មេបញ្ជាការកងទ័ពជើងគោកកម្ពុជា-កូរ៉េ ចុះហត្ថលេខារួមគ្នាលើអនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបប្រជុំតាមប្រព័ន្ធ VTC ជាមួយនឹងឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ាក ចុងហ៊័ន (Park Jeong Hwan) មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។

បញ្ជាការដ្ឋានកងទ័ពជើងគោកបានបន្តថា ក្នុងជំនួបនេះ សមភាគីទាំងពីរបានរំឭកអំពីការភ្ជាប់ចំណងការទូតកម្ពុជា-សាធារណរដ្ឋកូរ៉េនៅក្នុងឆ្នាំ១៩៧០ ព្រមជាមួយនឹងការសម្តែងនូវការអបអរសាទរ និងមោទកភាពចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ជាពិសេសក្នុងរយៈកាល២៥ឆ្នាំកន្លងមកនេះ រាប់ចាប់តាំងពីការភ្ជាប់ចំណងការទូតឡើងវិញក្នុងឆ្នាំ១៩៩៧ នៅក្រោមកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងប្រមុខដឹកនាំនៃសាធារណរដ្ឋកូរ៉េជាច្រើនរូប។

ជាមួយគ្នានេះ មេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរ ក៏បានកត់សម្គាល់ដោយធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យការពារជាតិ ដែលកំពុងមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ជាពិសេសនៅក្រោយការចុះអនុស្សារណៈនៃការយោគយល់ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរនៅក្នុងឆ្នាំ២០១៨ ហើយដែលផ្តើមចេញពីមូលដ្ឋាននេះ ក៏បានបើកឱកាស និងជំរុញឱ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងកងទ័ពជើងគោកកម្ពុជា-សាធារណរដ្ឋកូរ៉េ ដូចដែលឆ្លុះបញ្ចាំងតាមរយៈសមិទ្ធផលផ្លែផ្កាជាច្រើន រួមមាន៖ ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក, ការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស និងការផ្តល់ជំនួយជាសម្ភារយោធា ជាដើម។

ប្រភពដដែលបានបន្តថា ក្នុងឱកាសនៃជំនួបនេះ សមភាគីទាំងពីរបានសម្រេចចុះហត្ថលេខារួមគ្នាលើ “អនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោកនៃសាធារណរដ្ឋកូរ៉េ” ក្នុងគោលបំណងលើកកម្ពស់ចំណងមិត្តភាពជិតស្និទ្ធ និងយូរអង្វែងរវាងភាគីទាំងពីរ ដោយផ្អែកលើទំនុកចិត្តរួមក្នុងបុព្វហេតុសន្តិភាព និងមនុស្សធម៌។

ជាមួយនឹងការអបអរសាទរចំពោះកម្រិតឈានឡើងនៃទំនាក់ទំនងប្រកបដោយសក្តានុពលដូចពេលបច្ចុប្បន្ន សមភាគីទាំងពីរបានចាត់ទុកវឌ្ឍនភាពនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ ដោយឯកសារអនុស្សារណៈនេះនឹងក្លាយជាមូលដ្ឋានមួយដ៏សំខាន់ក្នុងការត្រួសត្រាយផ្លូវសំដៅឈានទៅពង្រឹង និងពង្រីកសកម្មភាពកិច្ចសហប្រតិបត្តិការជាក់ស្តែងនានាតទៅអនាគត៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត

ads banner