ផ្លូវមួយចំនួនក្នុងក្រុងសៀមរាបនឹងផ្អាកចរាចរណ៍ ដើម្បីអបអរសាទរ ព្រឹត្តិការណ៍ឆ្លងឆ្នាំសកល២០២៣

អត្ថបទដោយ៖
CPA

សៀមរាប៖រដ្ឋបាលខេត្តសៀមរាបបានប្រកាសផ្អាកចរាចរជា បណ្ដោះអាសន្នលើកំណាត់ផ្លូវមួយចំនួនក្នុងក្រុងសៀមរាបចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ដើម្បីអបអរសាទរព្រឹត្តិការណ៍ឆ្លងឆ្នាំសកល២០២៣ ក្នុងក្រុង សៀមរាប។

យោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តសៀមរាបនៅថ្ងៃទី២៨ ខែធ្នូ បានឱ្យដឹងថា ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ ធ្នាប់ របៀបរៀបរយសាធារណៈឱ្យបានល្អប្រសើរ និងចៀស វាងការកកស្ទះចរាចរ រដ្ឋបាលខេត្តសៀមរាប នឹង ផ្អាកចរាចរ ជាបណ្ដោះអាសន្នលើកំណាត់ផ្លូវមួយចំនួនក្នុងក្រុងសៀមរាប ក្នុងការរៀបចំអបអរសាទរព្រឹត្តិការណ៍ឆ្លងឆ្នាំសកល២០២៣។

រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយរដ្ឋបាលក្រុង សៀមរាប មន្ទីរ- អង្គភាព សមត្ថកិច្ច សហភាពសហព័ន្ធយុវជន កម្ពុជាខេត្តសៀមរាប និងក្រុមហ៊ុនមួយចំនួនធ្វើការរៀបចំកម្មវិធី ជិះទូកកម្សាន្ត តាំងពិព័រណ៍ ផ្សារទឹក បាញ់កាំជ្រួច និងប្រគំតន្ត្រី ក្នុងព្រឹត្តិការណ៍ឆ្លងឆ្នាំសកល២០២៣នៅទីតាំងតំបន់សួនច្បារព្រះរាជដំណាក់ តំបន់មាត់ស្ទឹងសៀមរាប និង់តំបន់ផាប់ស្ទើត ក្នុងក្រុងសៀមរាប ខេត្តសៀមរាប រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃ ទី៣០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។

រដ្ឋបាលខេត្តបានបញ្ជាក់ថា ៖ «កម្មវិធីនេះធ្វើឡើងដើម្បី អបអរសាទរកម្មវិធីបុណ្យឆ្លងឆ្នាំសកល២០២២ ចូល ឆ្នាំ ២០២៣ ក៏ដូចជាការទាក់ទាញភ្ញៀវទេសចរជាតិ- អន្តរជាតិ មកទស្សនាខេត្តសៀមរាបឱ្យបានច្រើនកុះករថែមទៀត ហើយដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ សាធារណៈឱ្យបានល្អប្រសើរ និងចៀសវាងការកកស្ទះចរាចរ រដ្ឋបាលខេត្ត នឹងផ្អាកចរាចរជាបណ្ដោះអាសន្នលើកំណាត់ ផ្លូវមួយចំនួនផងដែរ»។

ផ្លូវដែលផ្អាកចរាចរជាបណ្តោះអាសន្នមាន៖ កំណាត់ផ្លូវស៊ីវត្ថា ចាប់ ពីចំណុចមុខរោងកុន Major Cineplex ដល់ចំណុច ប្រសព្វ រវាង ផ្លូវលេខ១០ និងផ្លូវសុខសាន្ត, កំណាត់ផ្លូវតំបន់ ផាប់ ស្ទើត ផ្សារចាស់ និងផ្លូវ ២ធ្នូ, កំណាត់ផ្លូវពោធិ៍កំបោរ (ផ្លូវប៉ែកខាងលិចស្ទឹង) ចាប់ពីរង្វង់មូលស្ពានថ្មព្រះរាជដំណាក់ រហូតដល់ស្ពានវត្តរាជបូណ៌។

ប្រភពដដែលបានបន្តថា រដ្ឋបាលខេត្តក៏ផ្អាកចរាចរបណ្តោះ អាសន្ន លើកំណាត់ផ្លូវមួយចំនួនទៀតតាមស្ថានភាពចរាចរ ជាក់ស្ដែង។
រដ្ឋបាលខេត្តបន្តថា ដើម្បីជួយសម្រួលនិងចៀសវាងការកកស្ទះ ចរាចរក្នុងភូមិសាស្ត្រក្រុងសៀមរាប រដ្ឋបាលខេត្ត រដ្ឋបាលក្រុង សៀមរាប និងសមត្ថកិច្ចពាក់ព័ន្ធ បានរៀបចំទីតាំងចំណតយាន យន្ត គ្រប់ប្រភេទនៅតាមចំណុច និងទីតាំង ដូចជា ស្នាក់ការ គណបក្ស ប្រជាជនកម្ពុជាខេត្ត, វិទ្យាល័យ ១០ មករា ១៩៧៩, តារាងកីឡាបាល់ទះ(ក្រោយមន្ទីរពេទ្យកុមារអង្គរ), ចំណត រថយន្ត អាងក្រពើ, សាលាបឋមសិក្សាជាស៊ីម, សាលាបឋម សិក្សា ស្ទឹងថ្មី,ចំណតបណ្តោយផ្លូវជាតិលេខ៦ និងទីតាំង ចំណត មួយចំនួនទៀតតាមស្ថានភាពជាក់ស្តែង។

សូមរំឭកផងដែរថា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំកម្មវិធីពិធីជិះទូកកម្សាន្តផងដែរ ដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំ និងចូលឆ្នាំសកល២០២៣ ដែលពិធីនេះបានចាប់ផ្តើមកាលពីថ្ងៃទី២៥ ខែធ្នូនេះ រហូតដល់ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។

គណៈកម្មាធិការស.ស.យ.ក.ខេត្តសៀមរាប បានបញ្ជាក់ឱ្យ ដឹង ដែរថា កម្មវិធីកម្សាន្តនេះធ្វើឡើងក្នុងគោលបំណងទាក់ទាញ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមកម្សាន្តសប្បាយ ស្វែង យល់ពីវប្បធម៌ ទំនៀមទំលាប់ ប្រពៃណី របស់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាជួយដល់សេដ្ឋកិច្ចប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបផងដែរ។

សូមបញ្ជាក់ផងដែរថា សហភាពសហព័ន្ធយុវជនកម្ពុជា នឹង រៀបចំនូវព្រឹត្តិការណ៍អង្គរសង្ក្រាន្តនាពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្នុងខែមេសា ខាងនេះផងដែរ ដែលនឹងធ្វើឡើងនា ខេត្ត សៀមរាប។

ព្រឹត្តិការណ៍នេះធ្វើឡើង ដើម្បីជាការរំលឹកដល់ភាពរស់រវើក នៃ មរតកបេតិកភណ្ឌអរូបីដ៏ផូរផង់របស់ខ្មែរ ផ្តល់ឱកាសឱ្យយុវជន ប្រជាជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានឈ្វេងយល់បន្ថែម អំពីភាពរុងរឿង ល្បីល្បាញ ភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសាសនា ពិសេសផ្តល់ភាព សប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាក្នុងស្មារតីនៃមហាគ្រួសារខ្មែរ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. និងជាប្រធានគណៈកម្មការ រៀបចំ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត៕ ដោយ៖ នាង សុគន្ធា

ads banner