ឆ្នាំ២០២២ ជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះមានការថយចុះ ខណៈក្រុងនិងស្រុកចំនួនពីរនឹងប្រកាសអស់មីន

ភ្នំពេញ៖ អាជ្ញាធរមីនកម្ពុជាបានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២២នេះ ជនរងគ្រោះដោយសារយុទ្ធភណ្ឌ គ្រឿងផ្ទុះ និងសំណល់ជាតិផ្ទុះពីសង្គ្រាម (ស.ផ.ស.) មាន ចំនួន ៤១នាក់ ។តួលេខនេះមានការថយចុះ ៧ភាគរយ បើ ប្រៀបធៀបជាមួយនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែល មានជនរងគ្រោះចំនួន ៤៤នាក់។

របាយការណ៍អាជ្ញាធរមីនកម្ពុជាបានបន្តថា ក្នុងចំណោម ជន រងគ្រោះចំនួន ៤១នាក់ រួមមាន ជនរងគ្រោះដោយសារមីន ចំនួន១៩នាក់ និងដោយសារស.ផ.ស. ចំនួន២២នាក់។ ក្នុងនោះមានជនរងគ្រោះដល់ជីវិតចំនួន១០នាក់ រងរបួសចំនួន ២៤នាក់ និងពិការអវៈយវៈ ចំនួនប្រាំពីរនាក់។ ជនរងគ្រោះជា បុរស ចំនួន ២៨នាក់, ក្មេងប្រុសអាយុក្រោម១៨ឆ្នាំ ចំនួន ១២នាក់ និងជាស្ត្រី ចំនួន ១នាក់។

របាយការណ៍ដដែលនេះបានបញ្ជាក់ថា ចាប់ពីខែមករា ឆ្នាំ១៩៧៩ ដល់ខែធ្នូ ឆ្នាំ២០២២ មានជនរងគ្រោះដោយ សារយុទ្ធភណ្ឌគ្រឿងផ្ទុះចំនួន ៦៥ ០០៥នាក់ ដែលបាន កត់ត្រាដោយការិយាល័យនៃប្រព័ន្ធព័ត៌មានជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម (CMVIS)។

របាយការណ៍បន្តថា ជនរងគ្រោះដោយសារមីន មានចំនួន ៥១ ១៦៧នាក់(៧៩%) និងសំណល់ជាតិផ្ទុះពីសង្គ្រាម (ស.ផ.ស.) មានចំនួន ១៣ ៨៣៨ នាក់(២១%)។ ក្នុងនោះបានធ្វើឱ្យជនរងគ្រោះស្លាប់ ចំនួន ១៩ ៨១៨ នាក់(៣០%), របួស ៣៦ ១១០ នាក់(៥៦%) និងពិការ អវៈយវៈ ចំនួន ៩ ០៧៧ នាក់ (១៤%)។ជនរងគ្រោះទាំងនោះមាន បុរសចំនួន ៥២ ៦៥០នាក់ (៨១%), ក្មេងប្រុសអាយុក្រោម១៨ឆ្នាំ ចំនួន ៦ ១០៦នាក់ (៩%), ស្ត្រី ចំនួន ៤ ៧៩៣នាក់ (៨%), ក្មេងស្រីអាយុ ក្រោម១៨ឆ្នាំ ចំនួន ១ ៣៩៣នាក់ (២%) និងជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ៦៣នាក់។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន កម្ពុជា បានលើកឡើងឱ្យដឹងថា ក្រុងសៀមរាប និងស្រុក ក្រឡាញ់ ខេត្តសៀមរាប នឹងត្រូវប្រកាសជាក្រុងនិងស្រុកអស់ មីន នៅដើមខែមករា ឆ្នាំ២០២៣ ខាងមុខនេះ បន្ទាប់ពី ប្រតិបត្តិករបានបោសសំអាតមីនរួចរាល់ក្នុងតំបន់ទាំងពីរនេះ។

ឯកឧត្តម លី ធុជ បានឱ្យដឹងថា កាលពីខែសីហា ឆ្នាំ២០២២ អាជ្ញាធរមីន សហការជាមួយអង្គការ HALO Trust បានរៀបចំ ផែនការ និងធ្វើការបោសសម្អាតមីន ដែលនៅសល់នៅក្រុង-ស្រុកចំនួន បួន ក្នុងខេត្តសៀមរាប ស្របតាមយន្តការភូមិអស់ មីន របស់អាជ្ញាធរមីន។

ឯកឧត្តមមានប្រសាសន៍ថា ៖ «ក្រុង-ស្រុកទាំងបួននោះ រួមមាន ក្រុងសៀមរាប ស្រុកក្រឡាញ់ ស្រុកពួក និងស្រុកស្រីស្នំ ហើយគិតត្រឹមខែធ្នូ ឆ្នាំ២០២២ ក្រុងសៀមរាប និងស្រុក ក្រឡាញ់ បានបញ្ចប់រួចរាល់ ក្នុងទំហំផ្ទៃដីប្រមាណជា ៩៥ ហិកតា ស្មើនឹង ១៤ចម្ការមីន និងគ្រោងប្រកាសជាស្រុក-ក្រុងអស់មីន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នៅសាលា ក្រុងសៀមរាប ខេត្តសៀមរាប»។

អនុប្រធានទី១ អាជ្ញាធរមីន រូបនេះ ក៏បានបញ្ជាក់ដែរថា ស្រុកប្រាសាទបាគង ក៏នឹងត្រូវបញ្ចប់ការងារបោសសម្អាត មីនផងដែរ ដោយអង្គភាពស៊ីម៉ាក់ ក្នុងទំហំផ្ទៃដី ៤៨៣ ហិកតា ស្មើនឹង ៦២ ចម្ការមីន ក្រោមគម្រោងសម្តេចតេជោសម្រាប់ សកម្មភាពមីន «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម»។

រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបន្តការយកចិត្តទុកដាក់ដោះស្រាយ បញ្ហាដែលបង្កឡើងដោយសារមីន គ្រាប់បែកចង្កោម និង សំណល់ ជាតិផ្ទុះពីសង្គ្រាម ដោយអនុវត្តឱ្យបានត្រឹមត្រូវតាម គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ ២០១៩-២០២៣ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ២០១៨-២០២៣ និងផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥។

សូមរំឮកផងដែរថា កាលពីថ្ងៃទី១៥ ខែឆ្នូ កន្លងទៅថ្មីៗនេះ ខេត្តត្បូងឃ្មុំដែលជាខេត្តពោរពេញដោយប្រវត្តិសាស្ត្រនៃការចាប់ផ្ដើមរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានប្រកាសជាខេត្តអស់មីនផងដែរ។

ខេត្តត្បូងឃ្មុំ ត្រូវបានបោសសម្អាតមីនចុងក្រោយ ក្រោមការ គាំទ្រពីគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន «ផ្តល់ដី សុវត្ថិភាព បង្កើតស្នាមញញឹម» ក្នុងទំហំផ្ទៃដីសរុបចំនួន ៤,៦៨ គីឡូម៉ែត្រក្រឡា ដោយកងកម្លាំងនៃមជ្ឈមណ្ឌលជាតិ គ្រប់គ្រង កងកម្លំាងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់ សង្រ្គាម ចាប់ពីថ្ងៃទី១៥ ខែកក្ដដា ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២៕
ដោយ៖នាង សុគន្ធា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner