ផលិតផលគ្រឿងសម្អាងឈ្មោះ Hiruscar ត្រូវបានហាមឃាត់ ការចែកចាយ ឬលក់ ដោយគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល នៃកម្ពុជា

អត្ថបទដោយ៖
ជឹម ភារ៉ា

ភ្នំពេញ ៖ ក្រសួង សុខាភិបាល កម្ពុជា បានចេញសេចក្តី ជូន ព័ត៌មាន ស្តីពីការ ហាមឃាត់ ការចែកចាយ ឬលក់ផលិតផលគ្រឿងសម្អាងឈ្មោះ Hiruscar ដែលគ្មានលេខប្រវេទន៍ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលកម្ពុជា ។

ក្រសួងសុខាភិបាលពិនិត្យឃើញមាន ការចែកចាយ និងលក់ផលិតផលគ្រឿងសម្អាង Hiruscar” Gel គ្មានលេខប្រវេទន៍ ពីក្រសួងសុខាភិបាលដែលស្រដៀងនឹងផលិតផលគ្រឿងសម្អាងឈ្មោះ Hiruscar® Gel មានលេខប្រវេទន៍ CAM06822CN-21 ដែលចែកចាយដោយក្រុមហ៊ុន DKSH (Cambodia) Ltd។

ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវទិញ និងប្រើប្រាស់ផលិតផល គ្រឿងសម្អាងដែលគ្មានលេខប្រវេទន៍ខាងលើ ជាបន្តទៀត ព្រោះផលិតផលគ្រឿងសម្អាងនេះមិនអាចធានាបាននូវ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពបានឡើយ ហើយអាចជាផលិតផលគ្រឿងសម្អាងក្លែងក្លាយ ដែលបណ្តាលឱ្យប៉ះពាល់ដល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។

ក្រសួងសុខាភិបាលតម្រូវឱ្យបុគ្គលដែលចែកចាយ ឬលក់ផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ រួមទាំងជន ពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ផលិតផលគ្រឿងសម្អាងខាងលើនេះជាបន្ទាន់។ ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះជនណាចែកចាយ ឬលក់ផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ និងជន ពាក់ព័ន្ធដទៃទៀតទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងឱសថជាធរមាន ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner