សហព័ន្ធកីឡាកាយសម្ព័ន្ធ ទទួលបានលទ្ធផលល្អ បន្ទាប់ពីប្ដូរយុទ្ធសាស្ដ្រ រៀបចំវគ្គគ្រូ និងបោះជំរំតាមខេត្ត

ភ្នំពេញ៖ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ បន្ទាប់ពីការផ្លាស់ប្ដូរយុទ្ធសាស្ដ្ររៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹក និងបោះជំរំតាមខេត្ត ក្រោមគំនិតផ្ដួចផ្ដើម និងជំរុញរបស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានសហព័ន្ធ។

នេះ បើតាមការបញ្ជាក់របស់លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធ ក្រោយបញ្ចប់រៀបចំវគ្គបណ្ដុះបណ្ដាលបច្ចេកទេស គ្រូជំនាញកម្រិត១ និងបោះជំរំ (Level 1 Class P4 + Training Camp) រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ នៅសាលាបឋមសិក្សាសាលាលេខប្រាំ នៃស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ពិធីបិទមានការចូលរួមពីលោក ស៊ឹម ប្រិម ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង ផងដែរ។

លោក ណយ ផាណា បានវាយតម្លៃខ្ពស់ ចំពោះការបើកវគ្គបណ្ដុះបណ្ដាល ផ្សារភ្ជាប់ការបោះជំរំតាមខេត្ត បានធ្វើឲ្យសិក្ខាកាមកើនទាំងចំណេះដឹង ក៏ដូចជាការចែករំលែកចំណេះដឹង និងផ្លាស់ប្ដូរបទពិសោធន៍ ក្នុងការបង្ហាត់តាមបណ្ដាក្លិបនីមួយៗ។ ជាពិសេស ចំណេញទាំងថវិកា មានទីធ្លាធំទូលាយ និងសម្ភារគ្រប់គ្រាន់ ងាយស្រួលក្នុងការរៀបចំឆ្លងកាត់ការសិក្សាទ្រឹស្ដី និងអនុវត្ត រយៈពេល៥ថ្ងៃ ធ្វើអោយក្ខាកាមមានការយល់ដឹងកាន់តែច្បាស់ ពាក់ព័ន្ធនឹងការផ្លាស់ប្ដូរមួយចំនួនក្នុងច្បាប់ ២០២១-២០២៤ របស់សហព័ន្ធកីឡាកាយសម្ព័ន្ធអន្ដរជាតិ។

លោកអគ្គលេខាធិការសហព័ន្ធ បន្ដថា យោងតាមផែនការ និងអនុសាសន៍ ដាក់ចេញដោយឯកឧត្តមបណ្ឌិត ថោង ខុន គឺយើងមិនត្រូវយកបញ្ហាជាឧបសគ្គទេ យើងយកបញ្ហាជាដំណោះស្រាយ យកបញ្ហាជាឆន្ទៈ និងបញ្ហាប្រែក្លាយទៅជាកម្លាំង។ លោក បន្តថា វគ្គបណ្ដុះបណ្ដាល ផ្សារភ្ជាប់ការបោះជំរំ «យើងពិនិត្យឃើញថា ពួកគាត់មានការប្រែប្រួល និងយល់ដឹងកាន់តែច្រើនជាងមុនទៀត។ ដូចខ្ញុំលើកឡើងដដែលៗថា គ្រូបង្វឹកកីឡា គឺជាក្ដារពុម្ព។ កាលណាក្ដារពុម្ពវៀច វាជាបញ្ហាសម្រាប់អនាគតក្មេង ដែលជាផ្ទាំងសំពត់ស ហើយបើពួកគាត់យល់ច្បាស់ពីច្បាប់ និងបច្ចេកទេស នោះគឺជាលទ្ធផលដ៏ល្អសម្រាប់អនាគតកីឡាករ-កីឡាការិនីបន្ដវេន»។

សម្រាប់លទ្ធផល នៃវគ្គបណ្ដុះបណ្ដាលបច្ចេកទេសគ្រូជំនាញកម្រិត១ និងបោះជំរំនេះដែរ ក្នុងចំណោមសិក្ខាកាម ២២នាក់ គឺមានសិក្ខាកាម ១០រូប ទទួលបានិទ្ទេសល្អ ឬស្មើនឹង ៤៥,៤៥% ខណៈនិទ្ទេសល្អបង្គួរមាន ៨នាក់ ឬស្មើនឹង ៣៧,៣៦% និងនិទ្ទេសមធ្យមចំនួន ៤នាក់ ស្មើនឹង ១៨,១៨%។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួម ២២នាក់ មកពី ៥រាជធានី-ខេត្ត និងក្រសួង១ មានរាជធានីភ្នំពេញ, ខេត្តកំពង់ឆ្នាំង, ខេត្តក្រចេះ, ខេត្តកំពង់ចាម និងក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ ។ កម្មវិធីប្រចាំឆ្នាំនេះ រៀបចំឡើង ដើម្បីពង្រឹងគុណភាពបច្ចេកទេស ជូនដល់គ្រូបង្វឹកកម្រិត១ នៃកីឡាកាយសម្ព័ន្ធ ឲ្យមានការយល់ដឹងកាន់តែប្រសើរ និងត្រៀមលក្ខណៈឲ្យបានល្អ សម្រាប់ចំណេះជំនាញមួយនេះ ដើម្បីត្រៀមឆ្ពោះទៅរកភាពជោគជ័យ នៅស៊ីហ្គេម ឆ្នាំ២០២៣៕ ចាន់ វិចិត្រ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner