គយ និងផ្នែកឯកជន ពិភាក្សាគ្នាពីបញ្ហាប្រឈមនានាពាក់ព័ន្ធ នឹងពន្ធគយនៅចំពោះមុខបញ្ហាសេដ្ឋកិច្ចសកល

អត្ថបទដោយ៖
CPA

ភ្នំពេញ៖គយនិងផ្នែកឯកជន ពិភាក្សាគ្នាពីបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងពន្ធគយនៅចំពោះមុខបញ្ហាសេដ្ឋកិច្ចសកល។នេះ បើតាមលទ្ធផលជំនួបរវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង សភាពាណិជ្ជកម្មកម្ពុជានៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ ដែលបានប្រជុំគ្នាតាមយន្តការភាពជាដៃគូគយ-ផ្នែកឯកជន លើក ទី៩ (9th CPPM Meeting) ។

វេទិកានេះដឹកនាំដោយឯកឧត្តម គុណ ញឹម អគ្គនាយកនៃ អគ្គ នាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង ប្រធាន សភាពាណិជ្ជកម្មកម្ពុជា ដែលជាសហប្រធាន នៃ យន្តការ ភាពជាដៃគូគយ-ផ្នែកឯកជន និងមានការចូលរួម ដោយ ថ្នាក់ដឹកនាំនិងមន្ត្រីគយនិងរដ្ឋាករ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

អគ្គនាយកដ្ឋានគយឱ្យដឹងថា ៖«កិច្ចប្រជុំនេះមានគោល បំណង ពិនិត្យ និងដោះស្រាយនូវបញ្ហា និងសំណូមពរនានារបស់ វិស័យឯកជន ពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីគយ។ ការធ្វើទំនើប កម្មនិងសាមញ្ញកម្ម នៃការងារបច្ចេកទេសគយ និងប្រតិបត្តិការ គយផ្សេងៗ សំដៅធានាបាននូវការអនុវត្តគោលនយោបាយ កិច្ចសម្រួលពាណិជ្ជកម្ម និងការពង្រឹងអនុលោមភាពនិង កាតព្វកិច្ច នៃការអនុវត្តច្បាប់ និងបទប្បញ្ញត្តិនានាជាធរមាន»។

ប្រធានសភាពាណិជ្ជកម្មកម្ពុជាអ្នកឧកញ៉ា គិត ម៉េង បានថ្លែង ថា យន្តការភាពជាដៃគូគយ-ផ្នែកឯកជនគឺជាវេទិកាសន្ទនា ក្នុងភាពជាដៃគូ ដើម្បីពិគ្រោះយោបល់រួមគ្នារកដំណោះស្រាយ នូវរាល់បញ្ហានានាដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ និង ស្ថាបនាគ្នាឱ្យកាន់តែល្អប្រសើរទៅវិញទៅមក។

អ្នកឧកញ៉ាអះអាងថា អង្គភាពពាណិជ្ជកម្មនានាបានរងផល ប៉ះពាល់ ដោយសារបញ្ហាមួយចំនួនជាពិសេសក្នុងពេល ដែល មានភាពរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់, ពាណិជ្ជកម្មអន្តរជាតិ, ការឡើងថ្លៃប្រេងឥន្ធនៈ និងកំណើនខ្ពស់នៃអតិផរណា ជា សកល បណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងការ បន្តអូសបន្លាយនៃសង្គ្រាមនៅអ៊ុយក្រែន។

អ្នកឧកញ៉ាក៏បានថ្លែងអំណរគុណចំពោះអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបានដោះស្រាយបញ្ហាចំពោះមុខ និង សំណូមពរចាំបាច់នានា ក្នុងការផ្តល់ និងជំរុញកិច្ចសម្រួល ពាណិជ្ជកម្មបន្ថែមទៀតនាពេលកន្លងទៅ។អគ្គនាយក គយ ឯកឧត្តម គុណ ញឹម បានសម្ដែងនូវសេចក្ដីសោមនស្ស រីករាយ ស្វាគមន៍ចំពោះវត្តមានរបស់អ្នកចូលរួមទាំងអស់ និងបានលើក ឡើងពីសារៈសំខាន់ និងសមិទ្ធផលដ៏ល្អប្រសើរជាបន្តបន្ទាប់ របស់យន្តការ ពិភាក្សាគ្នានេះ។

លោកថាស្ថាប័នគយនឹងទទួលយកសំណូមពរនានា ដើម្បីបន្ត ជំរុញ កិច្ចសម្រួលពាណិជ្ជកម្ម និងពង្រឹងឧត្តមភាពប្រកួត ប្រជែង ក្នុងតំបន់ ជាពិសេសក្នុងបរិបទនៃការងើបនិងស្តារឡើង វិញនូវការវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិក្រោយវិបត្តិជំងឺ កូវីដ-១៩។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បាន បង្ហាញចំណាត់ ការមួយចំនួនដើម្បីជួយដល់ផ្នែកឯកជនដែលរួមមាន ការកាត់ បន្ថយកម្រៃបំពេញបែបបទគយ (Customs Processing Fee) ការសម្រួលលើការដឹកជញ្ជូនឆ្លងកាត់ និងការអនុវត្ត នីតិវិធីគយ នៅមាត់ច្រកព្រំដែននិង ការធ្វើសាមញ្ញកម្មនីតិវិធី គយក្នុងការស្នើសុំជាធុរជនល្អបំផុត (Best Trader) ឬ ប្រតិបត្តិករសេដ្ឋកិច្ចទទួលបានការអនុញ្ញាត (AEO) ជាដើម។

ក្នុងវេទិកានោះ សហប្រធានទាំងពីរឯកភាពគ្នាលើកទឹក ចិត្ត ឱ្យក្រុមការងារជំនាញទាំងបួនរួមមាន៖ ក្រុមការងារគយ-ឧស្សាហកម្មបម្រើការនាំចេញវិស័យកាត់ដេរ, ក្រុមការងារគយ-ឧស្សាហកម្ម បម្រើការនាំចេញវិស័យមិនមែនកាត់ដេរ, ក្រុមការងារ គយ-ធុរកិច្ចបម្រើទីផ្សារក្នុងស្រុកនិងក្រុម ការងារ គយ-សហគ្រាសធុនតូចនិងមធ្យម បន្តលើកឡើងនិងសហការ ដោះស្រាយបញ្ហា ដែលអាចនឹងកើតឡើងជាយថាហេតុនា ពេលខាងមុខឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ខ្ពស់៕
ដោយ៖វណ្ណ ស័ក្ដិ

ads banner