កូរ៉េខាងត្បូងប្រកាសថា ការបង្កហេតុណាមួយដោយ កូរ៉េខាងជើង ត្រូវតែឆ្លើយតបវិញយ៉ាងចាស់ដៃ

សេអ៊ូល៖ ថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២ ប្រធានាធិបតីកូរ៉េ ខាងត្បូង លោក យូន ស៊ុកយ៉ល (Yoon Suk-yeol) បាន និយាយថា ការបង្កហេតុណាមួយរបស់កូរ៉េខាងជើង នឹងត្រូវ ទទួលរងការឆ្លើយតបត្រឡប់ទៅវិញដោយមិនស្ទាក់ស្ទើរឡើយ បើទោះបីជាកូរ៉េខាងជើងប្រើប្រាស់អាវុធនុយក្លេអ៊ែរក៏ដោយ។ នេះបើយោងតាមការិយាល័យរបស់លោកដែលបានលើកឡើង បន្ទាប់ពីមានការឈ្លានពានដោយយន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើងកាលពីប៉ុន្មានថ្ងៃមុន។

ដ្រូន ឬហៅម៉្យាងទៀតថា យន្តហោះគ្មានមនុស្សបើករបស់ កូរ៉េខាង ជើងចំនួន ៥ គ្រឿងបានហោះឆ្លងចូលទៅក្នុងដែន អាកាស របស់ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃចន្ទ នាំឱ្យ យោធាកូរ៉េខាងត្បូងធ្វើការដេញបាញ់ទម្លាក់ដោយប្រើយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រជាច្រើនគ្រឿង ប៉ុន្តែហាក់មិនបានបាញ់ ត្រូវនោះទេ។

នេះគឺជាការឈ្លានពានដោយយន្តហោះគ្មានមនុស្សបើកលើកដំបូងហើយពីសំណាក់កូរ៉េខាងជើង ចាប់តាំងពីឆ្នាំ២០១៧ មក។ លោកប្រធានាធិបតី យូន បានថ្លែងនៅក្នុងកិច្ចប្រជុំជាមួយ ជំនួយ ការរបស់លោកថា ៖ «យើងត្រូវតែដាក់ទណ្ឌកម្ម និង សងសឹកប្រឆាំងនឹងការបង្កហេតុណាមួយរបស់កូរ៉េខាងជើង។ នេះគឺជាមធ្យោបាយដ៏មានឥទ្ធិពលបំផុតក្នុងការទប់ស្កាត់ចំពោះទង្វើបង្កហេតុរបស់កូរ៉េខាងជើង។

យើងមិនត្រូវខ្លាចឬស្ទាក់ស្ទើរនោះទេ ព្រោះកូរ៉េខាងជើងមាន អាវុធនុយក្លេអ៊ែរ» នេះបើយោងតាមលេខាធិការសារព័ត៌មាន លោក Kim Eun-hye។
យ៉ាងណាក៏ដោយ ការឈ្លានពានដោយដ្រូនរបស់កូរ៉េ ខាង ជើងកាលពីថ្ងៃចន្ទ បានបង្កឱ្យមានការរិះគន់ពីសំណាក់ពលរដ្ឋ កូរ៉េខាងត្បូងថា ក្រុមយោធាបានបរាជ័យក្នុងការបាញ់ ទម្លាក់ ដ្រូនដែលបានហោះចូលមកកាន់ដែនអាកាសរបស់ខ្លួនអស់រយៈពេលជាច្រើនម៉ោង។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែលោក ប្រធានាធិបតី យូន ក៏បានធ្វើការស្ដីបន្ទោសទៅកាន់កងកម្លាំង យោធារបស់ខ្លួនជុំវិញបញ្ហានេះផងដែរ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃចន្ទ កូរ៉េខាងត្បូងបានធ្វើការ ឆ្លើយតបដោយបានបញ្ជូនយន្តហោះគ្មានមនុស្សបើកហោះចូលទៅក្នុងដែនអាកាសកូរ៉េខាងជើងរយៈពេលបីម៉ោងវិញ។ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក លី ចុងស៊ុប (Lee Jong-sup) បានថ្លែងប្រាប់នៅក្នុងសភាកាលពីថ្ងៃពុធថា លោក យូន បានបញ្ជាឱ្យលោកបញ្ជូនយន្តហោះគ្មានមនុស្ស បើក ហោះចូលទៅក្នុងប្រទេសកូរ៉េខាងជើង ដើម្បីជាការ សងសឹក ចំពោះទង្វើរបស់កូរ៉េខាងជើង បើទោះបីជាវាអាចបង្កើនភាព តានតឹង និងហានិភ័យខ្លាំងក៏ដោយ។

យ៉ាងណាក្ដី យោធាកូរ៉េខាងត្បូងបានធ្វើការសុំទោស ចំពោះ ការដែលមិនអាចបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកបាន ដោយសារតែវាមានទំហំតូចពេក ធ្វើឱ្យពិបាកក្នុងការបាញ់ ត្រូវចំគោលដៅ។ ទំនាក់ទំនងរវាងកូរ៉េខាងជើង និងសម្ព័ន្ធមិត្តអាមេរិក កូរ៉េខាង ត្បូង បាននឹងកំពុងស្ថិតក្នុងភាពមិនចុះសម្រុងគ្នាអស់ ជាច្រើន ទសវត្សរ៍មកហើយ ប៉ុន្តែវាហាក់បីដូចជាកាន់តែមានភាព តានតឹង ជាងមុនកាន់តែខ្លាំង ចាប់តាំងពីរដ្ឋាភិបាល អភិរក្សនិយមរបស់លោក យូន បានចូលកាន់តំណែងកាល ពីខែឧសភា មក។ លោក យូន ក៏ធ្លាប់បានសន្យាថានឹង រឹតបន្តឹងគោលជំហររបស់ខ្លួនជាមួយគូប្រជែងភាគខាងជើង ដែលមានន័យថា លោកនឹងមិនបន្ទន់ខ្លួនឡើយជុំវិញ ទង្វើដ៏គឃ្លើនរបស់កូរ៉េខាងជើងកន្លងមក។

គួរកត់សម្គាល់ថា កូរ៉េខាងជើងក៏បាននឹងកំពុងបន្តការ អភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយកន្លងមក មានការសាកល្បងបាញ់គ្រាប់មីស៊ីលជាច្រើនលើក ជាពិសេសក្នុងឆ្នាំ២០២២នេះ។ លើសពីនេះ កូរ៉េខាងជើងត្រូវបានគេរំពឹងទុកថានឹងអាចបាញ់សាកល្បងអាវុធនុយក្លេអ៊ែរជាលើកទី៧ នាពេលដ៏ឆាប់ៗខាងមុខនេះ។

កាលពីព្រឹកថ្ងៃពុធ ក្រសួងការពារជាតិកូរ៉េខាងត្បូងបាន ប្រកាស គម្រោងចំណាយថវិកាចំនួនប្រមាណ ៤៤១,២៦ លានដុល្លារអាមេរិក ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដើម្បីកែលម្អប្រព័ន្ធការពារប្រឆាំងនឹងយន្តហោះគ្មានមនុស្សបើក រួមទាំងការអភិវឌ្ឍអាវុធឡាស៊ែរនៅលើអាកាស និងឧបករណ៍ចាប់យកសញ្ញាអាសន្នផ្សេងៗ។ កូរ៉េខាងត្បូងក៏នឹងពង្រីកសមត្ថភាពយន្តហោះគ្មានមនុស្សបើករបស់ខ្លួនឱ្យឈានដល់ប្រភេទដ្រូនពិឃាតផងដែរ។

បន្ថែមលើនេះ កូរ៉េខាងត្បូងក៏មានគោលបំណងទិញយន្តហោះ បំបាំងកាយ និងនាវាមុជទឹកដែលអាចបាញ់មីស៊ីលផ្លោង និងពន្លឿនការអភិវឌ្ឍន៍ប្រព័ន្ធស្ទាក់ចាប់គ្រាប់រ៉ុក្កែតផងដែរ។ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ «យើងនឹងពង្រឹងសមត្ថភាពវាយ បករបស់យើង ដើម្បីអាចបំផ្លាញទីតាំងសំខាន់ៗ នៅគ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេសកូរ៉េខាងជើង ប្រសិនបើករណីមានការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ ឬការប្រើប្រាស់អាវុធប្រល័យលោកជាដើម»។

ជារួម ក្រសួងនឹងចំណាយថវិកាប្រមាណ ២៦១ ប៊ីលាន ដុល្លារអាមេរិក លើវិស័យការពារជាតិក្នុងរយៈពេល ៦ ឆ្នាំខាងមុខ ជាមួយនឹងការកើនឡើងប្រចាំឆ្នាំគិតជាមធ្យម ប្រមាណ ៦,៨ ភាគរយ។

គួរបញ្ជាក់ថា ថវិកាចំណាយ ទៅលើក្រសួងការពារជាតិ ឆ្នាំ២០២២ នេះមានចំនួនត្រឹមតែប្រមាណ ៤៣ ប៊ីលានដុល្លារអាមេរិកប៉ុណ្ណោះ។ គេក៏មិនភ្លេចដែរថា រាល់ការចំណាយលើវិស័យការពារជាតិត្រូវទទួលបានការអនុម័តដោយសភាជាមុនសិន៕
ដោយ៖ធា សុខណា
ប្រភពព័ត៌មាន៖
https://www.channelnewsasia.com/asia/south-korea-respond-drones-incursions-military-north-korea-nuclear-3171251

ads banner