉ៃជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាពិសេសសំណុំរឿងដីធ្លីដែល ប្រើប្រាស់យន្តការក្រៅប្រព័ន្ធតុលាការ។

លោកវណ្ណ សុផាត បន្តថា៖« ការដោះស្រាយក្រៅប្រព័ន្ធ តុលាការ ជួយច្រើន ព្រោះបើប្រើប្រព័ន្ធតុលាការត្រូវចំណាយ ធនធានច្រើន ហើយអាចមានទោសពៃរ៍បើសិនមានការ ចោទប្រកាន់ណាមួយ។ តាំងពីក្រោយសម័យសង្គ្រាមស៊ីវិលមក ពលរដ្ឋខ្មែរយើងភាគច្រើនគ្មានបណ្ណកម្មសិទ្ធិដីធ្លីទេ ។អ៊ីចឹង តាមនីតិវិធីច្បាប់បើវិវាទមានប្លង់កម្មសិទ្ធិត្រូវប្រើតុលារការ តែបើ ករណីមិនទាន់មានបណ្ណកម្មសិទ្ធិ ។អាហ្នឹងគឺនីតិវិធីដោះ ស្រាយ ក្រៅប្រេព័ន្ធតុលាការ »។

លោកវណ្ណ សុផាត មានជំនឿថា បើសិនមានការប្រើប្រាស់ យន្តការ ក្រៅប្រព័ន្ធតុលាការហើយអនុវត្តបានត្រឹមត្រូវតាម នីតិវិធីនោះនឹងផ្តល់អត្ថប្រយោជន៍ច្រើន។

ក្នុងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ ក្រសួងយុត្តិធម៌ បានចេញសេចក្ដីសម្រេចចំនួនពីរដាច់ ដោយឡែកពីគ្នា ស្តីពីការបង្កើតគណៈកម្មការរៀបចំដំណើរ ការតុលាការជំនាញក្នុងនោះ រួមមានតុលាការពាណិជ្ជកម្ម និងតុលាការការងារ ដើម្បីដោះស្រាយភាពចាំបាច់នៃសំណុំ រឿងពិសេសដាច់ដោយឡែកជុំវិញវិវាទការងារ និងពាណិជ្ជកម្ម ក្រៅពីគម្រោងអង្គភាពដោះស្រាយតាមរយៈសន្ធានការី។

ចំណែកក្រសួងមហាផ្ទៃវិញក៏ធ្លាប់បានបង្កើតយន្តការដើម្បីដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការនៅតាមមូលដ្ឋានស្រដៀងគ្នានេះដែរ៕ ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner